សមត្ថកិច្ច​ម៉ាឡេស៊ី​ស្រាវជ្រាវ​រក​ចាប់​មេខ្យល់​ឆបោក​ពលរដ្ឋ​ខ្លួន​ ៤៧​នាក់​នៅ​កម្ពុជា​

2019-02-20
RFA

ជនជាតិ​ម៉ាឡេស៊ី​ជួបជុំគ្នា​ថតរូប​នៅ​មុខ​ពន្ធនាគារ​ក្រោយពី​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៩។ Photo courtesy of Malaysia Embassy in Phnom Penh
ជនជាតិ​ម៉ាឡេស៊ី​ជួបជុំគ្នា​ថតរូប​នៅ​មុខ​ពន្ធនាគារ​ក្រោយពី​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៩។ Photo courtesy of Malaysia Embassy in Phnom Penh


នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ផ្នែក​ពាណិជ្ជកម្ម​ប្រទេស​ម៉ាឡេស៊ី បាន​ចុះផ្សាយនៅថ្ងៃទី២០ កុម្ភៈ​ឲ្យ​ដឹង​ថា ស្ថាប័ន​មួយ​នេះ​បាន​កំណត់​មុខ​សញ្ញា​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​ជនជាតិ​ម៉ាឡេស៊ី​៤៧នាក់​ទៅ​ធ្វើ​ការ​នៅ​កម្ពុជា​នោះ​ហើយ។ បច្ចុប្បន្ន​ស្ថាប័ន​នេះ ក៏​​កំពុង​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្យល់​ដែល​ឆបោក​នោះ​ដែរ។

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ លោក សិទ្ធ ឡោះ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២០​កុម្ភៈ​ថា ខាង​លោក​មិន​ទាន់​ទទួល​ដំណឹង​អំពី​​ការ​ឆក​បោក​នេះ​នៅ​ឡើយ​ទេ។ទោះ​ជា​យ៉ាង​ណា​លោក​ថា បើ​សិន​ជា​មាន​តម្រុយ​ច្បាស់​លាស់​ប៉ូលិស​នឹង​តាម​ចាប់​អ្នក​ពាក់ព័ន្ធ​បន្ត​ទៀត ​ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ដូច្នោះ​ការ​សួរ​ពី​រឿង​ឆបោក​អី​​គឺ​ខ្ញុំ​អត់​បាន​សួរ​ទេ​ ដោយ​យើង​កំណត់​បាន​តែ​ការ​ប្រើ​ទីតាំង​បើក​បន​ល្បែង​​គ្មាន​ច្បាប់​ ត្រង់​ថា​រឿង​ឆបោក​អី​ខ្ញុំ​អត់​ដឹង​ទេ​ ដោយសារ​ពេល​វេលា​ខ្លី​ ហើយ​ខ្ញុំ​ត្រូវ​ការ​អ្នក​បកប្រែ​ដើម្បី​សួរដេញដោល​ ដូច្នេះ​ហើយ​បាន​ជា​យើង​មិន​បាន​សួរ​ល្អិតល្អន់​ដល់​ដំណាក់​ការ​នេះ គឺ​ខ្ញុំ​មើល​តែ​បទ​ល្មើស​ជាក់​ស្ដែង»

លោក សិទ្ធ ឡោះ​ បន្ត​ទៀត​ថា​ ជនជាតិ​ម៉ាឡេស៊ី​​ទាំង​នោះ​បាន​លួច​បើក​បន​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឹណិត​ខុស​ច្បាប់​ នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក្នុង​នោះ​មាន​​ប្រមាណ ៦​នាក់​បាន​ចូល​មក​ធ្វើ​ការងារ​នៅ​កម្ពុជា​គ្មាន​លិខិតឆ្លងដែន។

ប៉ុន្តែ​កាសែត​ខ្លះ​ចុះ​ផ្សាយ​ថា ពួកគេ​​ត្រូវ​បាន​មេខ្យល់​លួងលោម​យក​ទៅ​ធ្វើការ​នៅ​កម្ពុជា​ដោយ​សន្យា​ផ្ដល់​ប្រាក់​ខែ​ល្អ និង​សំបុត្រ​យន្តហោះ​មក​កម្ពុជា​ដោយ​ឥត​ថ្លៃ ប៉ុន្តែ​​នៅ​ពេល​មក​ដល់​កម្ពុជា មេ​ខ្យល់​ក៏​បាន​ចាប់​បង្ខាំង​ពួក​គេ​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប​ ហើយ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ សមត្ថកិច្ច​បាន​ចាប់​ពួកគេ​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។ កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះ​លែង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៤៧​នាក់​នោះ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ បន្ទាប់​ពី​ពួក​គេ​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​នេះ​អស់​ជាង ១​ខែ ដោយសារ​មាន​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles