លោក ហ៊ុន សែន ចង់​កែ​រដ្ឋធម្មនុញ្ញ​បើក​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​អ្នក​រំលោភ​កុមារី

ដោយ សេក បណ្ឌិត
2019-03-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (Photo courtesy of SPM Page)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (Photo courtesy of SPM Page)


លោក ហ៊ុន សែន មាន​បំណង​ចង់​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​ឈាន​ទៅ​បង្កើត​ច្បាប់​កាត់ទោស​ប្រហារជីវិត​ចំពោះ​ជន​រំលោភ​លើ​កុមារី។ សង្គម​ស៊ីវិល​មួយ​ចំនួន មិន​គាំទ្រ​គំនិត​លោក ហ៊ុន សែន នោះ​ទេ ប៉ុន្តែ​ជំរុញ​ឱ្យ របប​សព្វថ្ងៃ​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ឱ្យ​មាន​ប្រសិទ្ធភាព និង​លុបបំបាត់​គ្រឿងញៀន រឿង​អាសអាភាស ឈប់​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​រក​វិធានការ​ទប់ស្កាត់ ដើមហេតុ​ផ្សេងៗ​ទៀត​ដែល​នាំ​ឱ្យ​មាន អំពើ​រំលោភ​សេពសន្ថវៈ។

ការ​បង្ហាញ​បំណង​បង្កើត​ច្បាប់​កាត់ទោស​ប្រហារជីវិត​អ្នក​រំលោភ​សេពសន្ថវៈ​លើ​កុមារី នេះ គឺ​ធ្វើ​ឡើង​ពេល​ដែល​លោក ហ៊ុន សែន និង​ភរិយា ចុះទៅ​សួរសុខទុក្ខ​កុមារី​និង​យុវតី នៅ​ក្នុង​អង្គការ​អាហ្វេស៊ីប (AFESIP) នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ដែល​កុមារី និង​យុវតី​ទាំងនោះ សុទ្ធ​តែ​ជា​ជនរងគ្រោះ​ដោយសារ​ការរំលោភ​ផ្លូវ​ភេទ។ឮ

ក្រោយពេល​ស្ដាប់​កុមារី​រងគ្រោះ​រៀបរាប់​ពី​អតីតកាល​ដ៏​ឈឺចាប់​របស់​ពួកគេ​នោះ លោក ហ៊ុន សែន និង​ភរិយា​របស់​លោក បាន​ស្រក់​ទឹកភ្នែក និង​បាន​ថ្លែង​ថា លោក​បាន​ជជែក​ជាមួយ​ភរិយា​រួចហើយ​ថា លោក​មាន​គំនិត​ចង់​ផ្ដួចផ្ដើម​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​បើក​ឱ្យ​មានទោស​ប្រហារ​ជីវិត ចំពោះ​ជន​ដែល​មាន​សន្តាន​ជា​សត្វ​តិរច្ឆាន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​លើ​រូបរាងកាយ​របស់​កុមារ។ ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​នេះ លោក​មិន​ប្រើ​អំណាច​ខ្លួនឯង​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ឡើង តាម​ប្រជាមតិ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នេះ​ក្រុម​កុមារី​រងគ្រោះ​នោះ ពួកគេ​បាន​រៀបរាប់​ពី​ការឈឺចាប់​របស់​ខ្លួន ប្រាប់​លោក ហ៊ុន សែន និង​លោកស្រី ប៊ុនរ៉ានី ថា ពួកគេ​បាន​រង​នូវ​អំពើ​ហិង្សា​ចាប់​រំលោភ ពី​សំណាក់​អ្នកភូមិ​មួយ​ចំនួន ជីតា និង​ឪពុក របស់​គេ ជាដើម ហើយ​កុមារី​ខ្លះ​ទៀត ត្រូវ​ម្ដាយ​លក់​ទៅ​ឱ្យ​គេ​ថែមទៀត។ «»

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិ​សម្បទា​យុវនារី អាហ្វេស៊ីប​(AFESIP) ទុំឌី ស្ថិតនៅ​ភូមិ​២៤ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ គឺជា​កន្លែង​ជួយសង្គ្រោះ ជួយ​ព្យាបាល​ផ្លូវចិត្ត និង​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ដល់​កុមារី និង​យុវនារី ដែល​រងគ្រោះ​ដោយ ការ​រំលោភ​សេពសន្ថវៈ។ មជ្ឈមណ្ឌល​នេះ​មាន​គ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្ត ចំនួន ៤៤​នាក់ និង​មាន​កុមារី យុវនារី​រងគ្រោះ​កំពុង​ស្នាក់នៅ និង​ទទួល​ការ​បណ្ដុះបណ្ដាល​ផ្សេងៗ ៨៩​នាក់។

ទោះជា​បែប​ណា​ក្តី អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន មិន​គាំទ្រ​គំនិត​របស់​លោក​ហ៊ុន សែន ដែល​ចង់​បើក​ឱ្យ​មានទោស​ប្រហារជីវិត​នោះ​ទេ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍ថា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​កម្ពុជា សម្រេច​មិន​ឱ្យ​មានទោស​ប្រហារជីវិត​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ ប៉ុន្តែ​កម្ពុជា មាន​ច្បាប់​ដាក់ទោស​អស់​មួយ​ជីវិត។ លោក​បន្ត​ថា​រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល​របស់​ជាតិ​មិន​អាច​ចេះ​តែ​ធ្វើ​វិសោធនកម្ម​តាម​អំពើ​ចិត្ត​នោះ​ទេ។ «»

លោក អំ សំអាត បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​បទល្មើស​ចាប់​រំលោភ​លើ​កុមារី​នេះ គឺ​មិនមែន​ដោយសារ​ខ្វះ​ច្បាប់​កាត់ទោស​ប្រជា​ជីវិត​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​នូវ​ធូរ​លុង និង​ទម្លាប់​បញ្ចប់​សំណុំរឿង​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយសារ​អំពើពុករលួយ ការ​បន្ថយ​ទោស​ពី​ធ្ងន់​មក​ស្រាល និង​មាន​ទម្លាប់​បណ្ដោយ​ឱ្យ​ជនល្មើស​រួចខ្លួន​ជាដើម។ លើស​ពី​នេះ បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង និង​វីដេអូ​អាសអាភាស ក៏​កំពុង​រីក​រាលដាល​គ្រប់​ច្រកល្ហក​ផង​ដែរ ខណៈ​យន្តការ ទប់ស្កាត់ និង​ការ​ផ្សព្វផ្សាយ​អប់រំ​នៅ​មាន​កម្រិត​ទាប​នៅឡើយ។ «»

របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) បាន​ឱ្យ​ដឹង​ថា មាន​ករណី​រំលោភ​សេពសន្ថវៈ និង​ការ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន ៧៦២​ករណី បាន​កើតឡើង​ក្នុង​ចន្លោះ​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ចំនួន​១២​ទៀត ដែល​អង្គការ​លីកាដូ​មាន​ទីស្នាក់ការ។

របាយការណ​បញ្ជាក់​ថា មួយ​ភាគ​បី​នៃ​ករណី​ទាំងនោះ​ត្រូវ​បិទ​សំណុំរឿង​មុន​ពេល​បើកសវនាការ ហើយ​ករណី​រំលោភ​សេពសន្ថវៈ​ជាង​ពាក់​កណ្តាល​ត្រូវ​បាន​ដោះស្រាយ​ដោយ​ជនល្មើស​បង់​ប្រាក់​សំណង​ឱ្យ​ជនរងគ្រោះ​ដើម្បី​បញ្ចប់​រឿង​ក្តី ឬ​ដោយ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ជនរងគ្រោះ និង​ជនសង្ស័យ។

ក្នុងចំណោម​ករណី​រំលោភ​សេពសន្ថវៈ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន ៧៦២​ករណី មាន​៥៣៧​ករណី​ដែល​ជនរងគ្រោះ​ជា​កុមារ​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ។ ក្នុង​នោះ ៣២៨​ករណី​ពាក់ព័ន្ធ​នឹង​កុមា​អាយុ​ពី ១២ ទៅ ១៧​ឆ្នាំ។

យោង​តាម​ច្បាប់​កម្ពុជា ការរំលោភ​សេពសន្ថវៈ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ជនល្មើស​ត្រូវ​ប្រឈម​នឹង​បណ្ដឹង​អាជ្ញា​ដែល​មិន​អាច​រលត់​ដោយ​ការសម្រុះសម្រួល ឬ​សង​ជា​សំណង​រដ្ឋប្បវេណី​បានទេ​។

ក្រុម​កុមារី​រងគ្រោះ​នៅ​អង្គការ​អាហ្វេស៊ីប រៀបរាប់​ថា ក្រោយ​រងគ្រោះ​ដោយ ការរំលោភ​រួច​គឺ​កុមារី​មួយ​ចំនួន មិនដែល​ទទួល​បាន​យុត្តិធម៌ និង​ទទួល​បាន​ការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ភ្លាម​នោះ​ទេ ព្រោះតែ​ជីវភាព​ខ្វះ​ខាត។ កុមារី​ទាំងនេះ បន្ត​ថា ពួក​នាង បាន​រស់នៅ​វេទនា បែកបាក់​គ្រួសារ និង​ឯកា​បំផុត​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។ «»

ករណី​រំលោភ​សេពសន្ថវៈ​នៅតែ​ជា​បញ្ហា​ចោទ​ដ៏​គួរ​ឱ្យ​បារម្ភ​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​មាន​ការ​ទាក់ទិន​នឹង​អំពើពុករលួយ និង​ភាព​ចន្លោះប្រហោង​ក្នុង​ការ​អនុវត្ត​ច្បាប់។ ប៉ុន្តែ​លោក ហ៊ុន សែន ហាក់ដូចជា​មិនបាន​ដឹង​ពី​ឫសគល់​នៃ​ករណី​ទាំងនេះ​ទេ។ លោក ហ៊ុន សែន ក៏បាន​បង្ហាញ​នូវ​វិប្បដិសារី ដែល​ពេល​កន្លងមក​លោក​បាន​មើល​រំលង​ក្រុម​កុមារី និង​យុវតី​រងគ្រោះ ដូចជា​នៅ​អង្គការ​អាហ្វាស៊ីប នេះ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles