លោក​ ហ៊ុន​ សែន​ សម្រេច​​មិន​​ស្នើ​​ឲ្យ​​មាន​​​ទោស​​ប្រហារ​​ជីវីត​​ឡើង​​វិញ​​ទេ​​ក្រោយ​​អ្នក​​វិភាគ​​មិន​​យល់​​ស្រប​


|
https://www.vodhotnews.com

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ រូបភាព៖ FN

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្រេច​កែ​ប្រែ​ជំហរ​របស់​លោក​ឡើង​វិញមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​បាន​បង្ហាញ​បំណង​ចង់​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញដើម្បី​ដាក់​ទោស​ទៅ​លើ​ជន​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី​កម្ពុជា។

លោក​ ហ៊ុន សែន បាន​បង្ហាញ​នូវ​សេចក្ដី​សម្រេច​ចិត្ត​ថ្មី​របស់​លោក​បែប​នេះអំឡុង​ពេល​លោក​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​ករុណា​ខ្ញុំ​បាន​ទទួលយក​ថា មិន​មាន​ការ​ចាំបាច់ដើម្បី​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ទេ»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​សម្រេច​បែប​នេះ​បន្ទាប់​ពី​លោក​បាន​តាម​ដាន​មតិ​ពី​អ្នក​វិភាគ ៣​រូប មាន​លោក​មេធាវី សុក សំអឿន ស្ថាបនិក​វេទិកា​អនាគត​យុវជនលោក អ៊ូ វីរៈ និង​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច។

បើទោះជា​គ្មាន​ការ​កែ​ប្រែ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​លើ​ជន​រំលោភ​ផ្លូវភេទ​កុមារ​មែន ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​បង្កើន​ការ​អប់រំខាង​សីលធម៌ និង​បង្កើន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹង​ទៅ​លើ​ជន​ប្រព្រឹត្ត​អំពើ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារដើម្បី​ទប់​ស្កាត់​បញ្ហា​មួយ​នេះ។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ប៉ុន្តែ អ្វី​ដែល​គួរ​ធ្វើ ទី​១ គឺ​ត្រូវ​បង្កើន​ការ​អប់រំ បញ្ជ្រាប​សីលធម៌ គុណធម៌ ដើម្បី​ឲ្យ​មាន​តម្លៃ​ជា​មនុស្ស​ពិត​ប្រាកដ កុំ​ធ្វើ​ចរឹត​ប្រពឹត្ត​អំពើ​បាប​តាម​បែប​តិរិច្ឆាន។ […]ឯ​ចំណុច​ទី​២ គឺ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​អ្នក​ធ្វើ​អំពើ​បាប​តាម​បែប​តិរិច្ឆាន​នេះ»

ក្រៅ​ពី​សម្រេច​បែប​នេះ​ហើយ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បន្ទោស​បញ្ហា​នេះ​ទៅលើ​​បញ្ហា​ការ​សេព​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​នៅ​ក្នុង​សង្គម​កម្ពុជាដែល​ជំរុញ​ឲ្យ​មាន​បញ្ហា​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារី។

ទោស​ប្រហារ​ជីវិត​​សម្រាប់​បទ​​ល្មើស​ឧក្រិដ្ឋ​ទាំង​អស់ត្រូវ​បាន​លុប​បំបាត់​ចោល​កាល​ពី​ឆ្នាំ​១៩៨៩ នៅ​ពេល​ដែល​​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្ដូរ​ពី​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជាទៅ​ជា​រដ្ឋ​កម្ពុជា។

រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​កើត​ឡើង​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនិង​ក្រោយ​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​​១៩៩៣​ក៏​បាន​ចែង​អំពី​ការ​លុប​បំបាត់​ចោល​ទោស​ប្រហារ​ជីវិត​សម្រាប់​បទ​ល្មើស​ទាំង​អស់​ផង​ដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles