ដោយ សេក បណ្ឌិត
2018-05-24
RFA

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។ Photo: RFA
សហគមន៍ខ្មែរនៅប្រទេសបារាំង និងពលរដ្ឋខ្មែរក្នុងស្រុកមួយចំនួន នឹងប្រារព្ធទិវានំបញ្ចុកខ្មែរ ឬហៅថាពិធីបុណ្យនំបញ្ចុកសាមគ្គី នៅថ្ងៃអាទិត្យ ទី២៧ ឧសភា ខាងមុខនេះ។
អ្នករៀបចំកម្មវិធីឲ្យដឹងថា ទិវានេះធ្វើឡើងដើម្បីលើកតម្កើងអាហារ ប្រពៃណី ទំនៀមទម្លាប់ខ្មែរពី បុរាណ ជាពិសេស នំបញ្ចុក ដែលពលរដ្ឋទាំងចាស់ ទាំងក្មេងតែងតែនិយមចូលចិត្ត។
ទិវានំបញ្ចុកខ្មែរ ឬពិធីបុណ្យនំបញ្ចុកសាមគ្គីនេះ ក្រៅតែពីចង់លើកតម្កើងអាហារដែលជាប្រពៃណី ទំនៀមទម្លាប់ខ្មែរនោះ អ្នករៀបចំកម្មវិធី ក៏ចង់ឲ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មានឱកាស រឹតចំណង មេត្រីភាព រវាងខ្មែរ និងខ្មែរ ឲ្យបានរឹងមាំ។
ទិវានេះនឹងប្រារព្ធឡើងព្រមគ្នា ក្នុងថ្ងៃតែមួយ ទាំងនៅប្រទេសបារាំង និងនៅក្នុងប្រទេសកម្ពុជា គឺនៅថ្ងៃអាទិត្យ ទី២៧ ឧសភា ឆ្នាំ២០១៨។
តំណាងអ្នករៀបចំកម្មវិធីមួយរូប និងជាសមាជិកសមាគម PSN- France ដែលជាអ្នកផ្ដើមរៀបចំកម្មវិធី បានឲ្យអាស៊ីសេរីដឹងថា នៅក្រុងប៉ារីស ប្រទេសបារាំង នឹងប្រារព្ធឡើងនៅវត្តខ្មែរចន្ទរង្ស៊ី ដែលនឹងមានអ្នកចូលរួមប្រមាណ ២រយនាក់ ហើយអ្នកចូលរួមទាំងអស់មិនតម្រូវឲ្យបង់ប្រាក់ឡើយ៖ «ជាការលើកតម្កើងប្រពៃណីវប្បធម៌ខ្មែរដោយសារនំបញ្ចុកយើងអាចធ្វើបាន ហើយយើងមានទឹកសម្លខ្មែរ ការី និងសម្លកំពត ដើម្បីរម្លឹកពីអាហារខ្មែរយើង»។
តំណាងអ្នករៀបចំកម្មវិធីរូបនេះឲ្យដឹងទៀតថា ចំពោះសហគមន៍ខ្មែរនៅក្នុងស្រុក នឹងធ្វើនៅទីតាំងប្រមាណ ១០កន្លែង ក្នុងខេត្តចំនួន៣ គឺខេត្តបាត់ដំបង មាន៦កន្លែង គឺនៅក្រុងបាត់ដំបង សង្កាត់អូរចារ ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុករុក្ខគិរី និងស្រុកគាស់ក្រឡ។
ចំណែក៤កន្លែងទៀត នឹងធ្វើនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
នៅសង្កាត់អូរចារ ក្រុងបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ជាចៅសង្កាត់ ជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ នឹងដឹកនាំរៀបចំធ្វើពិធីបុណ្យនំបញ្ចុកសាមគ្គីនេះ នៅផ្ទះអ្នកភូមិ ដើម្បីចូលរួមជាមួយជាមួយសហគមន៍ខ្មែរនៅប្រទេសបារាំង។
កញ្ញាឲ្យដឹងថា នឹងឆ្លៀតពេលពីការងារនៅក្នុងហាងនំបញ្ចុករបស់កញ្ញា ទៅចូលរួមជាមួយអ្នកភូមិ និងបង្ហាញស្នាដៃស្លទឹកសម្លនំបញ្ចុកខ្មែរជាមួយគ្នា និងពិសាជុំគ្នា ដើម្បីបង្កើតភាពស្និទ្ធស្នាលសាមគ្គីភាព បង្កើតភាពសប្បាយរីករាយក្នុងភូមិ និងដើម្បីបង្ហាញពីការគាំទ្រដល់គោលគំនិត ព្រមទាំងវត្ថុបំណងរបស់សហគមន៍ខ្មែរនៅប្រទេសបារាំង ក្នុងការអភិរក្សនំបញ្ចុកខ្មែរ៖ «ខ្មែរយើងតែងតែចូលចិត្តពិសានំបញ្ចុក មានសម្លប្រហើរ មានបង់ប្រហុក ហើយគ្រាន់ជាការជួបជុំ ពិសានំបញ្ចុកដែលធ្វើដោយបងប្អូនក្នុងភូមិ និងជាទិវាមួយបង្ហាញថា ខ្មែរចេះរួបរួមគ្នា ចេះស្រឡាញ់គ្នាទោះនៅទីណាក៏ដោយ»។
នំបញ្ចុកជាអាហារពេញនិយមមួយរបស់ខ្មែរជាច្រើនជំនាន់មកហើយ។ នំបញ្ចុកក្រៅពីគេធ្វើលក់នៅទីផ្សារ ពិសានៅតាមផ្ទះនោះ ក៏គេនិយមធ្វើទទួលទាននៅក្នុងពិធីបុណ្យដារលាន ក្រោយរដូវច្រូតកាត់ ពិធីបុណ្យដាក់ទាន និងពិធីបុណ្យផ្សេងៗទៀត នៅតាមតំបន់ជនបទ។
រសជាតិពិសេស របស់នំបញ្ចុក គឺសរសៃម្សៅធ្វើពីអង្ករ ផ្សំជាមួយទឹកសម្លដែលមានក្លិនឆ្ងុយប្រហុក ស្លឹកក្រៃ និងបន្លែធម្មជាតិស្រស់ៗ រួមមានត្រយូងចេក ផ្កាស្នោ សណ្ដែកកួរ ស្លឹកល្ងៀង ត្រួយរាំង ព្រលឹត លំចង់ និងស្លឹកកន្ធំថេតជាដើម។
អ្នកនិពន្ធជាន់ដើម ក៏បាននិពន្ធនូវបទចម្រៀងដែលរៀបរាប់អំពីភាពវិសេសវិសាល នៃល្បោយនំបញ្ចុក ហើយបទនោះមាននៅក្នុងខ្សែភាពយន្តពីជំនាន់ដើម គឺរឿង អនអើយស្រីអន ដែលជាស្នាដៃ របស់ វីរៈសិល្បករ លោក លី ប៊ុនយីម និងច្រៀងរៀបរាប់ ដោយអធិរាជ សំឡេងមាស លោក ស៊ិន ស៊ីសាមុត។
៚ចម្រៀង «ត្រយូងចេកក្តិប ខ្សឹបនាងព្រលឹត ត្រួយរាំងស្នេហ៍ស្និទ្ធ នាងលំចង់ ផ្កាស្នោរីកខ្ញង់ចង់នាងកន្ធុំថេត…!!»៚
ចំណែក អ្នកនិពន្ធសម័យថ្មីនេះ គឺលោក កែវ ចិន្តា និងច្រៀងដោយកញ្ញា អូ រស្មី ក៏បានច្រៀងរៀបរាប់អំពីរសជាតិ វិសេសសាល នៃនំបញ្ចុកនេះដែរ ដែលបទនេះមានចំណងជើងថា « នំបញ្ចុកខ្មែរ»។
អ្នករៀបចំទិវានំបញ្ចុកខ្មែរនៅក្រុងប៉ារីស បានឲ្យដឹងទៀតថា៖ ការខិតខំរបស់សហគមន៍ខ្មែរនៅក្រៅប្រទេស គឺចង់ឲ្យអាហារដែលជាអត្តសញ្ញាណរបស់ខ្មែរ មានឈ្មោះបោះសំឡេងនៅក្រៅប្រទេសខណៈជាតិសាសន៍ដទៃ គេក៏កំពុងលើកស្ទួយមុខម្ហូបរបស់ពួកគេខ្លាំងណាស់ដែរ៖ «យើងចង់រក្សាអ្វីមួយដែលជារបស់ខ្មែរកុំឲ្យបាត់បង់ ជាការរម្លឹកទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ថាអាហារនេះជាអត្តសញ្ញាណរបស់ខ្មែរ»។
ជាមួយគ្នានេះដែរ ប្រធានសមាគម PSN- France លោក សុក សុផាត មានប្រសាសន៍បញ្ជាក់ដែរថា ពិធីបុណ្យនំបញ្ចុកសាមគ្គី ឬទិវានំបញ្ចុកខ្មែរ ក្រៅតែចង់អភិរក្ស និងលើកស្ទួយ នូវតម្លៃអាហារ ដែលជាអត្តសញ្ញាណខ្មែរ ឲ្យពេញនិយមនៅបរទេសនោះ សមាគមលោកដែលអ្នកផ្ដើមរៀបចំ ក៏មានបំណងសំខាន់មួយទៀតដែរ គឺចង់ឲ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចេះសាមគ្គីគ្នា មានទំនាក់ទំនងគ្នាល្អ មានមេត្រីភាព រវាងគ្នា និងគ្នា ទោះជានៅទីណា កន្លែងក៏ដោយ គឺខ្មែរតែមួយ៖ «កាលណាយើងជួបជុំគ្នា យើងសាមគ្គីគ្នា យើងស្រឡាញ់គ្នា ហើយបងប្អូនណាដែលមានទុក្ខយើងមានឱកាសជួបពិភាក្សាគ្នា ដើម្បីជួយដោះស្រាយគ្នា ហើយអាចជួយឲ្យប្រទេសជាតិយើងរីកចម្រើន…»។
លោកបានឲ្យដឹងទៀតថា ការប្រារព្ធលើកនេះ គឺជាលើកទី២ហើយ ដែលកាលពីលើកទីមួយធ្វើឡើងនៅឆ្នាំ២០១៧។ លោកថា នៅឆ្នាំ២០១៨នេះ នឹងមានទ្រង់ទ្រាយធំជាងឆ្នាំកន្លងទៅ ហើយបំណងរបស់សហគមន៍ គឺចង់ពង្រីកទិវានេះឲ្យធំទូលំទូលាយនៅឆ្នាំខាងមុខៗទៀត និងសូមអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនកុះករ ដើម្បីស្ទួយតម្លៃទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ខ្មែរ៕