
លោក កៅ សំអុល ដែលត្រូវបានផ្អាកការងារ។ រូបថត ហ្វេសប៊ុក
Wed, 23 May 2018
សុទ្ធ គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ទោលោក កៅ សំអុល ត្រូវបានលោកស្នងការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ សម្រេចផ្អាកការងារបណ្ដោះអាសន្ន បន្ទាប់ពីគាត់បានប្រើហិង្សាទះកំផ្លៀងស្ត្រីជាគ្រូពេទ្យម្នាក់ដែលជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងបញ្ច្រាស់ទិសជាទង្វើដែលធ្វើឱ្យប៉ះពាល់កិត្តិយសនគរបាលជាតិ។
ការប្រើហិង្សានេះបានកើតឡើងនៅផ្លូវលេខ ២៩៨ កែងផ្សារអូឡាំពិកក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមនរាជធានីភ្នំពេញ និងមានគេថតវីដេអូបង្ហោះលើ Facebook រិះគន់យ៉ាងខ្លាំងរហូតដល់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យចាត់វិធានការលើមន្ត្រីដៃដល់រូបនេះ។
តាមលិខិតចុះហត្ថលេខាលោក ជួន សុវណ្ណ កាលពីម្សិលមិញបានបង្គាប់ឱ្យផ្អាកការងារជាបណ្ដោះអាសន្នចំពោះលោកអនុសេនីយ៍ទោ កៅ សំអុល អត្តលេខ ២៧៧០២ ឋានៈមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី ១ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំការមនដោយមូលហេតុបញ្ចេញអាកប្បកិរិយា ពាក្យសម្តីគ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឲ្យបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។
លិខិតនោះក៏បានតម្រូវឱ្យសាមីខ្លួនបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មីផងដែរ។
ក្រៅពីនោះលោក ជួន សុវណ្ណ បានឱ្យការិយាល័យគណនេយ្យត្រូវបង្វែរប្រាក់បៀវត្សរ៍មកជាសាច់ប្រាក់បើកឲ្យសាមីខ្លួនរៀងរាល់ខែ បន្ទាប់ពីមានចំណារឯកភាពរបស់លោកចាប់ពីមានលិខិតបង្គាប់ការរហូតដល់មានការសម្រេចជាថ្មី។
អ្នកស្រី ឌី លីណា ជនរងគ្រោះដោយការទះកំផ្លៀងបានប្រាប់បណ្ដាញសង្គមថានៅថ្ងៃទី ២១ ខែឧសភាអ្នកស្រីបានជិះម៉ូតូទៅទិញទំនិញធ្វើពិធីបុណ្យនៅផ្សារអូឡាំពិកហើយអ្នកស្រីបានទិញអីវ៉ាន់ខាងក្រៅផ្សារបានបន្តិចបន្តួច និងយកម៉ូតូទៅផ្ញើដើម្បីចូលទិញក្នុងផ្សារបន្ថែម ប៉ុន្ដែពេលដល់ចំណុចកើតហេតុក៏មានមន្ត្រីប៉ូលិស ២ នាក់ចូលមកឃាត់ម៉ូតូអ្នកស្រី ព្រោះអ្នកស្រីមិនបានពាក់មួកសុវត្ថិភាព និងជិះបញ្ច្រាស់ចម្ងាយផ្លូវប្រហែលជាង ១០ ម៉ែត្រ។
អ្នកស្រីថាពេលប៉ូលិសឃាត់ក៏ជាន់ហ្វ្រាំងម៉ូតូ ត្រែហ្វាំងមិនសូវស៊ី ម៉ូតូក៏ទៅមុខតិចៗក៏ប៉ះជើងប៉ូលិស ហើយគាត់ក៏ជេរអ្នកស្រីថា «មីចុយម្រ៉ាយ»។ «ក្រោយមកខ្ញុំបានសួរទៅកាន់មន្ត្រីវិញថា ហេតុអ្វីចាំបាច់ជេរខ្ញុំបែបនេះ? បើខ្ញុំខុសឆ្គង ខ្ញុំសូមទោសហើយពិន័យខ្ញុំតាមច្បាប់ទៅ ហើយក៏មានការជជែកគ្នាខ្លាំងៗ ហើយខ្ញុំក៏បានដកទូរស័ព្ទពីកាបូបបម្រុងខលទៅប្រាប់បងប្អូន ហើយមន្ត្រីនោះគិតថា ខ្ញុំលួចថតរូបក៏ដណ្ដើមទូរស័ព្ទពីខ្ញុំ ហើយពេលដណ្ដើមគ្នាក៏បានធ្លាក់ទូរស័ព្ទរបស់មន្ត្រីនោះហើយមន្ត្រីនោះរើសទូរស័ព្ទពីដី ហើយហក់មកទះកំផ្លៀងខ្ញុំមួយដៃស្ទើរធ្លាក់ពីម៉ូតូ»។
អ្នកស្រីបញ្ជាក់ថាបន្ទាប់ពីត្រូវមួយកំផ្លៀង អ្នកស្រីបានខលហៅបងប្អូន និងស្វែងរកសាក្សីក្បែរៗនោះ ប៉ុន្ដែអ្នកឃើញហេតុការណ៍នេះមិនហ៊ានចេញមុខធ្វើសាក្សីឲ្យអ្នកស្រីទេ។
អ្នកស្រីបញ្ជាក់ថា៖ «ពេលទះកំផ្លៀងខ្ញុំហើយ ប៉ូលិសហៅខ្ញុំទៅប៉ុស្ដិ៍ ហើយខ្ញុំគិតថា ខ្ញុំគ្មានភ័ស្ដុតាង គ្មានសាក្សីគ្រប់គ្រាន់បែបនេះមិនដឹងជាប្ដឹងមន្ត្រីហ្នឹងយ៉ាងណាទេហើយខ្ញុំបានបន់ស្រន់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឲ្យជួយ។ បន្ទាប់មកទើបបានមានលេចវីដេអូគេថតបង្ហោះលើហ្វេសប៊ុក ហើយក៏មានការជួយអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់បែបនេះ»។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមនមិនអាចសុំធ្វើអត្ថាធិប្បាយជុំវិញករណីនេះទេ ដោយលោកមិនព្រមលើកទូរស័ព្ទ។ ចំណែកលោកអនុសេនីយ៍ទោ កៅ សំអុល ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរកាលពីថ្ងៃម្សិលមិញ។
ប៉ុន្ដែភាគីទាំង ២ បានធ្វើកិច្ចសន្យាជាមួយគ្នាដោយបានព្រមព្រៀងថា ក្នុងរយៈពេលមួយខែបើមានបញ្ហាអ្វីកើតឡើងនៅត្រង់ត្រចៀកស្ត្រីនោះភាគីលោក សំអុល ជាអ្នកចេញលុយព្យាបាលរហូតដល់ជា។ ចំណែករូបភាពដែលភាគីទាំង ២ ថតបាននោះក៏បានឯកភាពថាមិនបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតដែរ៕
Contact author: សុទ្ធ គឹមសឿន