ដោយ មួង ណារ៉េត
2018-05-16
RFA

អតីតបុគ្គលិកអាស៊ីសេរី លោក យាង សុជាមេត្តា ក្នុងពេលចុះបំពេញការងារកាលពីអំឡុងឆ្នាំ២០១៦។ Photo: RFA
បណ្ដាញអង្គការសិទ្ធិមនុស្សអាស៊ី ឬហៅកាត់ថា FORUM-ASIA ថ្កោលទោសការបន្តឃុំខ្លួន អ្នករាយការណ៍ព័ត៌មានអាស៊ីសេរីទាំងពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា។ ការឃុំខ្លួនបន្តនេះ គឺលើសពី ៦ខែហើយ។
អង្គការសិទ្ធិមនុស្ស FORUM-ASIA ដែលមានសមាជិក ៥៨អង្គការ មកពីប្រទេស ១៩នៅអាស៊ី និងមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៥ ខែ ឧសភានេះ ទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងពីរ និងទម្លាក់រាល់បទចោទប្រកាន់ មកលើពួកគាត់។
អង្គការ FORUM-ASIA ចាត់ទុកការចោទប្រកាន់ មកលើលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ថាជារឿងប្រឌិត និងរំលោភបំពានសិទ្ធិរបស់អ្នកទាំងពីរយ៉ាងដំណំ។ មិនតែប៉ុណ្ណោះ ការមិនព្រមដោះលែងអ្នកទាំងពីរ ហើយបន្ថែមបទចោទថ្មី គឺជាបង្ហាញឲ្យឃើញថា របបលោក ហ៊ុន សែន រំលោភបំពាន មិនត្រឹមតែច្បាប់ជាតិទេ គឺរំលោភអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ថែមទៀតផង។
ប្រសិនបើរបបលោក ហ៊ុន សែន ពិតជាប្ដេជ្ញាដឹកនាំប្រទេសនេះទៅរកការបោះឆ្នោតមួយ ដែលមានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌មែននោះ របបនេះត្រូវតែដោះលែងអ្នកទាំងពីរភ្លាម៕