
លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ។ ស្រេង ម៉េងស្រ៊ុន
Thu, 17 May 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលស្គាល់គណបក្សនយោបាយចំនួន ៥ ហើយក្នុងចំណោមគណបក្សនយោបាយចំនួន ២០ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការប្រកួតប្រជែង និងរំពឹងថា គណបក្សនយោបាយទាំងអស់អាចនឹងចូលរួមការបោះឆ្នោតសកលនៅខែកក្កដាខាងមុខ។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថាគិតត្រឹមថ្ងៃទី ១៥ ខែឧសភាមានគណបក្សចំនួន ៥ ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ការចុះបញ្ជីជាផ្លូវការ ខណៈស្ថាប័ននេះកំពុងពិនិត្យលើគណបក្សជាង ១០ ផ្សេងទៀត។ គណបក្សហ៊្វុនស៊ិនប៉ិច គឺជាគណបក្សទី ៥ ដែលស្ថាប័ន គ.ជ.ប ប្រកាសទទួលស្គាល់បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
លោក សុវណ្ណារុំ ឲ្យដឹងកាលពីយប់ថ្ងៃអង្គារថា៖ «សូមជម្រាបជូនថា នៅថ្ងៃនេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ ចុះបញ្ជីគណបក្សហ៊្វុនស៊ិនប៉ិចដែលឈរនៅ ២៥ មណ្ឌល។ សរុបមាន ៥ គណបក្សហើយជាមួយនឹងគណបក្សយុវជនកម្ពុជាឈរនៅ ១៧ មណ្ឌល គណបក្សប្រជាជនកម្ពុជាឈរនៅ ២៥ មណ្ឌល គណបក្សសញ្ជាតិកម្ពុជា ឈរនៅ ២៥ មណ្ឌល និងគណបក្សខ្មែររួបរួមជាតិ ដែលឈរនៅ ២៥ មណ្ឌល»។
បើទោះបីជា គ.ជ.ប កំពុងពិនិត្យការចុះបញ្ជីគណបក្សនយោបាយចំនួន ១៥ ផ្សេងទៀតក៏ដោយ ក៏លោក សុវណ្ណរុំ កាលពីម្សិលមិញមានសុទិដ្ឋិនិយមចំពោះគណបក្សទាំងនោះថានឹងអាចចូលរួមក្នុងការបោះឆ្នោតដោយ គ.ជ.ប គ្មានហេតុផលដើម្បីបដិសេធសំណើរបស់ពួកគេនោះទេ។ «មានអ្វីនឹងអាថ៌កំបាំងប្អូនឯងគិតមើលនីតិវិធីគឺការចុះឈ្មោះគណបក្ស និងបេក្ខជនឈរឈ្មោះជ្រើសតាំងតំណាងរាស្ត្រនេះឯកសារយើងមាន ១០ ឲ្យគណបក្សនយោបាយគាត់ដាក់មកបើឯកសារទាំង ១០ គាត់បំពេញបែបបទត្រឹមត្រូវហើយមានហេតុផលអីដែល គ.ជ.ប បដិសេធ»។
លោកបន្តថា៖ «ក្រោយ គ.ជ.ប ពិនិត្យ ហើយឃើញមានឯកសារគាត់ខ្វះខាត ឬមានកំហុស យើងស្នើឲ្យគាត់កែតម្រូវគាត់ដាក់ឯកសារបង្គ្រប់មានអីគាត់ឆ្លើយតបទៅ…បើគាត់ឆ្លើយតបបានហើយមានហេតុផលអីដែល គ.ជ.ប បដិសេធនោះ»។ ទោះយ៉ាងណាលោក សុវណ្ណារុំ ថា គ.ជ.ប នឹងពិនិត្យឲ្យបានល្អិតល្អន់ស្របតាមនីតិវិធី ស្របតាមច្បាប់ ស្របតាមលក្ខខណ្ឌដែលតម្រូវ និងមិនចង់ធ្វើបុរេវិនិច្ឆ័យ ជាមុននោះទេ។
លោក យឿង សុធារ៉ា អ្នកជំនាញការបោះឆ្នោតថ្លែងថាជារួមលោកឲ្យតម្លៃទៅលើការចូលរួមច្រើនរបស់គណបក្សនយោបាយក្នុងការប្រកួតប្រជែង។ ប៉ុន្តែទោះយ៉ាងណាលោកថាការចូលរួមច្រើនដោយមិនមានគុណភាព ក៏មិនអាចចាត់ទុកថាមានប្រជាធិបតេយ្យដែរ។
លោកថ្លែងថា៖ «ការចូលរួមច្រើន ដែលអត់មានគុណភាពក៏អត់ប្រាកដថាវាមានប្រជាធិបតេយ្យ ក៏មិនបញ្ជាក់ថា ជាការបោះឆ្នោតមួយឆ្លុះបញ្ចាំងអំពីអត្ថន័យពិតប្រាកដនៃប្រជាធិបតេយ្យដែរ។ បើសិនជាគ្រប់គណបក្សដែលចូលរួមប្រកួតប្រជែងគាត់មានទស្សនវិស័យច្បាស់លាស់ គាត់មានគោលជំហរច្បាស់លាស់ក្នុងការទៅដណ្ដើមសំឡេងឆ្នោត ដើម្បីបានអំណាច ហើយយកអំណាចនោះមកបម្រើឲ្យម្ចាស់ឆ្នោត…ជាតំណាងពិតប្រាកដគឺជាក្ដីសង្ឃឹមរបស់ពួកគាត់»។
លោកបន្តថា ការវិវឌ្ឍស្ថានការណ៍ថ្មីៗក៏អាចជះឥទ្ធិពលមិនល្អផងដែរសម្រាប់មុខមាត់ក៏ដូចជារូបភាពនៃដំណើរការបោះឆ្នោតនៅកម្ពុជា។ «បើអ្នកនយោបាយគាត់ទៅ គ្រាន់តែបំពេញកិច្ច ឬក៏បង្គ្រប់កិច្ចក្នុងនយោបាយមួយ វាហាក់បីដូចជាយកក្ដីសង្ឃឹមរបស់គាត់យកទៅធ្វើជារឿងលេងបាយឡុកបាយឡអត់ប្រយោជន៍ ប៉ុន្តែខ្ញុំមិនសំដៅដល់គណបក្សដែលចុះឈ្មោះប្រកួតសុទ្ធតែអាក្រក់ទាំងអស់ទេ»៕
Contact author: បែន សុខហ៊ាន