ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ កាលពីវេលាម៉ោង ០៨ និង ០០នាទី មានករណីកម្មករដួលសន្លប់ចំនួន ៥៩នាក់ នៅរោងចក្រ Starite(Cambodia) Co., Ltd (រូបភាព៖ បសស)
កម្មករជិត ៦០នាក់នៅរោងចក្រមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារពុលក្លិនថ្នាំដែលភាយចេញពីរោងចក្រ។
របបបេឡាជាតិសន្តិសុខសង្គម បានរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កម្មការិនីចំនួន ៥៩នាក់នៅរោងចក្រស្តារីច ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅក្នុងភូមិត្រយឹង ឃុំពើក បានដួលសន្លប់នៅព្រឹកថ្ងៃនេះ ដោយថា បណ្តាលមកពីធុំក្លិនថ្នាំបាញ់ចេញពីរោងចក្រផ្សេងដែលនៅក្បែរកន្លែងកើតហេតុ។
បើតាម ប.ស.ស. ក្រុមកម្មការិនីទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យអស់ហើយ ខណៈដែលក្រុមកម្មការិនីមួយចំនួន បានធូរស្បើយ និងវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញហើយ។
ប.ស.ស. បានឲ្យដឹងថា រោងចក្រស្តារីចនេះ មានកម្មករធ្វើការសរុបទាំងអស់ ៧៤៥នាក់៕
កម្មករកម្មការិនីសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល ព្រឹកថ្ងៃទី២៨ ឧសភា ២០១៨ (រូបភាព៖ ប.ស.ស)
កម្មករកម្មការិនីដែលពុលក្លិនផ្សារដែក ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកអង្គស្នួល ថ្ងៃទី ២៨ ឧសភា ២០១៨ (រូបភាព៖ ប.ស.ស)