
លោក សម រង្ស៊ី ចូលគាល់ព្រមហាក្សត្រ នរោត្តម សីហមុនី កាលពីឆ្នាំ ២០១៣។ រូបថត AFP
Mon, 28 May 2018
នៀម ឆេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានប្រតិកម្មទៅលើលិខិតរបស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិដែលសរសេរទៅកាន់ព្រះមហាក្សត្រដែលបានស្នើសុំព្រះអង្គកុំឲ្យដាក់សម្ពាធលើប្រជាពលរដ្ឋខ្មែរដោយមានការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។
លោក ឥសាន ថ្លែងថា៖ «ខ្ញុំយល់ឃើញថាវាជាចរិតទុច្ចរិតរបស់ សម រង្ស៊ី ដែលជ្រៀតជ្រែកចូលកិច្ចការព្រះមហាក្សត្រជាការរំខានដល់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ។ ការអំពាវនាវការធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រនេះ វាបញ្ជាក់ច្បាស់ហើយថា ទណ្ឌិត សម រង្ស៊ី បរាជ័យផ្ទួនៗ ហើយចុងក្រោយអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតថា នៅផ្ទះឈ្នះឯង ប្រជាពលរដ្ឋណាទៅជឿតាមគាត់នោះ»។
លោក សម រង្ស៊ី កាលពីសប្តាហ៍មុនបានសរសេរលិខិតមួយថ្វាយព្រះមហាក្សត្រស្នើសុំព្រះអង្គកុំឲ្យដាក់សម្ពាធលើប្រជាពលរដ្ឋខ្មែរ ដោយការអំពាវនាវទៅពលរដ្ឋឲ្យទៅបោះឆ្នោត។ លិខិតសរសេរជាភាសាបារាំង ចុះថ្ងៃទី ២៣ ឧសភា ហើយត្រូវបានបង្ហោះជាភាសាខ្មែរ និងអង់គ្លេសអមជាមួយលិខិតនោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៤ ឧសភា។
លិខិតនោះសរសេរថា៖ «ទូលព្រះបង្គំសូមព្រះរាជានុញ្ញាតសរសេរលិខិតនេះថ្វាយព្រះអង្គដើម្បីសូមស្នើព្រះអង្គកុំធ្វើតាមអ្វីដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាកំពុងតែស្នើព្រះអង្គឲ្យធ្វើអន្តរាគមន៍ ដើម្បីជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតថ្ងៃ ២៩ កក្កដាខាងមុខនេះ»។
លោក សម រង្ស៊ី អធិប្បាយថាការបោះឆ្នោតថ្ងៃ ២៩ កក្កដា ជាការបោះឆ្នោតក្លែងក្លាយ និងជាឆាកល្ខោនដោយផ្តល់អំណះអំណាងថា ដោយសារតែគ្មានវត្តមានគណបក្សប្រឆាំងធំជាងគេគឺគណបក្សសង្គ្រោះជាតិ។ ទោះជាយ៉ាងណាក៏ដោយតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការស្រាយបំភ្លឺពីលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក អ៊ុំ តារាវុធ សមាជិក ខុទ្ទកាល័យព្រះមហាក្សត្របានទេកាលពីម្សិលមិញ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានអះអាងថាលោក សម រង្ស៊ី បានបញ្ចេញលិខិតនោះនៅលើហ្វេសប៊ុកមួយថ្ងៃក្រោយពេលលោកសរសេរទៅព្រះមហាក្សត្រ។
លោក ម៉ុងហៃ ថ្លែងថាលោក សម រង្ស៊ី គួរតែរក្សាភាពស្ងប់ស្ងៀមរហូតដល់លោកទទួលបានដំណឹងថា លិខិតនោះបានទៅដល់ព្រះមហាក្សត្រ។
លោក ហង្ស វិទូ អ្នកវិភាគម្នាក់ទៀតយល់ថា លិខិតរបស់លោក សម រង្ស៊ី គ្រាន់តែជាលិខិតបែបបុគ្គលផ្ទាល់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរមួយរូបប៉ុណ្ណោះ ហើយគ្មានបុគ្គលណាអាចបង្ខំព្រះមហាក្សត្រឲ្យធ្វើអ្វីមួយបានឡើយ។
លោក ហង្ស វិទូ ថ្លែងថា៖ «និយាយពីឥទ្ធិពលមិនមានឥទ្ធិពលអ្វីលើអង្គព្រះមហាក្សត្រទេ។ តែចំពោះប្រជាពលដ្ឋខ្មែរនៅមានអ្នកគាំទ្រច្រើនគួរសម»៕
Contact author: នៀម ឆេង