មន្ត្រី​និយាយ​ផ្សេង​គ្នា​ ករណី​ពុល​ស្លាប់​នៅ​ក្នុង​ខេត្ត​ក្រចេះ

ពលរដ្ឋពុលទឹកនៅក្រចេះ សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ កាល​ពី​សប្តាហ៍​មុន។ រូបថត នរគបាល




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម បាន​ឲ្យ​ដឹងថា ករណី​ពុល​ស្លាប់​ប្រជាពលរដ្ឋ ១៤ នាក់​និង​ជិត​ ៣០០ នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ដើម​ខែ​ឧសភា​នេះ​ពុំ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​សារធាតុ​ស្យានីដ​នោះ​ទេ​។

ការអះអាង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ៣ ​ថ្ងៃ​ក្រោយពី​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ សិប្បកម្ម បាន​ប្រកាស​អំពី​លទ្ធផល​នៃ​ការរកឃើញ​សារធាតុ​ស្យានីដ ​នៅក្នុង​ទឹក​ដែល​ត្រូវ​បាន​នាំ​មកពី​តំបន់​រងគ្រោះ​។

លោក​ ស៊ុយ សែម បាន​ថ្លែង​ថា​ ពាក់ព័ន្ធ​ករណី​ពុល​នៅ​ខេត្ត ​ក្រចេះ កាលពី​ពេល​កន្លង​មក​នេះ ​គឺ​ខាង​ក្រសួង​បរិស្ថាន ​បាន​យក​ឈាម​អ្នក​ស្លាប់​យក​ទៅ​ពិនិត្យ​នៅ​ប្រទេស ​សិង្ហបុរី​ ហើយ​រក​ពុំ​ឃើញ​មាន​សារធាតុ​ស្យានីដ​នៅក្នុង​ឈាម​របស់​ជនរងគ្រោះ​នោះ​ទេ ប៉ុន្តែ ​គេ​បាន​រកឃើញ​ជាតិ​ពុល​ផ្សេងៗ ដូច​ដែល​ក្រសួង​ សុខាភិបាល ពិនិត្យ​ឃើញ និង​បាន​បញ្ជាក់​រួច​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ការស្លាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កន្តួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​នោះ​គឺ​ដោយសារ​ថ្នាំពុល​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ រួមចំណែក​មួយ​ចំនួន និង​ស្រា​ដែល​មាន​សារធាតុ​មេតាណុល​ខ្ពស់​លើស​កម្រិត​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «…​យក​ទៅ​ពិនិត្យ​នៅ Singapore មើល​អស់​ហើយ អត់​មាន​ជាតិ​ស្យានីដ​ហ្នឹង​ទេ អត់​មាន​ ស្យានីដ ​នៅ​ក្នុង​ឈាម​ទេ​គឺ​ជាតិពុល​ផ្សេងៗ​ដែល​ក្រសួង​សុខាភិបាល​មាន​ភារកិច្ច​ពិនិត្យ​ហ្នឹង​គឺ​ដូច​គាត់​និយាយ​អ៊ីចឹង​គឺ​ថ្នាំពុល​សម្លាប់​សត្វល្អិត​ថ្នាំ​សម្លាប់​ស្មៅ​»​។

លោក​បញ្ជាក់​ថា​៖ «​នៅ​ក្បែរ​ស្ទឹង​ដែល​គេ​ធ្វើ ខាង​ខ្ញុំ ក៏​ទៅ​ថត​បាន​ដែរ​ធុង​ថ្នាំ​កម្ចាត់​ស្មៅ កម្ចាត់​សត្វល្អិត រាប់រយ​ធុង​នៅ​មាត់​ស្ទឹង មាត់​ព្រែក ហ្នឹង​ក៏​វា​រួម​ចំណែក​មួយ​ចំនួន​…​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន ​បាន​ខិតខំ​ធ្វើ​ការងារ​របស់​ខ្លួន​តាម​ភារកិច្ច​ទទួល​ខុសត្រូវ​របស់​ខ្លួន​អត់​មាន​ព្រងើយ​កន្តើយ​ទេ​»​។

ទោះ​ជា​បែប​ណា​ក្ដី​លោក​ ស៊ុយ សែម ពុំ​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​មន្ទីរពិសោធន៍​នៅ​ក្នុង​ប្រទេស ​សិង្ហបុរី​ ដែល​ខាង​ក្រសួង​បរិស្ថាន​បាន​នាំ​យក​សំណាក​ឈាម​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ទៅ​ពិសោធ​នោះ​ទេ​។

លោក សៅ សុភាព ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក អ៊ុំ សុថា អ្នក​នាំពាក្យ​ក្រសួង​ឧស្យាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង ​កាលពី​ម្សិលមិញ​ថា​ តាមរយៈ​ការធ្វើ​ពិសោធ​លើ​សំណាក​ទឹក​ដែល​ក្រសួង​របស់​លោក នាំ​យក​ពី​ប្រភព​ទឹក​ព្រែក​ទេ និង អូរគគីរ​ជា​ទី​ដែល​មាន​ផ្ទុះ​ករណី​ពុល​ដ៏ចម្រូងចម្រាស​ខាង​លើ​នេះ​គឺ «​ពិតជា​មាន​សារធាតុ​ស្យានីដ​» ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ​ក្រសួង​របស់​លោក​ពុំ​បាន​នាំ​យក​សំណាក​ឈាម​របស់​ជនរងគ្រោះ​ណា​ម្នាក់​ក្នុង​ករណី​ពុល​នៅ​ក្នុង​តំបន់​ខាង​លើ​នោះ​មក​ពិសោធ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ក្រុម​ការងារ​នៃ​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា​យើង​ពិតជា​បាន​ពិនិត្យ​ឃើញ​មាន​សារធាតុ​ស្យានីដ​នៅ​ក្នុង​ទឹក​ដែល​យើង​បាន​នាំ​មកពី​តំបន់​រងគ្រោះ​នោះ​មែន ហើយ​ការផ្សព្វផ្សាយ​អំពី​ការរកឃើញ​សារធាតុ​នេះ​មិនមែន​ឆ្លុះ​បញ្ចាំង​ថា​ជនរងគ្រោះ​ដែល​ឈឺ​ និង​ស្លាប់​នៅក្នុង​ខេត្ត​ក្រចេះ​កន្លង​មក​នេះ​គឺ​បណ្ដាល​មកពី​ពុល​សារធាតុ​នេះ​ទេ ប៉ុន្តែ​ជា​ការ​ជួយ​អន្តរាគមន៍​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការពុល​រីក​រាលដាល​តទៅ​ទៀត​តាមរយៈ​ការប្រើប្រាស់​ទឹក​ពី​ព្រែក និង​អូរ​ខាង​លើ​នេះ​»​។

កាលពី​ដើម​ខែ​ឧសភា​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ ស្រែនន និង ភូមិ​អាលច ឃុំ​កន្តួត ស្រុក​ចិត្របុរី ប្រមាណ ៣០០ នាក់​បាន​ឈឺ​ពោះ ក្អួតចង្អោរ ឈឺក្បាល ឈឺក អស់កម្លាំង ទន់ដៃ​ទន់ជើង វិលមុខ និង​ថប់ដង្ហើម​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ជា​បន្តបន្ទាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ និង​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​ទីក្រុង​ភ្នំពេញ និង​ដែល​បាន​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ ១៤ ​នាក់​ស្លាប់​។ អាការ​ជំងឺ​ដ៏ចម្លែក​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បង្ក​ឡើង​ដោយសារ​ករណី​ពុល​ស្រា និង​ពុល​ទឹក​។

ក្រោយ​ពី​មាន​ការ​សង្ស័យ​លើ​ករណី​នេះ​មន្ត្រី​ជំនាញ​ជាច្រើន​ស្ថាប័ន​ដែល​ក្នុង​នោះ​ក៏​មាន​ក្រសួង​សុខាភិបាល​ផង​ដែរ​បាន​ចុះ​ពិនិត្យ​អង្កេត​ទៅ​ដល់​តំបន់​កើតហេតុ​ដោយ​បាន​នាំ​យក​សំណាក​មួយ​ចំនួន​រួមមាន​ស្រាស និង ទឹក​ដែល​អ្នកភូមិ​បាន​ដង​ពី​ព្រែក​ទេ និង អូរ​គគីរ​មក​ប្រើប្រាស់ និង​បរិភោគ​នោះ​មក​ធ្វើការ​វិភាគ​ស្វែងរក​ការពិត​។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ កាលពី​ថ្ងៃទី​ ៦ ខែ​ឧសភា​ ឆ្នាំ​ ២០១៨ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ជាបន្ទាន់​មួយ​ដោយ​ហាមឃាត់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម ផលិត និង ​លក់​ចែកចាយ​ស្រាស បញ្ឈប់​ជា​បណ្ដោះអាសន្ន​នូវ​ចង្វាក់​ផលិតកម្ម និង​សេវាកម្ម​របស់​ខ្លួន​ព្រមទាំង​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​រងគ្រោះ​ទាំង​នោះ​បញ្ឈប់​ការទទួល​ទាន​ស្រាស និង​ទឹក​ដែល​មាន​ប្រភព​ពី​ព្រែក​ទេ និង​អូរគគីរ​ជា​បណ្ដោះអាសន្ន​ផង​ដែរ​ដើម្បី​កាត់បន្ថយ​កា​រីក​រាលដាល​នៃ​ជនរងគ្រោះ​។

នៅ​ថ្ងៃទី​​ ៨ ខែ​ឧសភា​ឆ្នាំ​ ២០១៨ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការពិសោធ​លើ​សំណាក​ស្រាស និង​ទឹក​ដែល​បាន​នាំ​មកពី​តំបន់​រងគ្រោះ​ខាងលើ​នេះ​ក្នុង​នោះ​ស្រាស​ត្រូវ​បាន​គេ​រកឃើញ​មាន​សារធាតុ «​មេតាណុល​» រីឯ​ទឹក​រកឃើញ​មាន​សារធាតុ «​ក្រូម និង​នីទ្រីត​» ​ដែល​សារធាតុ​គីមី​ទាំង​ ២ ​នេះ​មាន​នៅក្នុង​ថ្នាំ​បាញ់​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។

ប៉ុន្តែ​លោក ចម ប្រសិទ្ធ កាលពី​ថ្ងៃទី​ ១៧ ខែ​មេសា​ឆ្នាំ​ ២០១៨ ​បាន​ថ្លែង​ថា ក្រៅពី​សារធាតុ​ទាំងនេះ​ក្រុម​មន្ត្រី​ជំនាញ​របស់​លោក​បាន​រកឃើញ​មាន​សារធាតុ «​ស្យានីដ​» ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅក្នុង​អាជីវកម្ម​អណ្ដូងរ៉ែ​មាស​នៅក្នុង​ទឹក​នោះ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​អ្នក​ខ្លះ​បន្ទោស​ថា​សារជាតិ​ក្រូម​បណ្ដាល​មកពី​អ្នកប្រើ​ថ្នាំ​សម្លាប់​ស្មៅ​នៅ​ក្នុង​កសិដ្ឋាន​ផ្នែក​ខាង​លើ​ព្រែក​ទេ ដូច្នេះ​នៅពេល​ភ្លៀង​សារធាតុ​ក្រូម ហូរ​ចូល​ព្រែក ប៉ុន្ដែ​ ថ្នាំ​សម្លាប់​ស្មៅ​នេះ​អត់​មាន​សារធាតុ​ស្យានីដ​ទេ​។ យើង​ទៅ​ស្រាវជ្រាវ​ពី​សារធាតុ​ស្យានីដ​សម្រាប់​លាង​សម្អាត​មាស​រហូត​ទៅ​ដល់​ខេត្ត​មណ្ឌលគិរី​ហើយ​យើង​បាន​ឃើញ​កន្លែង​មួយ​ចំនួន​ធ្វើ​រ៉ែ​មាស​ទាំង​មាន​អាជ្ញាប័ណ្ណ​ទាំង​មិន​មាន​អាជ្ញាប័ណ្ណ ហើយ​ឃើញ​ទាំង​ធុង​សារធាតុ​ស្យានីដ​នៅ​ទី​នោះ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ពួកគេ​បាន​ប្រើ​វា​ហើយ​អត់​មាន​ប្រព័ន្ធ​ការពារ​អី​ទេ​។ ដល់​ពេល​ភ្លៀង​មក​អត់​មាន​អាង​ស្ដុក អ៊ីចឹង​សារធាតុ​ស្យានីដ​នោះ​វា​ហូរ​ធ្លាក់​ចូល​ទៅក្នុង​ព្រែក​បណ្ដាល​ឲ្យ​ទឹក​ព្រែក​ពុល​»​។

ជុំវិញ​ករណី​នេះ​ក្រុម​អធិការកិច្ច​នៃ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ​រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​អណ្ដូងរ៉ែ​មាស​នៅ​តំបន់​ចុង​ផ្លាស់ ស្រុក​កែវ សីមា ខេត្ត​មណ្ឌលគិរី ដែល​នៅ​ទី​នោះ​មាន​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ រ៉ុង ឆេង ត្រូវ​បាន​គេ​សង្ស័យ​ថា​ ​មាន​លួចលាក់​ប្រើប្រាស់ និង​បង្ហូរ​កាកសំណល់​សារធាតុ ស្យានីដ ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក និង​អូរ​ធម្មជាតិ​ដោយ​ពុំ​មាន​ការ​ចម្រោះ​ ឬ​បន្សាប​ជាតិពុល​ជា​មុន​។ គិត​រហូត​មក​ទល់​ល្ងាច​ម្សិលមិញ​ការចុះ​ត្រួតពិនិត្យ​នៅក្នុង​តំបន់​នោះ​នៅ​មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ​៕

What Next?

Recent Articles