ដោយ ទីន ហ្សាការីយ៉ា
2019-03-11
RFA

លោក ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទទី១១ ខែមីនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
លោក ហ៊ុន សែន លុបចោលគម្រោងឲ្យមានទោសប្រហារជីវិត ក្រោយរងការរិះគន់
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានលុបចោលគម្រោងកែរដ្ឋធម្មនុញ្ញដាក់ទោសប្រហារជីវិតទៅលើអ្នកដែលរំលោភសេពសន្ថវៈលើកុមារក្រោមហេតុផលដោយសារមានការចង្អុលបង្ហាញពីអ្នកវិភាគមួយចំនួន។ ប៉ុន្តែអ្នកវិភាគយល់ថា បញ្ហានេះគ្រាន់តែជាការបង្កើតព្រឹត្តិការថ្មីៗ របស់លោក ហ៊ុន សែន ក្នុងការទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយកុំឱ្យគិតបញ្ហាផ្ដាច់ការអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) តែប៉ុណ្ណោះ។
មេដឹកនាំរបស់ក្រុងភ្នំពេញលោក ហ៊ុន សែន អះអាងថា មូលហេតុដែលសម្រេចលុបចោលគម្រោងកែរដ្ឋធម្មនុញ្ញនេះដោយសារលោកស្ដាប់អ្នកវិភាគក្នុងកម្មវិធីមួយរបស់សារព័ត៌មាន កាលពីរសៀលថ្ងៃទី១០ មីនា។
បុរសខ្លាំងខាងគំរាមកំហែងរូបនេះបន្ថែមទៀតថា អ្នកវិភាគទាំងនោះមានលោក បណ្ឌិត សុខ ទូច លោក អ៊ូ វីៈ និងលោកមេធាវី សុក សំអឿន ដែលបានចង្អុលបង្ហាញមានហេតុផលអាចទទួលយកបាន ព្រោះមិនមាននិន្នាការគណបក្សនយោបាយ ដែលលោកអះអាងថា ខុសពីអ្នកវិភាគមួយចំនួនមាននិន្នាការបក្សនយោបាយ។ លោកហ៊ុនសែន បញ្ជាក់ថា វាគ្មិនទាំង ៣រូប បានជជែកវែកញែកថាកម្ពុជាមិនអាចមានទោសប្រហារជីវិតបានទេ ព្រោះប្រសិនបើមានការកាត់ក្ដីភ័ន្តច្រឡំណាមួយកើតឡើងទៅលើជនគ្មានកំហុស គឺមិនអាចជួយស្រោចស្រង់ជីវិតមនុស្សឱ្យរស់ឡើងវិញបានឡើយ។ ដូច្នេះបញ្ហាដែលល្អ គឺត្រូវអប់រំប្រជាពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿនញៀន ព្រោះគ្រឿងញៀនជាកត្តាធ្វើឱ្យមនុស្សភ្លើតភ្លើនមិនអាចទប់អារម្មណ៍បាន៖ «»
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី១១ មីនា។ ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត លើកឡើងថាការផ្លាស់ប្ដូរចិត្តនេះភ្លាមៗ របស់លោក ហ៊ុន សែន នេះ មិនមែនមកពីលោកខ្លាចការរិះគន់នោះទេ គឺទំនងដោយសាររដ្ឋាភិបាលព្រួយបារម្ភសម្ពាធពីសហគមន៍អឺរ៉ុបកាត់ផ្ដាច់ការអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) ច្រើនជាង។ ដូច្នេះហើយ បានជាលោកសម្រេចមិនបង្កើតច្បាប់នេះឡើង ព្រោះបង្កើតច្បាប់នេះមិនចំណេញ ហើយរឹងតែធ្វើឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធបន្ថែមទៀតទៅវិញទេ៖ «»
លោក អំ សំអាត បន្តថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺកម្ពុជាសម្រេចមិនឱ្យមានទោសប្រហារជីវិតក្នុងរដ្ឋធម្មនុញ្ញនោះទេ។ ប៉ុន្តែ កម្ពុជាមានច្បាប់ដាក់ទោសអស់មួយជីវិត។ លោកបន្តថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិមិនអាចចេះតែធ្វើវិសោធនកម្មតាមអំពើចិត្តឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា មូលហេតុដែលបណ្ដាលឱ្យមានបទល្មើសចាប់រំលោភលើកុមារីនេះ គឺមិនមែនដោយសារខ្វះច្បាប់កាត់ទោសប្រហារជីវិតនោះទេ។ ប៉ុន្តែបណ្ដាលមកពីការអនុវត្តច្បាប់ ដែលមានស្រាប់នៅធូររលុង និងទម្លាប់បញ្ចប់សំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយសារអំពើពុករលួយការបន្ថយទោសពីធ្ងន់មកស្រាល និងមានទម្លាប់បណ្ដោយឱ្យជនល្មើសរួចខ្លួនជាដើម។លើសពីនេះបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងវីដេអូ អាសអាភាសក៏កំពុងរីករាលដាលគ្រប់ច្រកល្ហកផងដែរ ខណៈយន្តការទប់ស្កាត់ និងការផ្សព្វផ្សាយអប់រំនូវមានកម្រិតទាបនៅឡើយ។
គំនិតផ្ដើមចង់ឲ្យមានទោសប្រហារជីវិត៖
ការបង្ហាញបំណងបង្កើតច្បាប់កាត់ទោសប្រហារជីវិតអ្នករំលោភសេពសន្ថវៈលើកុមារីនេះ គឺធ្វើឡើងពេលដែលលោក ហ៊ុន សែន និងភរិយាចុះទៅសួរសុខទុក្ខកុមារី និងយុវតីនៅក្នុងអង្គការ អាហ្វេស៊ីប (AFESIP) នៅថ្ងៃទី១០ ខែមីនា ក្រោយពេលស្ដាប់កុមារីរងគ្រោះរៀបរាប់ពីអតីតកាលដ៏ឈឺចាប់របស់ពួកគេនោះ។ លោក ហ៊ុន សែន បានជជែកជាមួយភរិយានិងភរិយារបស់លោក រួចថា លោកមានគំនិតចង់ផ្ដួចផ្ដើមឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកឱ្យមានទោសប្រហារជីវិត ចំពោះជន ដែលមានសន្តានជាសត្វតិរច្ឆានទៅប្រព្រឹត្តអំពើរំលោភបំពានលើរូបរាងកាយរបស់កុមារ។ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា ការកែរដ្ឋធម្មនុញ្ញលើកនេះ លោកមិនប្រើអំណាចខ្លួនឯងនោះទេ គឺត្រូវធ្វើឡើងតាមប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៖ «ជីតារំលោភចៅឪពុករំលោភកូន ឪពុកមារំលោភក្មួយ បងរំលោភប្អូនអាហ្នឹង គឺជានៅក្នុងការគិតរបស់តា។ បើសិនជាករណីនេះវារីករាលដាលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលឈានទៅដល់ការឱ្យមានទោសប្រហារជីវិតឡើងវិញ អាចនឹងត្រូវធ្វើ ប៉ុន្តែត្រូវឆ្លងកាត់ប្រជាមតិ ព្រោះតាចង់បង្ក្រាបនូវធាតុតិរច្ឆានមួយ ដែលកើតនៅក្នុងសង្គមខ្មែរយើង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។