ដោយ៖ មាន ឫទ្ធិ
2018-05-16
RFA

ក្របមុខនៃរបាយការណ៍វាយតម្លៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសម្បូរណ៍ ខេត្តក្រចេះ។ Photo printscreen
![]()
របាយការណ៍ស្ថាពរស្តីពីការវាយតម្លៃផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសម្បូរណ៍ ក្នុងខេត្តក្រចេះ ព្រមានធ្ងន់ៗថា ការអនុម័តសាងសង់ទំនប់វារីអគ្គិសនីសម្បូហ៍នៅលើផ្ទៃអាងទន្លេមេគង្គ នឹងមានន័យស្មើនឹង «ការសម្លាប់ជីវិត» ទន្លេមេគង្គ។
របាយការណ៍ដែលសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានមរតកធនធានធម្មជាតិ Natural Heritage Institute មានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក ក្រោមការឧបត្ថម្ភថវិកាពីរបបលោក ហ៊ុន សែន ដែលត្រូវបានផ្អឹបទុកជាសម្ងាត់ដោយរបបលោក ហ៊ុន សែន ក្រោយសិក្សារួចកាលពីចុងឆ្នាំ២០១៧ ហើយត្រូវបានបែកធ្លាយ និងយកមកផ្សព្វផ្សាយដោយកាសែតអង់គ្លេស The Guardian នៅថ្ងៃទី១៦ ឧសភានេះ បានលើកឡើងពីកង្វល់នានាដែលថា គម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅស្រុកសម្បូរណ៍ ខេត្តក្រចេះ គឺជាការជ្រើសរើសទីតាំងដ៏អាក្រក់បំផុតមួយ សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីនេះ។
របកគំហើញសំខាន់ដែលរបាយការណ៍នេះរកឃើញ រួមមាន ផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានត្រី ដោយសារតែទំនប់វារីអគ្គិសនីនេះ នឹងធ្វើការរាំងខ្ទប់បម្លាស់ទីត្រីពីទន្លេសាប ដែលជាដៃទន្លេមេគង្គ ឆ្ពោះទៅទន្លេមេគង្គ និងតំបន់ផ្នែកខាងលើនៃទន្លេនេះ។
កាសែតដដែលនេះ ក៏បានស្រង់ប្រសាសន៍លោក ម៉ាក ហ្គ័រចូត (Marc Goichot) អ្នកជំនាញការផ្នែកធនធានទឹក របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ឬ WWF ដែលលោកមានប្រសាសន៍ថា ការសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងអភិរក្សសត្វផ្សោត ធនធានត្រី ជីវភាពរស់នៅ និងអាហារូបត្ថម្ភរបស់សហគមន៍ជនបទ ព្រមទាំងការធ្លាក់ចុះអត្រាផ្ទៃរងទឹកភ្លៀង នៃតំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។
ប្រសិនបើអនុម័ត ទំនប់វារីអគ្គិសនីនេះ នឹងតម្រូវឲ្យមាននូវការសាងសង់ទំនប់ប៉េតុង ប្រវែង ៣៣ គីឡូម៉ែត្រ កាត់ទទឹងផ្ទៃទន្លេមេគង្គ ត្រង់តំបន់មួយនៅស្រុកសម្បូរណ៍ ខេត្តក្រចេះ និងមានផ្ទៃបាតអាងទំហំដល់ទៅ ៨២ គីឡូម៉ែត្រ។
របាយការណ៍ស្រាវជ្រាវនេះ ផ្ដល់ជាអនុសាសន៍ថា ជំនួសឲ្យការសាងសង់ទំនប់វារីអគ្គិសនីនេះ ការដំឡើងប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ នៅលើទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានស្រាប់ នឹងជួយបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនី ទ្វេដង គឺរហូតដល់ជាង ៨០០ ម៉េហ្កាវ៉ាត់។ យោងតាមរបាយការណ៍ដដែលនេះ ថាមពលព្រះអាទិត្យ គឺជាជម្រើសតែមួយគត់ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចវិជ្ជមានជារួមដល់ប្រទេសកម្ពុជា។
កាសែត The Guardian របស់អង់គ្លេស ក៏បានស្រង់ប្រសាសន៍រដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពល លោក អ៊ិត ប្រាង ដែលលោកអះអាងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ គឺជាបញ្ហារស៊ើប ហើយថា វាជាការឆាប់រហ័សពេក ក្នុងការផ្សព្វផ្សាយព័ត៌មានណាមួយពាក់ព័ន្ធនឹងគម្រោងនេះ។ លោក អ៊ិត ប្រាង បញ្ជាក់បន្ថែមថា នៅមិនទាន់មានសេចក្តីសម្រេចចិត្តណាមួយ ជុំវិញការអនុម័តគម្រោងនេះនៅឡើយទេ នៅមុនការបោះឆ្នោតជាតិ ខែកក្កដា នេះ។
ប្រសិនបើទទួលបានការអនុម័តពីរបបលោក ហ៊ុន សែន ក្រុមហ៊ុនចិនឈ្មោះ China’s Hydrolancang International Energy Company គឺជាក្រុមហ៊ុនឈានមុខគេសម្រាប់អនុវត្តគម្រោងនេះ៕