គេហទំព័រ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍​ មិន​ត្រូវ​បាន​គេ​ហេក​ទេ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ព័ត៌មាន​ដែល​ថា គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​ហេក​ដោយ​ហេកឃ័រ​វៀតណាម គឺជា​ព័ត៌មាន​មិន​ពិត​។ ក្រុម​ការងារ​បច្ចេកទេស របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ធ្វើ​តេស្ត​ទូទាំង​ប្រព័ន្ធ​របស់​ខ្លួន បន្ទាប់ពី​បាន​អាន​របាយការណ៍​នៅ​លើ​គេហទំព័រ ABC កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ពិនិត្យ​ថា​តើ​ករណី​នេះ​ពិត​ឬ​អត់​?​។

របាយការណ៍​របស់ ABC បាន​ស្រង់​សម្តី​លោកស្រី Naly Pilorge នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ថា​៖ «​ចាប់​តាំងពី​ថ្ងៃ​អង្គារ​ (​ថ្ងៃទី​ ៨ ខែ​ឧសភា​) កុំព្យូទ័រ​នៅ​ក្នុង​ការិយាល័យ​របស់​យើង​ត្រូវ​បាន​តម្រង់​ទិសដៅ​ដោយ​កូដ​មួយ នៅពេល​យើង​ចូល​ទៅ​គេហទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​»​។ «​យើង​បាន​ចាត់​វិធានការ​ការពារ​ដើម្បី​កម្ចាត់​ការតម្រង់​ទិសដៅ​វាយប្រហារ​នេះ​»​។

របាយការណ៍​នោះ​និយាយ​ទៀត​ថា​បុគ្គលិក​អង្គការ​លីកាដូ​ដែល​ចូល​ទៅ​គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​បង្វែរ​ទិសដៅ​ទៅ​ទំព័រ Google ក្លែងក្លាយ​អំពី​ភាព​ឯកជន ហើយ​បន្ទាប់​មក​ទំព័រ​មួយ​ដែល​មាន​ឈ្មោះ​ថា GTransfer ដែល​សុំ​ការអនុញ្ញាត​ឲ្យ​ «​អាន ផ្ញើ លុប និង​រៀបចំ​អ៊ីមែល​របស់​អ្នក​» និង​ «​មើល​ការទំនាក់ទំនង​របស់​អ្នក​»​។

បុគ្គលិក​របស់​អង្គការ​លីកាដូ​បាន​បដិសេធ​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ពេល​ទាក់ទង​ដើម្បី​ផ្ទៀងផ្ទាត់​បញ្ហា​នេះ​។

ទោះ​យ៉ាង​ណា​ការធ្វើ​តេស្ត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​បច្ចេកទេស​ដែល​រួមមាន​ទាំង​ការ​វាយតម្លៃ​គេហទំព័រ​របស់​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍ ពី​បរទេស​មិន​បាន​រកឃើញ​ការវាយប្រហារ​អ្វី​ទាំងអស់​។

លោក សេង ណាក់ អ្នក​គ្រប់គ្រង​ផ្នែក IT របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ថ្លែង​ថា​៖ «​ព័ត៌មាន​នេះ​មិន​ពិត​។ យើង​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រព័ន្ធ​ទាំង​មូល​របស់​យើង​មិន​មាន​អ្វី​ខុស​ទេ​។ យើង​មិន​ត្រូវ​បាន​គេ​ហេក​ទេ​»​។

លោក​បន្ត​ថា​៖ «​ដោយសារ​ពួកគេ​ (​លីកាដូ​) មិន​ចង់​ផ្តល់​ព័ត៌មាន​ណា​មួយ​ដល់​អ្នក​យកព័ត៌មាន​របស់​យើង​ខ្ញុំ​អាច​ទាយ​ថា​វា​ជា​ប្រព័ន្ធ​របស់​អង្គការ​នោះ​ទេ ដែល​ត្រូវ​បាន​គេ​ហេក មិនមែន​ប្រព័ន្ធ​របស់​យើង​ទេ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ប្រើប្រាស់​របស់​ខ្លួន​កំពុង​ត្រូវ​បាន​បង្វែរ​ទិសដៅ​ទៅ​កន្លែង​ផ្សេង​»​។ «​អង្គការ​លីកាដូ ចេះ​តែ​ចង្អុល​មក​កាសែត​ភ្នំពេញ-ប៉ុស្តិ៍ ដោយ​មិន​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​បញ្ហា​នេះ​ជា​មុន​»​។

របាយការណ៍​របស់ ABC បាន​ស្រង់​សម្តី​របស់​ក្រុមហ៊ុន​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​ថា ក្រុម​ហេក​នេះ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​វៀតណាម​បាន​ប្រើ​គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​វាយប្រហារ​អង្គការ​លីកាដូ​៕ PS

What Next?

Recent Articles