2019-03-11
RFA

លោកស្រី ឡុច ទូច ជាសកម្មជនដីធ្លីខេត្តព្រះសីហនុ ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ ពីខែឧសភា ឆ្នាំ២០១៨ ជាប់ចោទពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។ រូបថត៖ ហ្វេសប៊ុក Phel Pheap
មេធាវីការពារក្ដីឱ្យលោកស្រី ឡុច ទូច ស្នើសុំទៅក្រសួងយុត្តិធម៌បញ្ជាក់ពីភាពខ្វះចន្លោះនៃសាលដីកាតុលាការកំពូលស្ដីពីការឃុំខ្លួនកូនក្ដីរបស់ខ្លួន។ សង្គមស៊ីវិលយល់ថា ករណីទំនាស់ដីធ្លីមិនគួរមានការឃុំខ្លួនឡើយ ហើយតុលាការគួរអនុញ្ញាតឱ្យលោកស្រី ឡុច ទូច ទទួលបានសេរីភាពឡើងវិញ ព្រោះស្ត្រីរូបនេះមានវ័យចំណាស់ និងជំងឺជាប់ខ្លួន។
មេធាវីការពារក្ដីឱ្យលោកស្រី ឡុច ទូច លោកមេធាវី ពុធ ធាវី ឱ្យអាស៊ីសេរីដឹងថា លោកបានដាក់លិខិតទៅក្រសួងយុត្តិធម៌ឱ្យពន្យល់ពីភាពខ្វះចន្លោះនៃសាលដីកាតុលាការកំពូលស្ដីពីការឃុំខ្លួនកូនក្ដីរបស់លោកកាលពីសប្ដាហ៍មុន។ លោកឱ្យដឹងទៀតថា នៅថ្ងៃទី១១ ខែមីនា ក្រុមការងាររបស់លោកបានទៅជួបមន្ត្រីក្រសួងយុត្តិធម៌ស្នើឱ្យមានការពន្លឿនការពន្យល់ថា ប៉ុន្តែមិនទាន់ទទួលតម្រុយណាមួយនៅឡើយទេ៖ «»
កាលពីឆ្នាំ២០១៤ សាលដីកាតុលាការកំពូលបានផ្ដន្ទាទោសលោកស្រី ឡុច ទូច ឱ្យជាប់ឃុំពន្ធនាគារ ១០ខែ គិតពីថ្ងៃចាប់ខ្លួនប៉ុន្តែសមត្ថកិច្ចមិនបានខ្លួនសកម្មជនធ្លីរូបនេះ។ប៉ុន្តែ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចបានចាប់ខ្លួនលោកស្រីតាមបណ្ដឹងរបស់ឈ្មោះ តាន់ តាត់មានងារជាឧកញ៉ា និងឈ្មួញរកស៊ីដីធ្លីម្នាក់ទៀតឈ្មោះ ឡុញ វណ្ណៈ ហើយលោកស្រីត្រូវជាប់ឃុំតាំងពីពេលនោះមក។
លោកមេធាវី ពុធ ធាវី យល់ថា បើផ្អែកលើគោលការណ៍ស្រូបទោសទោះពេលចាប់ខ្លួននោះជាសំណុំរឿងផ្សេងគ្នា ក៏ត្រូវរាប់ពីថ្ងៃសមត្ថកិច្ចចាប់ខ្លួនលោកស្រី ឡុច ទូច ដែរព្រោះសាលដីកាតុលាការកំពូលមិនបានកំណត់ថ្ងៃចាប់ខ្លួននោះទេ។ ប៉ុន្តែ កាលពីថ្ងៃទី៨មីនា ដែលជាថ្ងៃគម្រប់ ១០ខែ នៃការចាប់ខ្លួនលោកស្រី ឡុច ទូច សមត្ថកិច្ចមិនដោះលែងលោកស្រីទេ។
លិខិតរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុចុះកាលពីថ្ងៃទី០៧ មីនាឱ្យដឹងថា លោកស្រី ឡុច ទូចមិនបានដាក់ពាក្យស្នុំសុំស្រូបទោសបញ្ចូលគ្នាដែលត្រូវលើកឡើងនៅមុខតុលាការ ដែលជាការសម្រេចចុងក្រោយនោះទេ។ ដូចនេះអយ្យអមសាលាដំបូងខេត្តព្រះសីហនុនៅតែអនុវត្តអំណាចសាលដីកាតុលាការកំពូលដដែល។
ទោះលិខិតព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុអះអាងបែបនេះក្ដី ក៏អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុលោកស្រី ជាប សុធារី យល់ថាក្នុងករណីសាលដីកាតុលាការកំពូលចែងមិនច្បាស់លាស់បែបនេះលោកស្រី ឡុច ទូចគួរទទួលបានផលប្រយោជន៍ពីការចែងនេះ ដែលការចាប់ខ្លួនគិតរាប់ពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី៨ ខែសភា ឆ្នាំ២០១៨ កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តទៀតថា បើផ្អែកតាមបទបញ្ជារបស់លោកហ៊ុន សែនមិនអនុញ្ញាតឱ្យមានការឃុំខ្លួនពលរដ្ឋក្នុងករណីជម្លោះដីធ្លីទេដែលលោកស្រីយល់ថា ការឃុំខ្លួនលោកស្រី ឡុច ទូច គឺបំពានទៅបទបញ្ជារបស់លោកហ៊ុន សែន បាត់ទៅហើយ៖ «»
លោកស្រី ឡុច ទូច ជាប្រធានសហគមន៍អូរខ្សាច់ស្ថិតនៅភូមិ៤ ឃុំអូរត្រេះស្រុកស្ទឹងហាវ លោកស្រីនិងក្រុមគ្រួសាររស់នៅលើជម្លោះទំហំប្រមាណ៥ហិកតារតាំងពីអំឡុងឆ្នាំ១៩៩២ មកម្ល៉េះ ប៉ុន្តែអ្នកប្ដឹងលោកស្រីភាគច្រើនដែលឈ្មួញមានលុយនិងមានអំណាចដែលអះអាងថាមានប័ណ្ណកម្មសិទ្ធិនោះ គឺចុះកាលបរិច្ឆេទក្រោយពេលលោកស្រីទៅរស់នៅទីនោះ។ទោះបែបនេះក្តី លោកស្រីតែងចាញ់ក្តីអ្នកទាំងនោះរហូត។សព្វថ្ងៃដីនៅតំបន់នោះមានតម្លៃរាប់រយដុល្លារក្នុងមួយម៉ែត្រការ៉េ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។