ដោយ វណ្ណ សុគន្ធា
24/05/2018
RFI

រូបភាពតំណាង៖ពលរដ្ឋមួយចំនួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះបន្ទាប់ពីសង្ស័យថា ពុលទឹកព្រែក
@ ទាញចេញពីហ្វេសបុក វ៉ាន់ សារ៉ាយ
មន្ត្រីក្រសួងបរិស្ថានបានអះអាងឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មន្ទីរពិសោធន៍សិង្ហបុរីបានរកឃើញមានសារធាតុមេតាណុលនៅក្នុងសំណាកឈាមអ្នកស្លាប់មួយចំនួនដោយសារតែការពុលនៅក្នុងខេត្តក្រចេះ។ លទ្ធផលចុងក្រោយនេះ អាចជាការបញ្ចប់នូវការយល់ឃើញខុសគ្នាជុំវិញមូលហេតុនៃការពុលពលរដ្ឋនៅក្នុងខេត្តក្រចេះ កាលពីពេលកន្លងទៅនេះ។
លោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា លទ្ធផលចុងក្រោយនៃការយកសំណាកឈាមអ្នកពុលស្លាប់នៅខេត្តក្រចេះទៅពិនិត្យនៅក្នុងប្រទេសសិង្ហបុរី គឺបានរកឃើញថា មានសារធាតុមេតាណុល នៅក្នុងសំណាកឈាមជនរងគ្រោះមួយចំនួន។ ការបញ្ជាក់របស់មន្ត្រីក្រសួងបរិស្ថានរូបនេះ គឺធ្វើឡើងនៅក្រៅពិធីសិក្ខាសាលាបណ្ដុះបណ្ដាស្ដីពីការប្រែប្រួលអាកាសធាតុ សម្រាប់ថ្នាក់ដឹកនាំវ័យក្មេង និងយុវជនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ។
លោក ទិន ពន្លក មិនបានបកស្រាយលម្អិតឲ្យច្បាស់លាស់ទេ ជុំវិញលទ្ធផលចុងក្រោយនេះ ដោយលោកគ្រាន់តែអះអាងថា នៅពេលនេះក្រសួងបរិស្ថាន និងក្រសួងរ៉ែនិងថាមពលកំពុងរៀបចំរបាយការណ៍ដើម្បីដាក់ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដោយផ្អែកទៅលើលទ្ធផលនៃការវិភាគ។
លទ្ធផលចុងក្រោយនេះ ទំនងនឹងអាចបញ្ចប់នូវការខ្វែងគំនិតគ្នា រវាងក្រសួងពាក់ព័ន្ធនានាជុំវិញមូលហេតុនៃការពុលមនុស្សស្លាប់នៅក្នុងខេត្តក្រចេះ កាលពីប៉ុន្មានសប្តាហ៍មុននេះ។ ដំបូងឡើយ ក្រសួងសុខាភិបាលរកឃើញថា ករណីនេះ គឺបណ្តាលមកពីការពុលស្រា និងមួយចំនួនទៀតសង្ស័យថាពុលទឹកព្រែក ដែលប្រជាពលរដ្ឋបានប្រើប្រាស់ប្រចាំថ្ងៃ។ ក៏ប៉ុន្តែក្រោយមកលោក ចម ប្រសិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញមកអះអាងថា ករណីពុលស្លាប់នៅក្នុងខេត្តក្រចេះនេះ គឺបណ្តាលមកពីសារធាតុស្យានីត ដែលគេប្រើប្រាស់សម្រាប់លាងរ៉ែមាសទៅវិញ។ តែមូលហេតុរបស់លោកចម ប្រសិទ្ធនេះ ត្រូវបានលោកលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលទាត់ចោល។ សម្រាប់លោកស៊ុយ សែមវិញ ករណីពុលនេះ គឺបណ្តាលមកពីថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងករណីមួយចំនួនទៀត គឺបណ្តាលមកពីពុលស្រា ។
ទោះបីក្រសួងទាំងនេះខ្វែងគំនិតគ្នាមែន ប៉ុន្តែមន្ត្រីក្រសួងបរិស្ថានលោក ទិន ពន្លក បានអះអាងថា នៅពេលរកឃើញមូលហេតុពិតប្រាកដនៃការពុលនេះហើយ ក្រសួងពាក់ព័ន្ធទាំងអស់ គឺក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម និងក្រសួងរ៉ែ និងថាមពល នឹងអាចធ្វើការជាមួយគ្នា ដើម្បីចាត់វិធានការដែលមានប្រសិទ្ធភាពឆ្លើយតបនឹងបញ្ហានេះ។
សូមបញ្ជាក់ថា កាលពីដើមខែឧសភាកន្លងទៅនេះ មានករណីពុលពលរដ្ឋនៅក្នុងភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយអ្នកភូមិជាច្រើន មានរោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។ ករណីពុលនេះ បានសម្លាប់ប្រជាពលរដ្ឋចំនួន១៣នាក់ និងជិត២០០នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕