សង្គម
|
https://www.vodhotnews.com
គណបក្សនយោបាយមួយចំនួនដែលចូលរួមក្នុងការបោះឆ្នោតអសកលនាពេលខាងមុខនេះ បានបង្ហាញក្ដីសង្ឃឹមថា ពួកគេនឹងអាចទទួលបានអាសនៈមួយចំនួននៅក្នុងការក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ប៉ុន្តែ សង្គមស៊ីវិលពុំមើលឃើញដូចពួកគេនោះឡើយ។
ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត រាជធានី-ក្រុង ស្រុក-ខណ្ឌ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ជាការបោះឆ្នោតអសកលដែលមានអង្គបោះឆ្នោតជាសមាជិកជាប់ឆ្នោតនៅក្រុមប្រឹក្សាឃុំ-សង្កាត់។
បញ្ជីគណបក្សចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីចុងសប្ដាហ៍កន្លងមកនេះមានគណបក្សចំនួន៧ហើយ បានចុះបញ្ជីត្រៀមបោះឆ្នោតមួយនេះ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធ បានឲ្យដឹងថា គណបក្សរាជានិយមមួយនេះ មានក្តីសង្ឃឹមពីការបោះឆ្នោតនេះ ដោយសារក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីកន្លងទៅ គណបក្សក៏បានទទួលអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកនេះផងដែរ។
លោក ណុប សុធារិទ្ធ ប្រាប់ថា៖ «គណបក្សយើងបានគណនារួចហើយ យើងឃើញថា យើងនឹងអាចទទួលបានអាសនៈនៅតាមខេត្ត និងរាជធានីមួយចំនួន ដូចជា ខេត្តកណ្ដាល បាត់ដំបង កំពង់ធំ សៀមរាប អីហ្នឹង។ យើងគណនារួចស្រេចហើយថា យើងនឹងទទួលបានអាសនៈ។ តែទោះជាយ៉ាងណា យើងអត់ទាន់លម្អិតទេ [អាសនៈដែលទទួលបានប៉ុន្មាន]»។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ មានប្រសាសន៍ថា ការចូលរួមរបស់គណបក្សលោកក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-រាជធានីនេះ គឺចង់បង្ហាញសាធារណជនថា គណបក្សលោកមានរចនាសម្ព័ន្ធត្រឹមត្រូវក្នុងការដឹកនាំ និងបំពេញលក្ខណៈដល់អង្គបោះឆ្នោតគណបក្សលោកដែលមាន ៣រូបនៅស្រុកអូររាំងឪផងដែរ។
លោក ពេជ្រ ស្រស់ ប្រាប់ថា៖ «វិទ្យាសាស្ត្រនយោបាយមិនមែនចាំតែឈ្នះ បានយើងចូលរួមប្រកួតប្រជែងឯណា? ការចូលរួមប្រកួតប្រជែង គឺសំដៅលើឆន្ទៈ គឺយើងបង្ហាញដល់ម្ចាស់ឆ្នោតថា គណបក្សយុវជនមិនមែនជាគណបក្សសិប្បនិមិត្តទេ ហើយបក្សយើងមានអង្គបោះឆ្នោតដល់៣រូប ហើយបើយើងមិនចូលរួម តើអង្គបោះឆ្នោតយើងគាត់ទៅណា? លក់ឲ្យគេ? ឬក៏គាត់មិនទៅបោះឆ្នោត»។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា មានប្រសាសន៍ថា ការសម្រេចចូលរួមបោះឆ្នោតរបស់គណបក្សលោក គឺដើម្បីឲ្យពលរដ្ឋបានស្គាល់ និងអាចយកឱកាសរៀបចំរចនាសម្ព័ន្ធរបស់បក្សផងដែរ។ បើទោះលោកមានក្ដីសង្ឃឹមតិចតួចប៉ុណ្ណោះក៏ដោយ លោកចាត់ទុកថា ការចូលរួមនេះ គឺជាការចូលរួមបង្កើនលទ្ធិប្រជាធិបតេយ្យមួយនៅកម្ពុជា។
លោក គង់ ម៉ូនីកា ប្រាប់ថា៖ «ខ្មែរត្រូវការលទ្ធិប្រជាធិបតេយ្យមួយផ្ទាល់ខ្លួនត្រឹមត្រូវពិតប្រាកដ ដែលគ្រប់ភាគីអាចទទួលយកបាន»។
ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខខេង អះអាងថា ការចូលរួមរបស់បក្សលោកក្នុងការបោះឆ្នោតនេះ គឺដោយសារមើលឃើញថា អាចមានអាសនៈខ្លះនៅក្នុងខេត្តមួយចំនួននិងអាចទាក់ទាញអង្គបោះឆ្នោតពីបក្សដទៃផងដែរ។
លោកថា៖ «លោកមេឃុំទាំងអស់ដែលជាប់ឆ្នោតហ្នឹង គាត់ថា គាត់ចង់បានគំនិតនៃការចូលរួមដើម្បីអភិវឌ្ឍតំបន់របស់គាត់។ ដូចនេះ គាត់គិតថា ខួរក្បាលតែមួយមិនអាចរីកចម្រើនដូចខួរក្បាលច្រើនទេ។ អញ្ចឹង គាត់ត្រូវការខួរក្បាលពីគណបក្សផ្សេងទៀត ដើម្បីលើកស្ទួយរាជរដ្ឋាភិបាលក្នុងអាណត្តិរបស់គាត់»។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស យល់ថា គណបក្សផ្សេងមិនអាចមានលទ្ធភាពណាមួយទាក់ទាញអង្គបោះឆ្នោតរបស់បក្សប្រជាជនកម្ពុជា ឲ្យបោះឆ្នោតឲ្យខ្លួននោះទេ ដោយសារតែប្រព័ន្ធនៃការបោះឆ្នោតនៅកម្ពុជាជាប្រព័ន្ធបោះឲ្យបក្ស មិនមែនជាប្រព័ន្ធបោះឲ្យបុគ្គលនោះទេ។
លោក កន សាវាង្ស ប្រាប់ថា៖ «របបស្រលាញ់បក្សមិនអាចជ្រើសរើសបក្សផ្សេងទេ។ វាខុសពីការបោះឆ្នោតឯកត្តនាម។ បើឯកកត្តនាម មានន័យថា ប្រជាពលរដ្ឋស្រលាញ់តំណាងរបស់ខ្លួន អញ្ចឹងនៅពេលណាបេក្ខជនណាគេស្រលាញ់ គេបោះឲ្យ។ អញ្ចឹង រឿងនេះវាផ្ទុយគ្នាអញ្ចឹង»។
បើតាមលោក កន សាវាង្ស បើគ្មានអ្វីប្រែប្រួលការបោះឆ្នោតអសកលលើកនេះ គឺបក្សប្រជាជនទទួលបានអាសនៈទាំងស្រុងនៃការបោះឆ្នោតចាប់ពីថ្នាក់រាជធានី -ខេត្ត ដល់ក្រុង-ស្រុក-ខណ្ឌ។
កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតអសកលមួយដែលបោះឆ្នោតដោយអង្គបោះឆ្នោតចំនួន ១១,៥៧២នាក់នៅទូទាំងប្រទេស
ជាភាគច្រើនលើសលប់ គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា៕