រូបភាពពីវីដេអូ ពីហ្វេសប៊ុក Gigi Nuary
សកម្មជនបរិស្ថានខេត្តកោះកុង បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យដកហូតបណ្ដាកោះទាំងអស់នៅក្នុងដែនសមុទ្រស្ថិតក្នុងខេត្តនេះពីក្រុមហ៊ុនឯកជន ដោយថា ក្រុមហ៊ុនឯកជន ពុំបានអភិវឌ្ឍអ្វីនោះឡើយ ចាប់តាំងពីពួកគេទទួលបានសម្បទាន។
នៅក្នុងវីដេអូរយៈពេល ២នាទី និង ៩វិនាទី ដែលបង្ហោះផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិ សកម្មជនបរិស្ថាន កញ្ញា លឹម គឹមស័រ បានអះអាងថា គ្មានការអភិវឌ្ឍនៅលើបណ្ដាកោះទាំង ១៤នៅស្ថិតក្នុងដែនសមុទ្រនៅក្នុងស្រុកគិរីសាគរនោះឡើយ បន្ទាប់ពីកោះទាំងនោះត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនឯកជន«ដោយសម្ងាត់»នៅចន្លោះឆ្នាំ២០០៨ដល់ឆ្នាំ២០១២នោះ។
សកម្មជនបរិស្ថានរូបនេះ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យដកហូតបណ្ដាកោះទាំងនោះពីក្រុមហ៊ុនឯកជនមកវិញ ហើយបើកឲ្យសាធារណជនបានចូលទៅលេងកម្សាន្តនៅលើបណ្ដាកោះទាំងនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមេសាកន្លងមកនេះ បានបញ្ជាទៅស្ថាប័នពាក់ព័ន្ធ ឲ្យចុះត្រួតពិនិត្យ និងដកហូតកោះនានាពីបណ្ដាក្រុមហ៊ុនឯកជន បន្ទាប់ពីក្រុមហ៊ុនទាំងនោះពុំបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមកិច្ចសន្យានោះឡើយ។
នៅពេលទំនាក់ទំនងតាមទូរស័ព្ទនៅថ្ងៃនេះ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្ដាសោភា បានបដិសេធផ្ដល់ព័ត៌មានលម្អិតដល់វីអូឌី។
លោក សុខ ចិន្ដាសោភា បានប្រាប់ថា៖ «អរគុណ អរគុណ ខ្ញុំអត់មានត្រូវសម្ភាសអីតាមទូរស័ព្ទទេ»។
វីអូឌីបានព្យាយាមស្វែងរកការពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡោ រ៉ាវុធ និងលោក សេង ឡូត ប៉ុន្តែ ពុំមាននរណាទទួលទូរស័ព្ទនោះឡើយ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ទិន ពន្លក បានចុចផ្ដាច់ទូរសព្ទទៅវិញ នៅពេលវីអូឌីបានស្វែងរកការពន្យល់ពីលោក។
នាយកប្រតិបត្តិ NGO Forum លោក តឹក វណ្ណារ៉ា ដែលឃ្លាំមើលដំណើរអភិវឌ្ឍន៍នៅកម្ពុជា មិនអាចទាក់ទងបានទេ ប៉ុន្តែ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា លោកផ្អាកនិយាយសារព័ត៌មានមួយរយៈ ដោយថា ព្រួយបារម្ភជុំវិញស្ថានភាពនយោបាយ។
របាយការណ៍របស់អង្គការមាតាធម្មជាតិដែលវីអូឌីទទួលបាន បានបង្ហាញថា កោះចំនួន១៦ ដែលមានផ្ទៃដីទំហំ ១៣៤៣,២ហិកតា ត្រូវបានរដ្ឋាភិបាលប្រគល់ទៅឲ្យក្រុមហ៊ុនឯកជនចំនួន ៩ សម្រាប់ធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ ដោយក្នុងនៅមានទាំងក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ ផងដែរ៕