សត្វព្រៃដែលនាំចូលខុសច្បាប់ពីប្រទេសថៃ រឹបអូសថ្ងៃទី 27 ឧសភា 2018 (រូបភាព៖ នគរបាលជាតិ)
របាយការណ៍នគរបាលជាតិ បានឲ្យដឹងថា សត្វព្រៃជាង ៧០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចកម្ពុជារឹបអូសបានកាលពីយប់មិញនេះ នៅក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីត្រូវបាននាំចេញពីប្រទេសថៃតាមច្រករបៀង។
គេហទំព័រនគរបាលជាតិ បានចុះផ្សាយនៅថ្ងៃនេះ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានរឹបអូសសត្វអន្សង និងអណ្ដើកមានទម្ងន់ដល់ទៅ ៧២១គីឡូក្រាម ដែលត្រូវបាននាំចូលពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជាតាមច្រករបៀង ស្ថិតក្នុងស្រុកម៉ាឡៃ កាលពីយប់ថ្ងៃទី២៧ ខែឧសភានេះ។
សេចក្ដីរាយការណ៍៍ដដែលនេះ បានដកស្រង់សម្ដីស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក ចាប សុផាឫទ្ធិ ដែលបាននិយាយថា សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ផងដែរ អំឡុងពេលបង្ក្រាបបទល្មើសជួញដូរសត្វព្រៃឆ្លងដែននេះ៕