ដោយ វ៉ែន សុមេធ
2018-05-25
RFA

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងពេលជួបប្រជុំគ្នា ពង្រឹងគណបក្សនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ Photo Provided
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន បានសម្រេចចាកចេញពីកម្ពុជាមួយរយៈ ដើម្បីទៅបំពេញបេសកកម្មនៅអាមេរិកពីរសប្ដាហ៍។ ការសម្រេចចាកចេញរបស់លោក អ៊ូ ច័ន្ទរ័ត្ន ពីកម្ពុជានៅពេលនេះ គឺក្រោយពេលលោកប្រកាសផ្អាកសកម្មភាពទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យអាស៊ីសេរីដឹងថា មូលហេតុដែលលោកធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅពេលនេះ គឺដើម្បីជួបជុំសមាគមខ្មែរនៅសហរដ្ឋអាមេរិក។ លោក អ៊ូ ច័ន្ទរ័ត្ន គឺជាតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិតែម្នាក់ប៉ុណ្ណោះ ដែលនាពេលកន្លងមក លោកបានធ្វើការទាមទារនៅក្នុងប្រទេសកម្ពុជាឲ្យដោះលែងលោក កឹម សុខា ប្ដឹងឲ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ។ ក្រោយការទាមទារនេះបរាជ័យ ក៏ប្រកាសផ្អាកការទាមទារនេះមួយរយៈ។
កាលពីថ្ងៃទី១២ ខែឧសភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងថា ការផ្អាកការទាមទាររបស់លោកនៅក្នុងប្រទេសកម្ពុជា គឺធ្វើតាមការសម្រេចចិត្តពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ព្រោះត្បិតអីការទាមទារកន្លងមកពិបាកនឹងទទួលបានជោគជ័យ ថែមទាំងធ្វើឲ្យស្ថានការណ៍នយោបាយ កាន់តែក្ដៅថែមទៀត។
លោកបន្តថា ការផ្អាកនេះមិនមែនមានន័យថា លោកបញ្ឈប់ការទាមទារនោះទេ។ ក្រោយថ្ងៃបោះឆ្នោតហើយ លោកនឹងបន្តការទាមទារឡើងវិញ។ លោកថា ការផ្អាកនេះ ក៏ជាការទុកឱកាសឲ្យពលរដ្ឋពិចារណាសម្រេចចិត្តមិនទៅបោះឆ្នោតនាពេលខាងមខ។ លោក អ៊ូ ច័ន្ទរ័ត្នមិនទាន់ប្រាប់លម្អិតពីផែនការរបស់លោក នៅក្រៅប្រទេសឡើយ។ អ្នកវិភាគមើលឃើញថា ការចេញទៅក្រៅប្រទេសរបស់លោក អ៊ូ ច័ន្ទរ័ត្ន នៅពេលនេះ អាចជាយុទ្ធសាស្ត្រថ្មីនៃការទាមទារឲ្យដោះលែងលោក កឹម សុខា ដែរ។ អ្នកវិភាគនយោបាយយល់ថា ការសម្រេចចិត្តរបស់លោក អ៊ូ ច័ន្ទ គឺជារឿងត្រឹមត្រូវ ព្រោះអ្នកនយោបាយ បើគេធ្វើអ្វីមួយមិនបានជោគជ័យ គឺរកច្រកចេញផ្សេងទៀត។
អ្នកវិភាគនយោបាយវ័យក្មេងលោក ហង្ស វិទូ មើលឃើញថា ការផ្អាកសកម្មភាពទាមទារនៅក្នុងប្រទេសរបស់លោកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំងរូបនេះ ព្រោះគាត់កំពុងរកយុទ្ធសាស្ត្រថ្មីវិញម្ដង។ អ្នកវិភាគរូបនេះយល់ថា លោក អ៊ូ ច័ន្ទរ័ត្ន គឺស្វែងរកអន្តរាគមន៍ពីអន្តរជាតិប្រហែលជា មានប្រសិទ្ធភាពជាងការទាមទារនាពេលកន្លងមក។
លោក អ៊ូ ច័ន្ទរ័ត្ន គឺជាតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិម្នាក់ ក្នុងចំណោមអ្នកនយោបាយចំនួន ១១៨នាក់ នៃគណបក្សសង្រ្គោះជាតិដែលត្រូវរបបលោក ហ៊ុន សែន ហាមឃាត់សិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ ក្រោយរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ លោកជាតំណាងរាស្រ្តម្នាក់បានធ្វើការទាមទារនៅក្នុងប្រទេស ដោយបានដាក់ឯកសារប្ដឹងជំទាស់ទៅតុលាការ ចំពោះការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ក្រៅពីនេះលោកក៏បានកំពុងប្រមូលស្នាមមេដៃពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ដោះលែងលោក កឹម សុខា។ ប៉ុន្តែមិនដែលទទួលបានលទ្ធផល ឬការឆ្លើយតបនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។