ដោយ អាស៊ីសេរី
2018-05-24

ផែនទីខេត្តមណ្ឌលគិរី (Photo: RFA)
មន្ត្រីសង្គមស៊ីវិល និងសហគមន៍រស់នៅខេត្តមណ្ឌលគិរីសម្ដែងក្តីបារម្ភ ពីភាពមិនប្រក្រតីនៃការគ្រប់គ្រងធនធានរ៉ែរបស់អាជ្ញាធររបបក្រុងភ្នំពេញ ស្របពេលដែលឈ្មួញជនជាតិចិន មានអាជ្ញាប័ណ្ណក្នុងដំណាក់ការស្រាវជ្រាវ ក៏ប៉ុន្តែបែរជាធ្វើអាជីវកម្មរុករករ៉ែមាស និង រ៉ែត្បូងបែបអនាធិបតេយ្យ បណ្ដាលឱ្យការសង្ស័យថា ការពុលទឹកស្លាប់មនុស្ស ១៨នាក់ កាលពីពេលថ្មីៗនេះ បណ្ដាលមកពីការធ្វេសប្រហែសនៃការរុករករ៉ែដោយគ្មានអាជ្ញាប័ណ្ណ។
សហគមន៍រស់នៅតំបន់អាជីវកម្មរ៉ែមាស នៃឃុំចុងផ្លាស់ ស្រុកកែវសីមា ឱ្យដឹងនៅថ្ងៃទី២៣ ឧសភាថា ពួកគេប្រទះឃើញក្រុមហ៊ុនចិនជីកអណ្ដូងរ៉ែ ច្រើនទីតាំងក្នុងតំបន់ចុងផ្លាស់ បែបជាទម្រង់ធ្វើអាជីវកម្មរុករករ៉ែមាស ពុំមែនជាការសិក្សាស្រាវជ្រាវនោះទេ។ លើសពីនេះក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង បានជីកខួងរុករករ៉ែមាសច្រើនរណ្ដៅ មានជម្រៅលើសពី ៥០ម៉ែត្រ និងមានតំបន់ខ្លះ លើសពី ១រយម៉ែត្រ។ ពួកគេថា រណ្ដៅខ្លះក្រុមហ៊ុនចិនបានប្រើរំសេវផ្ទុះថ្ម បង្ករំខានដល់អ្នកភូមិនៅតំបន់នោះ។
ជនជាតិដើមភាគតិចព្នងដែលរស់នៅតំបន់អាជីវកម្មរ៉ែមាស លោក ហេង ជី សម្ដែងការសោកស្ដាយ ពីការបាត់បង់ធនធានធម្មជាតិមានតម្លៃ ដែលក្នុងរបបលោក ហ៊ុន សែន គ្មានសមត្ថភាពគ្រប់គ្រងឱ្យបានត្រឹមត្រូវ ធ្វើឱ្យជនជាតិចិនធ្វើអាជីវកម្មតាមអំពើចិត្ត។ លោកគ្មានសង្ឃឹមថា អាជ្ញាធរក្រុងភ្នំពេញ នឹងស្វែងរកការពិតបាតុភាពនេះទេ ប្រសិនបើគ្មានការសិក្សាស្រាវជ្រាវដោយឯករាជ្យ និងមានការចូលរួមពីអង្គការសង្គមស៊ីវិលនានា។ លោកបារម្ភថា អាជ្ញាធរពាក់ព័ន្ធអាចលាក់បាំងការពិត ពីភាពមិនប្រក្រតីនៃអាជីវកម្មរ៉ែមាសនៅតំបន់នោះ ព្រោះតែផលប្រយោជន៍៖ «ដល់ពេលខួងដើម្បីបញ្ចូលគ្រាប់ សុទ្ធតែប្រើគីមីដែរ។ ពេលខួងហ្នឹងទឹកដែរខួងវាចេញមកក្រៅវិញ ដល់ពេលមានភ្លៀងមក វាមិនហូរចូលទឹកអូរ។ បើវានៅក្នុងបាតអូរស្រាប់ ហើយរណ្ដៅជម្រៅ ១រយម៉ែត្រដូចក្អមអ៊ីចឹង។ កម្មករជិះរទេះម៉ាស៊ីនដាច់ខ្សែងាប់ក៏មានដែរ»។
បុរសបន្ថែមថា ទីតាំងដែលក្រុមហ៊ុនចិនប្រើម៉ាស៊ីនខួងយករ៉ែ ភាគច្រើនឋិតនៅតំបន់អូរ ព្រោះប្រភពរ៉ែមាសគឺឋិតនៅជាប់ទឹកអូរធម្មជាតិ។ ទឹកអូរទាំងនោះរួមមាន អូរក្លរ អូរចុង អូររកា អូរក្តាយ អូររហៅ និង អូរក្ទង់។ លោកថា តំបន់ទឹកអូរទាំងនោះមានបណ្ដាញជាប់ព្រែកទេរហូរចុះឆ្ពោះទៅទន្លេមេគង្គ ឆ្លងកាត់ស្រុកចិត្របុរី ខេត្តក្រចេះ៖ «ព្រោះអីរឿងហ្នឹង គេសហការគ្នាអស់ហើយអាជ្ញាធរ។ បើមានគំនិតគ្រប់គ្រងទុក កូនចៅជំនាន់ក្រោយមិនក្រទេ។ អាជ្ញាធរមិនគិតផលប្រយោជន៍កូនចៅ បែរជាបានទៅលើប្រទេសក្រៅទៅវិញ»។
អនុប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី លោក ទី សុផល ដែលចុះអង្កេតករណីនេះ បានបដិសេធមិនផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរីនៅថ្ងៃទី២៣ ឧសភា។
កាលពីពេលថ្មីនេះៗ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល បានចុះដល់ទីតាំងអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុនចិនដោយបានស្រង់យកសំណាកសារធាតុមួយចំនួនយកទៅពិសោធន៍ និងសម្រេចផ្អាកអាជីវកម្មរុករករ៉ែមាស នៅតំបន់នោះទាំងអស់ជាបណ្ដោះអាសន្ន រួមទាំងអាជីវកម្មលក្ខណៈសហគមន៍ផង។
ការចុះស្រាវជ្រាវនេះ ក្រោយពីពលរដ្ឋ រស់នៅឃុំកន្ទួត ស្រុកចិត្របុរី ស្លាប់ ១៨នាក់ និងជាង ៣រយនាក់ធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានប្រើទឹកព្រែកទេរ ដែលមានប្រភពពីខេត្តមណ្ឌលគិរី មានសារធាតុពុល។ រីឯពលរដ្ឋនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានអាការៈខុសប្រក្រតីជាង ៨០នាក់ដែរ។ មន្ត្រីសង្គមស៊ីវិលរកឃើញថា ពលរដ្ឋរស់នៅឃុំចំនួន៥ ក្នុងខេត្តក្រចេះ និង ខេត្តមណ្ឌលគិរីកំពុងលំបាកវេទនាខ្វះខាតទឹកប្រើ និងលំបាកចិញ្ចឹមសត្វពាហនៈ ដោយសារទឹកអូរមានជាតិពុល។
អភិបាលរងខេត្តមណ្ឌលគិរី លោក ចាន់ ថា ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២២ ឧសភា ថា ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង ពុំទាន់មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែមាសនៅឡើយទេ។ លោកថា ប្រសិនបើសហគមន៍ប្រទះឃើញក្រុមហ៊ុនចិនធ្វើអាជីវកម្ម ហួសពីអាជ្ញាប័ណ្ណ សហគមន៍អាចដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្តចាត់វិធានការច្បាប់៖ «មានក្រុមហ៊ុន រ៉ុង ឆេង គេមានច្បាប់ត្រឹមត្រូវ មានច្បាប់ត្រឹមត្រូវមែន តែយើងមិនអនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែទេ។ គ្រាន់តែយើងទុកឱ្យគាត់រៀបចំទីតាំងសម្រាប់ចម្រាញ់ទេ មិនទាន់មានអាជីវកម្មទេ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ក្រសួងរ៉ែ និងថាមពល គួរតែបង្កើតយន្តការការទទួលព័ត៌មានទាក់ទងការគ្រប់គ្រងធនធានរ៉ែ ឱ្យពលរដ្ឋយល់ដឹង និងចូលរួមចំណែកតាមលទ្ធភាពក្នុងកិច្ចគាំពារធនធានធម្មជាតិ។ លោកថា ការស្វែងរកស្ថាប័នណាមួយឱ្យមកទទួលខុសត្រូវ ការគ្រប់គ្រងវិស័យរ៉ែនៅមានភាពមិនច្បាស់លាស់។ ហេតុនេះលោកចង់ឃើញ ក្រសួងពាក់ព័ន្ធត្រូវមានគោលជំហរច្បាស់លាស់ និងតម្លាភាពគ្រប់គ្រងអាជីវកម្មរ៉ែឱ្យបានត្រឹមត្រូវ៖ «បារម្ភថា មានភាពមិនប្រក្រតីដំណាក់កាលសិក្សាស្រាវជ្រាវវាបានក្លាយជា ដំណាក់កាលរុករក ព្រោះអីយើងឃើញថា កន្លែងជីកគាស់កាយ កន្លែងមួយចំនួនទម្រង់ជាការរុករក ជាជាងការសិក្សាស្រាវជ្រាវ។ ហេតុផលនេះហើយ ដែលយើងមើលឃើញថា ការគ្រប់គ្រងវិស័យរ៉ែ កំពុងមានបញ្ហា វាអាចធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ នៅពេលដែលការគ្រប់គ្រងមិនបានគ្រប់ជ្រុងជ្រោយ»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានប្រាប់អ្នកកាសែតក្នុងស្រុក កាលពីថ្ងៃទី២១ ឧសភា ថា មន្ត្រីជំនាញក្រសួងពាក់ព័ន្ធ បានយកឈាមអ្នកស្លាប់ យកទៅពិនិត្យនៅប្រទេសសិង្ហបុរី រកឃើញថា ពុំមានជាតិហ្សានីដ (Cyanide) នៅក្នុងឈាមទេ គឺមានជាតិពុលផ្សេងៗ ដែលក្រសួងសុខាភិបាលបានពិនិត្យរួចហើយ ដោយរកឃើញថា ពលរដ្ឋស្លាប់ ដោយសារថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំស្មៅ និងស្រាស។
ការលើកឡើងនេះផ្ទុយពីការរកឃើញរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ បានថ្លែងកាលពីពេលថ្មីៗនេះថា ធាតុពិតដែលនៅពីក្រោយ ករណីស្លាប់នៅក្រចេះ និងបញ្ជូនទៅសង្គ្រោះបន្ទាន់ បណ្ដាលមកពីការប្រើប្រាស់ថ្នាំគីមីមានឈ្មោះថា ក្រូម (Chromium) និងហ្សានីដ (Cyanide) ដែលគេប្រើសម្រាប់ចម្រាញ់រ៉ែមាស។
យ៉ាងណា សហគមន៍រស់នៅតំបន់រ៉ែ បានទម្លាក់កំហុសលើ អាជីវកម្មក្រុមហ៊ុនរុករករ៉ែមាស ឈ្មោះ រ៉ុង ឆេង ដែលប្រើសារធាតុស្យានីដ (Cyanide) ចម្រាញ់មាស បង្ហូរកាកសំណល់ចូលទឹក បង្កឱ្យកម្រិតទឹកមានជាតិពុលខ្ពស់បំផុត អាចសម្លាប់ជីវិតមនុស្សភ្លាមៗ។ ពួកគេអះអាងថា ក្រសួងរ៉ែ និងអាជ្ញាធរ គ្មានការទទួលខុសត្រូវគ្រប់គ្រងធនធានរ៉ែរបស់ខ្លួន បង្កឱ្យពលរដ្ឋនៅតែរងគ្រោះ និងបាត់បង់ទីកន្លែងអាស្រ័យផល៕