ពិព័រណ៍​សិល្បៈ​ ​ចិន​សុំ​ខ្ចី​បដិមា​ខ្មែរ​ទៅ​តាំង​ពិព័រណ៍​នៅ​ប្រទេស​ចិន​

ដោយ អ៊ឹម រចនា
11/03/2019
RFI

media
ប្រាសាទតាកែវ
@Chungvandat


ពិព័រណ៍​សិល្បៈ​ចិន បាន​ធ្វើ​សំណើ​សុំ​ខ្ចី​រូប​បដិមា​ខ្មែរ ដើម្បី​យក​ទៅ​ចូល​រួម​ការ​តាំង​ពិព័រណ៍​អរិយធម៌​អាស៊ី នៅ​ប្រទេស​ចិន​​។ សំណើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួបនៅ​ថ្ងៃ​ចន្ទ ទី​១១​មីនា​នេះ ​រវាង​លោក CHOU Ming អនុ​ប្រធាន​នៃ​ពិព័រណ៍​សិល្បៈ​ចិន និង​លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ 

បដិមា​ខ្មែរ ដែល​ពិព័រណ៍​សិល្បៈ​ចិន​ស្នើ​ខ្ចី​នោះ ជា​បដិមា​មក​ពី​ប្រាសាទ​តាកែវ និង​ប្រាសាទ​ចៅសាយ​ទេវតា​។ លោក CHOU Ming អនុ​ប្រធាន​នៃ​ពិព័រណ៍​សិល្បៈ​ចិន បាន​ថ្លែង​ប្រាប់​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថា នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ប្រទេស​ចិន មានបំណង​រៀបចំ​ពិព័រណ៍​អរិយធម៌​អាស៊ី​ដែល​មាន​លក្ខណៈ​ពិសេស ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​បេតិកភណ្ឌ​វប្បធម៌​នៅ​ក្នុង​រមនីយដ្ឋាន​អង្គរ​។ ក្នុង​ន័យ​នេះ​ហើយ ទើប​ចិន​ត្រូវ​ការ​បដិមា​ដែល​មាន​ប្រភព​ពី​ប្រាសាទ​តាកែវ និងប្រាសាទ​ចៅសាយ​ទេវតា យក​ទៅ​តាំង​នៅ​ក្នុង​ពិព័រណ៍​នោះ​។

អាជ្ញាធរ​ជាតិ​អប្សរា មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណើ​របស់​ពិព័រណ៍​សិល្បៈ​ចិន​នៅ​ឡើយ​ទេ ដោយ​គូស​បញ្ជាក់​ថា រាល់​រូប​បដិមា​ដែល​បាន​ស្នើ​សុំ​ខ្ចី ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ធានា​រ៉ាប់រង ស្រប​តាម​ការ​គ្រប់​គ្រង​បុរាណ​វត្ថុ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​។ និង​ថា អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​ការពេល​វេលា​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ មុន​នឹង​អាច​អនុញ្ញាត​ឲ្យ​យក​បដិមា​ចេញ​ពី​ទីតាំង​ជាក់​ស្ដែង​។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា វត្តមាន​​បដិមា​ខ្មែរ​នៅក្នុង​ការ​តាំង​ពិព័រណ៍​អរិយធម៌​អាស៊ី​ដែល​ប្រទេស​ចិន​រៀបចំ គឺ​ជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​អរិយធម៌​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អាស៊ី និង​ជុំ​វិញ​ពិភពលោក។ អាជ្ញាធរ​ជាតិ​អប្សរា​សន្យា​ថា នឹង​ជួយ​សម្របសម្រួល​និង​សហការ​ល្អ ដើម្បី​ឲ្យ​កិច្ចការ​នេះ​ដំណើរ​ការ​ទៅ​បានដោយ​​រលូន​។

សូម​រំឭក​ជូន​ថា កម្ពុជា​ធ្លាប់​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ខ្ចី​បដិមា​ខ្មែរ​ចំនួន​៨០​រូប កាល​ពី​ឆ្នាំ​២០១៤ សម្រាប់​ពិធី​តាំង​ពិព័រណ៍រយៈ​ពេល​៦​ខែ​​នៅ​ប្រទេស​ចិន​។ វត្ថុ​បុរាណ​ចំនួន​៨០​រូប​នោះ ត្រូវ​បាន​ជ្រើស​រើស​ដោយ​ល្អិត​ល្អន់​បំផុត​ពី​មន្ដ្រី​ជំនាញ​កម្ពុជា និង​មន្ដ្រី​ជំនាញ​របស់​ចិន ដើម្បី​បង្ហាញ​នូវ​ភាព​សម្បូរ​បែប​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ ជា​អាថិ៍ វត្ថុ​ធ្វើ​ពី​សំរិទ្ធ វត្ថុ​ធ្វើ​ពី​ថ្ម និង​វត្ថុ​កុលាលភាជន៍​​​​។ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​និង​ដំឡើង​ដាក់​តាំង បដិមា​ភាគ​ច្រើន​ដែល​យក​ទៅ​តាំង​ពិព័រណ៍​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៤​នោះ មាន​កម្ពស់​មិន​លើស​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើយ៕

What Next?

Recent Articles