ដោយ មាន ឫទ្ធិ
2018-05-16
RFA

អ្នកមានជម្លោះដីធ្លីក្នុងសហគមន៍បឹកកក់ ដាក់ញត្តិសុំអន្តរាគមន៍ដើម្បីឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី នៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។ Photo: RFA
![]()
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចោទប្រកាន់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថាកំពុងតែរំលោភដែនសមត្ថកិច្ច និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលដែលការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា OHCHR កាលពីថ្ងៃទី១១ ឧសភា បានសម្ដែងការខកចិត្តទៅនឹងប្រព័ន្ធតុលាការរបបលោក ហ៊ុន សែន ជុំវិញការបន្តដាក់ពន្ធនាគារ សមាជិក និងក្រុមអ្នកគាំទ្របក្សប្រឆាំងចំនួន១១នាក់ ពាក់ព័ន្ធនឹងសំណុំរឿងដឹកនាំចលនាកុប្បកម្ម និងករណីហិង្សាក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ទទូចដល់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិនេះ ដោយប្រើភាសាធ្ងន់ៗ ថាត្រូវគោរពឲ្យបានយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន នូវបទដ្ឋានសាកល ការប្រតិបត្តិផ្សេងៗ និងពិសេសកិច្ចសន្យា ដែលខ្លួនមានជាមួយរបបនេះ ប្រសិនបើមិនចង់ទទួលរងនូវការបន្ទាបតម្លៃប្រព័ន្ធរបស់អង្គការសហប្រជាជាតិទាំងមូល។
អ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) កាលពីថ្ងៃទី១១ ឧសភា បានថ្លែងក្នុងកំណត់សង្ខេបស្ដីពីកម្ពុជា ថា តាមការឃ្លាំមើលសវនាការជំនុំជម្រះក្តីកន្លងមក ទាំងនៅសាលាដំបូង និង សាលាឧទ្ធរណ៍ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា សង្កេតឃើញនូវភាពខ្វះចន្លោះ ទាក់ទងនឹងការជំនុំជម្រះ ដែលមិនអាចផ្ដល់ភាពយុត្តិធម៌ និងបានជះឥទ្ធិពលមិនល្អ ដល់សេចក្ដីសម្រេចផ្ដន្ទាទោសអ្នកទាំង ១១រូបនោះ។ អ្នកស្រីបន្ថែមថា ក្នុងពេលសវនាការ គ្មានភស្តុតាងណាមួយ ដែលបង្ហាញថា អ្នកទាំង ១១នោះ ជាប់ពាក់ព័ន្ធទៅនឹងអំពើហិង្សា ដូចការចោទប្រកាន់នោះឡើយ ហើយថា ពួកគាត់ជាប់ឃុំជាង ១០០០ថ្ងៃមកនេះ គឺដោយសារតែទស្សនៈនយោបាយ និងការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិប៉ុណ្ណោះ៕