ដោយ មួង ណារ៉េត
2019-03-09
RFA

លោកស្រី ឡុច ទូច ជាសកម្មជនដីធ្លីខេត្តព្រះសីហនុ ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ ពីខែឧសភា ឆ្នាំ២០១៨ ជាប់ចោទពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។ រូបថត៖ ហ្វេសប៊ុក Phel Pheap
ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុប្រមាណ ៤០០នាក់នាំគ្នាទៅតវ៉ានៅសាលាខេត្តព្រះសីហនុនិងមុខតុលាការខេត្តនេះទាមទារឱ្យមានការដោះលែងកម្មជនធ្លីម្នាក់គឺលោកស្រី ឡុច ទូច នៅថ្ងៃទី៨ ខែមីនា ដែលជាថ្ងៃនៃការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនាប៉ុន្តែការទាមទារនេះមិនទទួលបានលទ្ធផលឡើយ។
មូលហេតុដែលក្រុមពលរដ្ឋទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេក្នុងថ្ងៃសិទ្ធិនារីអន្តរជាតិ ៨ មីនា ដោយសារអ្នកជាប់ឃុំ គឺជាស្ត្រី។ ដូច្នេះពួកគេសង្ឃឹមថាលោកស្រី ឡុច ទូច នឹងទទួលបានយុត្តិធម៌ក្នុងថ្ងៃដ៏ពិសេសនេះ។ ហេតុផលផ្លូវច្បាប់មួយវិញទៀត គឺនៅថ្ងៃទី៨ ខែមីនានេះដែរជាគម្រប់ ១០ខែនៃឃុំខ្លួន ដែលដល់ថ្ងៃត្រូវសកម្មជនដីធ្លីរូបនេះ ត្រូវទទួលបានសេរីឡើងវិញតាមអំណាចសាលដីកាតុលាការកំពូល។
តំណាងសហគមន៍ដីធ្លីតំបន់សេអ៊ី៥ លោក ស៊ុន សុផាត ឱ្យអាស៊ីសេរីដឹងថា នៅពេលពលរដ្ឋប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តព្រះសីហនុគ្មានមន្ត្រីចេញមកទទួលញត្តិ ដូច្នេះក្រុមពលរដ្ឋក៏ប្ដូរទិសដៅទៅសម្ដែងមតិនៅសាលាខេត្តព្រះសីហនុវិញម្ដង។ លោកឱ្យដឹងទៀតទៀតថា អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអនុញាតិឱ្យពលរដ្ឋចូលរួមជួបនៅសាលាប្រជុំ៖ «»
ជាការឆ្លើយតបអភិបាលខេត្តព្រះសីហនុលោក យន្ត មីន ប្រាប់ទៅពលរដ្ឋថា អាជ្ញាធរបានព្យាយាមដោះស្រាយបញ្ហាដីធ្លីតាមលទ្ធភាពរបស់ខ្លួន និងតាមនីតិវិធីតាមដំណាក់កាល ប៉ុន្តែលោកថា បើករណីណាចូលដល់តុលាការ អាជ្ញាធរមិនអាចអន្តរាគមន៍បានទេ។ លោកបញ្ជាក់ ថា ករណីលោកស្រី ឡុច ទូច ដែលកំពុងស្ថិតក្នុងដៃតុលាការ គឺអាជ្ញាធរខេត្តមិនអាចលូចដៃចូលបានទេ៖ «»
លោកស្រី ឡុច ទូច និងប្រជាសហគមន៍អូរខ្សាច់បីរូបផ្សេងទៀត ត្រូវតុលាការចោទប្រកាន់ពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» តាមបណ្ដឹងរបស់ឈ្មោះ តាន់ តាត់ មានងារជាឧកញ៉ា និងឈ្មួញរកស៊ីដីធ្លីម្នាក់ទៀតឈ្មោះ ឡុញ វណ្ណៈ កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។ក្នុងសំណុំរឿងនេះលោកស្រី ឡុច ទូច បានអនុវត្តទោសរួចរាល់ហើយដោយជាប់ពន្ធនាគារអស់ ៧ខែ ប៉ុន្តែលោកស្រីត្រូវរងការចោទប្រកាន់ក្នុងសំណុំរឿងមួយទៀតដែលជារឿងចាស់ ១០ឆ្នាំមកហើយ។ សំណុំរឿងចាស់នេះ លោកស្រី ឡុច ទូច ត្រូវជាប់ឃុំរយៈពេល ១០ខែ គិតពីថ្ងៃចាប់ឃុំខ្លួនកាលពីថ្ងៃទី៨ ខែសភា តាមសាលដីកាតុលាការកំពូល។
មេធាវីការពារក្តីឱ្យលោកស្រី ឡុច ទូច លោកមេធាវី ពុធ ធាវី ឱ្យអាស៊ីសេរីដឹង បើតាមអំណាចសាលដីកាតុលាការកំពូល និងគោលការណ៍ស្រូបទោស កូនក្ដីរបស់លោកនឹងត្រូវឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩៖ «»
ប៉ុន្តែលោក មេធាវីប្រាប់ថា លោកបានដាក់លិខិតទៅព្រះរាជអាជ្ញាខេត្តព្រះសីហនុស្នើឱ្យមានដោះលែងកូនក្ដីលោកកាលពីថ្ងៃទី២ ខែមីនា ប៉ុន្តែមិនទទួលបានការយល់ព្រមតាមសំណើទេ ដោយព្រះរាជអាជ្ញាខេត្តព្រះសីហនុលើកឡើងថា មិនបានដាក់ពាក្យស្នើសុំស្រូបទោសបញ្ចូលគ្នា។ លោកមេធាវីប្រាប់ថា ក្រោយកូនក្ដីរបស់លោកមិនទាន់ទទួលបានដោះលែងបែបនេះ លោកនឹងដាក់លិខិតទៅក្រសួងយុត្តិធម៌ស្នើសុំឱ្យបកស្រាយពីអំណាចសាលក្រមតុលាការខេត្តព្រះសីហនុ និងអំណាចសាលដីកាតុលាការកំពូល៖ «»
សកម្មជនដីធ្លីខេត្តព្រះសីហនុលោកស្រី ឡុច ទូច បានជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ១០ខែគត់គិតត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយពេលនេះដែរ លោកស្រីក៏កំពុងជួបបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារជំងឺលើសឈាម និងជំងឺបេះដូងធ្វើទុក្ខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។