
យុវជន អ៊ឹម បញ្ញា កំពុងត្រូវបានចាប់ក្រៀក និងវ៉ៃ។ រូបថត FN
Mon, 28 May 2018
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ដែលបានប្រើអំពើហិង្សាវ៉ៃទៅលើបុរសម្នាក់ឲ្យរងរបួសយ៉ាងដំណំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមនរួចបានដឹកជនរងគ្រោះទាំងដៃជាប់ខ្នោះយកទៅទម្លាក់នៅក្នុងក្រសួងមហាផ្ទៃនោះត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ក្រោមការចោទប្រកាន់ពីបទ «បង្ករបួសស្នាម»។
យោងតាមមន្ត្រីនគរបាលជាន់ខ្ពស់មួយរូបបានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា មន្ត្រីនគរបាលរូបនោះត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសបានកំណត់អត្តសញ្ញាណជននោះចេញពីវីដេអូឃ្លីបរបស់អ្នកកាសែតនៅពេលកើតហេតុ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ករណីមន្ត្រីនគរបាលដែលវាយយុវជនម្នាក់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ រួចដឹកយកទៅទម្លាក់នៅក្នុងក្រសួងមហាផ្ទៃនោះគឺដោយសារតែខឹងជនរងគ្រោះមិនប្រាប់ពីកន្លែងស្នាក់នៅអ្នកដែលយកម៉ូតូមិត្តភក្ដិរបស់ជនបង្កទៅបញ្ចាំ ទើបកើតជាហិង្សាបែបនេះ។
ជនបង្កមានឈ្មោះ សុន ពិសាល ឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍នៅនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្ត្រ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹម បញ្ញា អាយុ ២៤ ឆ្នាំស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថានាយកដ្ឋានរបស់លោកបានបញ្ជូនមន្ត្រីនគរបាលរូបនោះទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍គឺបន្ទាប់ពីជននោះត្រូវបានចាប់ខ្លួន ហើយគាត់ត្រូវបានចោទប្រកាន់ពី «បទបង្ករបួសស្នាម»។
អំពើហិង្សាវ៉ៃដំទៅលើយុវជន អ៊ឹម បញ្ញា ត្រូវបានអ្នកកាសែតថតបានកាលពីយប់ថ្ងៃព្រហស្បតិ៍នៅសង្កាត់បឹងកេងកង ទី ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅក្នុងវីដេអូនោះគេឃើញមានបុរស ៤ នាក់ដែល ២ នាក់ពាក់ឯកសណ្ឋានប៉ូលិសដោយពួកគេបានអះអាងថា ពួកគេព្យាយាមហៅយុវជនឈ្មោះ អ៊ឹម បញ្ញា ឲ្យឈប់ដោយពួកគេសង្ស័យថា យុវជនរូបនោះកំពុងជិះម៉ូតូដែលត្រូវបានគេលួច។
ឈ្មោះ សុន ពិសាល បានឃាត់ខ្លួនយុវជនឈ្មោះ បញ្ញា ខណៈដែលមន្ត្រីនគរបាលម្នាក់ទៀតបានចាប់ក្រៀកគាត់ជាប់។ ក្រោយមកឈ្មោះ ពិសាល បានទាត់យុវជនបញ្ញា ខណៈដែលដៃរបស់យុវជនរូបនោះកំពុងជាប់ខ្នោះ។
នៅឯកន្លែងកើតហេតុយុវជន បញ្ញា បានប្រាប់ក្រុមអ្នកយកព័ត៌មាន និងអ្នកឈរមើលនៅទីនោះថា គាត់មិនបានលួចម៉ូតូនរណាទេ ហើយគាត់បានអង្វរមន្ត្រីនគរបាលទាំងនោះកុំឲ្យនាំគាត់ទៅកន្លែងផ្សេងទៀត ត្រូវរង់ចាំឪពុកម្តាយរបស់គាត់មកដល់សិន។
នៅក្នុងវីដេអូនោះ បញ្ញា និយាយថា៖ «ដៃខ្ញុំឈឺណាស់… ជួយខ្ញុំផង សូមរង់ចាំឪពុក ម្តាយខ្ញុំមកដល់សិន។ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ ខ្ញុំមិនព្រមទៅជាមួយលោកទេ បងប្អូនអើយជួយខ្ញុំផង»។
បន្ទាប់ពីយុវជន បញ្ញា ត្រូវគេដឹកតាមម៉ូតូកង់ ៣ យកទៅទម្លាក់នៅក្នុងក្រសួងមហាផ្ទៃ ក្រោយមកឪពុកម្តាយយុវជន បញ្ញា បានទៅដល់ហើយបាននាំ បញ្ញា ទៅព្យាបាលនៅគ្លីនិកឯកជនមួយ៕ NS
Contact author: ម៉ិច ដារ៉ា
