ពលរដ្ឋ៧គ្រួសារ​ជម្រុញតុលាការខេត្ដសៀមរាប​ឲ្យ​ពន្លឿនដំណោះ​ស្រាយ​ជម្លោះដីធ្លី

| |
https://vodhotnews.com

រូបភាព៖ ពលរដ្ឋឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប


ប្រជាពលរដ្ឋ ៧គ្រួសារ មក​ពី​ស្រុកប្រាសាទបាគង ខេត្ដសៀមរាប​ បាន​ស្នើទៅ​​តុលាការខេត្ដនេះ ឲ្យ​ពន្លឿនដំណោះ​ស្រាយ​ជម្លោះដីធ្លី​ជូនពួកគាត់ ដោយថា ឈ្មួញដីធ្លីម្នាក់នៅខេត្ដនេះ បាន​រំលោភ​យក​ដី​ពួកគាត់​។

តំណាងពលរដ្ឋនៅឃុំកណ្ដែក ស្រុកប្រាសាទបាគង លោក នឹម ណារិទ្ធ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ពលរដ្ឋ​ទាំង ៧​គ្រួសារ​នៅ​ភូមិ​ជ្រៃ បាន​កាន់​កាប់​ដី​ទំហំ ២​ហិកតា​ជាមួយ​ឯកសារ​ត្រឹម​ត្រូវ​តាម​ច្បាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ម៉្លេះ​ ប៉ុន្តែ លោក​ថា ឈ្មួញ​ដី​ធ្លី លោកស្រី លី អ៊ុំអេង បាន​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​លើ​ដី​របស់​ពួកគាត់​កាល​ពី​ឆ្នាំ​២០១៥។

លោកបន្ដថា នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ តុ​លាការខេត្ដសៀមរាប បានចេញសាលដីកាសម្រេចឲ្យក្រុមមន្រ្ដីសុរិយោដីចុះកំណត់ព្រំប្រ​ទល់និងទំហ៊ំដីពិតប្រាកដ ប៉ុន្ដែ លោកស្រី លី អ៊ុំអេង មិនមានវត្ដមាននៅ​ជាមួយពលរដ្ឋឡើយ។ តំណា​ង​​ពលរដ្ឋរូបនេះ បានស្នើ​សុំឲ្យតុលាការ ជួយពន្លឿន​ដោះស្រាយជម្លោះនេះ ជូន​ពួកគាត់ឲ្យបានឆាប់។

ប៉ុន្តែ លោកស្រី លី អ៊ុំអេង បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ក្រុម​ពលរដ្ឋ ដោយ​អះ​អាង​ថា លោក​ស្រី​បាន​កាន់​កាប់​ដី​ទំហំ ៥​ហិកតា​ ជាមួយ​ឯកសារ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ម៉្លេះ និង​បាន​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​កាល​ពី​ឆ្នាំ​២០១៤។

ទោះជាយ៉ាងណា អនុ​ប្រធាន​ភូមិ​ជ្រៃ លោក ហុង គង់ ដែល​អះ​អាង​ថា ធ្លាប់​បាន​ចុះ​វាស់​វែង​ដី​ធ្លី​ជូន​ពលរដ្ឋ​ទាំង ៧​គ្រួសារ​នោះ បាន​ប្រាប់​ថា ពលរដ្ឋ​ទាំង ៧​គ្រួសារ​នោះ ពិត​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ទំហំ ២​ហិកតា​នោះមែន។

វីអូឌី មិនអាចទាក់ទងលោក អ៊ុំ ចាន់ថុល អនុប្រធានសាលាដំបូងខេត្ដសៀមរាប ដែលកាន់សំណុំរឿងនេះបាននៅឡើយទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។

ប៉ុន្ដែ ដីការបស់សាលាដំបូងខេត្ដសៀមរាប បានសម្រេចឲ្យមន្ដ្រី​សុរិយោដី ចុះ​វាស់វែង និងកំណត់ព្រំប្រទល់តាមភាពជាក់ស្ដែងដើម្បីបញ្ជូនឯកសារទៅតុលាការ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles