លោក ហ៊ុន សែន ថា​លោក សម រង្ស៊ី មើល​ស្រាល​បក្ស​ផ្សេង​ដូច​សត្វ​អំពិលអំពែក

ដោយ ម៉ៅ សុធានី
2018-05-23
RFA

(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។ Photo: RFA
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។ Photo: RFA


លោក ហ៊ុន សែន ​ថា​ គណបក្ស​ដែល​ចូលរួម​ការបោះឆ្នោត មិនមែន​ជា​គណបក្ស​រណប


លោក​ ហ៊ុន សែន​ បន្ដ​ព្រួយ​បារម្ភ​​ប្រជាប្រិយភាព​បក្ស​ប្រឆាំង


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង កាលពី​ថ្ងៃទី២២ ឧសភា ថា ការ​ហៅ​គណបក្ស​ផ្សេង​ដែល​ចូលរួម​ការបោះឆ្នោត ជា​គណបក្ស​អំពិលអំពែក​នោះ គឺជា​ការ​មើលស្រាល ហើយ​ថា​គណបក្ស​ទាំងនោះ​មាន​សិទ្ធិ​ដូចជា​គណបក្ស​ធំៗ​ដែរ ទោះបីជា​គណបក្ស​តូច​ក្ដី។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ ក្រោយ​ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​នេះ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត និង​បញ្ជាក់​ថា គណបក្ស​តូចៗ​ដែល​ចូលរួម​ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខ គឺជា​គណបក្ស​រណប​បក្ស​កាន់អំណាច ដែល​បង្កើត​ឡើង​ដោយ​របប​ក្រុងភ្នំពេញ ដើម្បី​បំភាន់​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ថា ការ​បោះឆ្នោត​នេះ គឺ​រៀបចំ​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌។

លោក ហ៊ុន សែន អះអាង​ថា កម្ពុជា នឹង​ខិតខំ​បន្ត​ការពារ​សន្តិភាព និង​បន្ត​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «គណបក្ស​ចំនួន​២០ ចូលរួម​ក្នុង​ការ​បោះឆ្នោត មិនមែន​ជា​ការ​លេង​សើច​ទេ ហើយ​មាន​អ្នកខ្លះ​បែរជា​ចាត់​ទុក​គណបក្ស​នេះ​ថា ជា​គណបក្ស ហ៊ុន សែន អ្នកបង្កើត​ហាក់​ដូច​ជា​មើលស្រាល ដល់​បណ្ដា​គណបក្ស​នយោបាយ​ដទៃ​ទៀត រហូតដល់​ឈាន​ទៅ​ហៅ​គេ​ថា ជា​គណបក្ស​អាប មានតែ​ក្បាល គណបក្ស​អំពិលអំពែក»

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​កម្ពុជា ឲ្យ​ធ្វើ​ពហិការ មិន​ចូលរួម​ការបោះឆ្នោត ដោយ​បញ្ជាក់​ថា គ្មាន​គណបក្ស​ណា អាច​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​បានទេ ហើយ​គណបក្ស​តូចៗ​ទាំង​នោះ ជា​គណបក្ស​អំពិលអំពែក​តែ​ប៉ុណ្ណោះ៖ «គណបក្ស​ណា​ដែល​អាច​ជំនួស​គណបក្ស​សង្គ្រោះជាតិ​បាន​ទេ ពីព្រោះ​យើង​មាន​ជំហរ​រឹងមាំ ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច។ គណបក្ស​ផ្សេងទៀត​ដែល​មក​ចូលរួម​បោះឆ្នោត គឺ​ឆ្លៀតឱកាស​ចង់​កេង​ចំណេញ​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ គឺ​គ្រាន់តែ​មក​លំអ​ឆាកល្ខោន ក្លែងក្លាយ​ដើម្បី​បន្ត​អំណាច​តែប៉ុណ្ណោះ។ យើង​អាច​ប្រៀបធៀប​គណបក្ស​ទាំងនោះ​ដូចជា​សត្វ​អំពិលអំពែក»

ក្នុង​វេទិកា​សាធារណៈ ស្ដីពី​ដំណើរការ​បោះឆ្នោត នៅ​ប្រទេស​កម្ពុជា នៅ​ទីក្រុង​វ៉ែនឃូវើ (Vancouver) ប្រទេស​កាណាដា កាលពី​ថ្ងៃ​ទី២០ ខែ​ឧសភា លោក សម រង្ស៊ី ក៏បាន​អះអាង​ថា ការបោះឆ្នោត​ក្នុង​ស្ថានភាព​បែបនេះ គ្មាន​ន័យ​អ្វី​ទាំងអស់ ព្រោះ​គេ​បាន​ដឹង​ពី​លទ្ធផល​ជាមុន​រួច​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៃ​របប​ដឹកនាំ​របស់ លោក ហ៊ុន សែន នឹង​ឈ្នះ​យ៉ាងតិច ៩៩% ព្រោះ​គ្មាន​គូប្រកួត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles