មាន​ការ​បារម្ភ​ពី​ផលប៉ះពាល់​ដល់​កម្មករ​​ បើ​បរិយាកាស​នយោបាយ​មិន​ប្រសើរ

កម្មការិនី​ធ្វើ​ការ​ក្នុង​រោងចក្រ​មួយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ។ រូបថត Sahiba




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សហភាព​សហជីព​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​​សម្ដែង​ក្តីបារម្ភ​ពី​ផលប៉ះពាល់​ដល់​កម្មករ​កាត់ដេរ ប្រសិន​បើ​បរិយាកាស​នយោបាយ​កម្ពុជា​ក្រោយ​ការបោះឆ្នោត​នា​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ​នេះ​មិន​បាន​ប្រសើរ​ដូច​ការ​ចង់​បាន​របស់​អន្តរជាតិ​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​បាន​កត់សម្គាល់​ថា បន្ទាប់ពី​ការចាប់ខ្លួន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការរំលាយ​បក្ស​ប្រឆាំង​នេះ​ចោល​សហគមន៍​អន្តរជាតិ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្វែងរក​ដំណោះស្រាយ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើឲ្យ​ស្ថានការណ៍​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​។

ជាមួយ​គ្នា​នេះ​សហភាព​សហជីព​កម្ពុជា​ក៏​បាន​កត់សម្គាល់​​ផង​ដែរ​ថា មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​មាន​ឱកាស​​ចូលរួម​ការបោះឆ្នោត​ហើយ​ក្រុម​ប្រទេស​ដែល​បាន​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​ទាំង​នោះ​គឺជា​ទីផ្សារ​សំខាន់​សម្រាប់​ការនាំចូល​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​ពី​កម្ពុជា​។

កាលពី​ ២-៣ ​ខែ​មុន​ក្រុមហ៊ុន​បញ្ជា​ទិញ​ VF ​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​ផង​ដែរ​។ សារ​របស់​ VF ​ទៅ​រដ្ឋាភិបាល​កម្ពុជា គឺ​មាន​លក្ខណៈ​ច្បាស់លាស់​ដោយ​បាន​បញ្ជាក់​ថា​កម្ពុជា​ជា​ប្រទេស​ដែល VF បញ្ជា​ទិញ​សំខាន់​មួយ​។

ទោះ​យ៉ាង​ណា VF ថា​៖ «​យើង​មាន​ក្តីបារម្ភ​ចំពោះ​សកម្មភាព​នាពេល​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ហាក់បី​ដូចជា បន្ទុច​បង្អាក់​ភាព​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ការកែលម្អ​សិទ្ធិ​កម្មករ ហើយ​ទំនង​ជា​បង្កើត​បរិយាកាស​មួយ​ដែល​ប៉ះពាល់​ដល់​ការការពារ​សិទ្ធិមនុស្ស​»​។

យ៉ាង​ណា​ក៏ដោយ VF រំពឹង​ថា​អ្នកផ្គត់ផ្គង់​របស់​ខ្លួន​ដោយ​មិន​ខ្វល់​ថា ប្រទេស​ណា​ទេ​នឹង​សហការ​ដោយ​ស្តង់ដារ​ខ្ពស់​ដែល​ធានា​ថា​កម្មករ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ទទួល​បាន​សេរីភាព​នៃ​ការបង្កើត​អង្គការ​វិជ្ជាជីវៈ ការប្រមូលផ្តុំ និង​​ធ្វើ​ការងារ​នៅក្នុង​បរិយាកាស​សុវត្ថិភាព​។ ចំណាត់ការ​ណា​មួយ​ដោយ​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​ណា​មួយ​ដែល​បំផ្លាញ​សមត្ថភាព​របស់​អ្នក​ទិញ​ទៅ​តាម​ស្តង់ដារ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។

ក្រុមហ៊ុន​ VF Corporation ដែល​ជា​ក្រុមហ៊ុន​មេ​នៃ​ម៉ាក​បញ្ជា​ទិញ​ដូចជា ម៉ាក The North Face, JanSport និង Timberland បាន​បញ្ជា​ទិញ​ពី​រោងចក្រ​ជាង​ ២០ ​នៅ​កម្ពុជា​ដោយ​បាន​ចំណាយ​ប្រាក់​ពី​ ៣៥០ ​ទៅ​ ៤០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​តាម​ក្រសួង​ការងារ​។

របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​មាន​រោងចក្រ​ចុះ​បញ្ជី​សរុប​​ចំនួន​ ១៥២២ ក្នុង​ឆ្នាំ​ ២០១៧ កើនឡើង​ ៣៧ ​ភាគរយ​ពី​រយៈពេល​ ៥ ​ឆ្នាំ​មុន​ដែល​កាល​នោះ​មាន​រោងចក្រ​តែ​ ១១០៨​។ រោងចក្រ​នៅ​កម្ពុជា​បាន​បង្កើត​ចំណូល​ចំនួន​ ១០,៧៩ ​ពាន​លាន​កាលពី​ឆ្នាំ​មុន កើនឡើង​ ៧០ ​ភាគរយ​ពី​ឆ្នាំ​ ២០១៣ ​ដែល​​ជាង​ ៧ ​ពាន់​លាន​ដុល្លារ​បាន​មកពី​​ឧស្សាហកម្ម​នាំចេញ​សម្លៀកបំពាក់​។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក George Edgar បាន​ឆ្លើយតប​មក​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា​៖ «​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​មូលដ្ឋាន​គឺ​សំខាន់​ណាស់​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​ជា​មូលដ្ឋាន​ច្បាប់​សម្រាប់​ការអនុគ្រោះ​ពាណិជ្ជកម្ម​របស់​យើង រួម​ទាំង​ការអនុគ្រោះ​ពាណិជ្ជកម្ម​ក្រោម​គម្រោង​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ​ (EBA)»​។

លោក​ថា​កម្ពុជា​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​លទ្ធភាព​អនុគ្រោះ​ទៅ​ទីផ្សារ​អឺរ៉ុប​ក្រោម​គម្រោង «​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ​ (EBA)/​គម្រោង​អនុគ្រោះ​ទូទៅ​ (GSP)​។ EBA​ជា​កត្តា​ជំរុញ​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។

នៅក្នុង​ការសន្និដ្ឋាន​របស់​ខ្លួន​កាលពី​​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ​នេះ​ក្រុមប្រឹក្សា​កិច្ចការបរទេស​របស់​សហភាព​អឺរ៉ុប​បាន​អញ្ជើញ​គណៈកម្មការ​អឺរ៉ុប​បង្កើត​ឲ្យ​មាន​ការ​ចូលរួម​ពី​កម្ពុជា​ទៅ​តាម​បទប្បញ្ញត្តិ​លេខ​ ៩៧៨/២០១២ ​។

គណៈកម្មការ​អឺរ៉ុប​ដោយ​សហការ​ជាមួយ​សេវា​សកម្មភាព​ការបរទេស​របស់​សហភាព​អឺរ៉ុប ​(EEAS) ​កំពុង​តាមដាន​ស្ថានភាព​នៅ​កម្ពុជា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​វាយតម្លៃ​អនុលោមភាព​ទៅ​តាម​អនុសញ្ញា​ស្តីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​និង​បង្កើត​ឲ្យ​មាន​ការ​ចូលរួម​។ ជា​ផ្នែក​នៃ​ការចូលរួម​នេះ វា​ត្រូវ​បាន​រំពឹង​ថា មន្ត្រី​សហភាព​អឺរ៉ុប​ជាន់ខ្ពស់​ពី​គណៈកម្មការ​នេះ និង​ EEAS នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំនេះ ដើម្បី​វាយតម្លៃ​ស្ថានភាព​នៅ​មូលដ្ឋាន​ផ្ទាល់​ និង​ដើម្បី​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​ និង​ផ្នែក​ពាក់ព័ន្ធ​អំពី​ការអភិវឌ្ឍ​ថ្មីៗ​បំផុត​។ ទស្សនកិច្ច​បែប​នេះ​គឺជា​នីតិវិធី​ស្តង់ដារ​ក្រោម​ដំណើរការ​តាមដាន​ EBA/GSP ​របស់​សហភាព​អឺរ៉ុប​។

សមាជិកសភា​អឺរ៉ុប​បាន​និយាយ​នៅ​ដើម​ខែ​នេះ​ថា​៖ «​នឹង​មាន​បេសកកម្ម​ស្វែងរក​ការពិត​អំពី​ការអនុគ្រោះ​ពាណិជ្ជកម្ម​នៅ​ខែ​មិថុនា ប៉ុន្តែ​សេចក្តី​លម្អិត​​មិន​ទាន់​ប្រកាស​នៅ​ឡើយ​ទេ​»​។

បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​កាលពី​ឆ្នាំ​ ២០១៦ វិស័យ​កាត់ដេរ​សម្លៀកបំពាក់​វាយនភ័ណ្ឌ​ស្បែកជើង​នៅ​កម្ពុជា​បាន​នាំ​ចេញ​ប្រហែល​ ៤៥​ ភាគរយ​ទៅ​អឺរ៉ុប ២៥ ​ភាគរយ​ទៅ​អាមេរិក ១០ ​ភាគរយ​ទៅ​ជប៉ុន និង​ ២០ ​ភាគរយ​ពី​ប្រទេស​ដទៃៗ​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ថ្លែង​ថា​៖ «​យើង​បារម្ភ​ថា បន្ទាប់ពី​ការបោះឆ្នោត កម្មករ​អាច​ប្រឈម​នឹង​ការបាត់បង់​ការងារ ដោយសារ​​ការបោះឆ្នោត​ខាង​មុខ​មិន​មាន​លក្ខណៈ​សេរី យុត្តិធម៌ និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​។ ខណៈ​ប្រទេស​ជាច្រើន​បាន​ជួប​ជាមួយ​រដ្ឋាភិបាល​ដោយ​បាន​លើក​ពី​ក្តីបារម្ភ​របស់​ពួកគេ​អំពី​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ប្រទេស​ទាំង​នោះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដូចជា អាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន​បាន​ប្រាប់​ក្នុង​លក្ខណៈ​ពាក្យ​ពិធីសារ ថា​ពួកគេ​ចង់​ឃើញ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ និង​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ពួកគេ​បាន​ស្នើសុំ​រដ្ឋាភិបាល​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​កម្មករ និង​កែលម្អ​​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ ព្រមទាំង​ក្តីបារម្ភ​អំពី​ច្បាប់​ដែល​រឹតបន្តឹង​សេរីភាព​សមាគម​។ ម្យ៉ាងវិញ​ទៀត កម្មករ​បាន​រង​ការរំលោភ​បំពាន​រួចហើយ ខណៈ​សំឡេង​ពួកគេ​ត្រូវ​បាន​រំលាយ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កម្មករ​ជាច្រើន​បាន​បោះឆ្នោត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​»​។

ជា​ការ​ឆ្លើយតប​នឹង​ក្តីបារម្ភ​របស់​លោក រ៉ុង ឈុន លោក សោម អូន ដែល​ជា​ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​ដំណើរការ​បោះឆ្នោត​នាពេល​ខាង​មុខ​មាន​លក្ខណៈ​​សេរី និង​យុត្តិធម៌ វា​គ្មាន​បញ្ហា​ដែល​បរទេស​បារម្ភ​ទេ ដោយសារ​ការបោះឆ្នោត​កម្ពុជា​មិន​បាន​ប៉ះពាល់​ដល់​ប្រទេស​ដទៃ​។ កម្ពុជា​មិន​មាន​ច្បាប់​ដែល​ចែង​ថា​ប៉ុន្មាន​ភាគរយ​ដែល​លទ្ធផល​គួរ​ទទួលស្គាល់​ឬ​អ្នក​បោះឆ្នោត​ចំនួន​ប៉ុន្មាន​គួរ​មាន ដូច្នេះ​អ្នក​បោះឆ្នោត​មាន​ជម្រើស​ដោយ​មិន​មាន​ការគំរាមកំហែង​»​។

លោក​បាន​បន្ត​ថា​៖ «​ពាក់ព័ន្ធ​នឹង EBA ឬ GSP វា​មិន​ពាក់ព័ន្ធ​ថា តើ​នរណា​ជាប់​ពន្ធនាគារ​នោះ​ទេ វា​គឺ​អំពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ ការព្រមព្រៀង​រវាង​ប្រទេស​ទាំងនេះ​ជាមួយ​ប្រទេស​កម្ពុជា និង​លក្ខណវិនិច្ឆ័យ​ដែល​បាន​ចែង​»៕ PS


Contact author: យន់ ស៊ីនាត

What Next?

Recent Articles