ដោយ សេក បណ្ឌិត
2019-03-10
RFA

ដីឆ្នេរព្រែកត្រែង ដែលត្រូវក្រុមហ៊ុនឯកជនចាក់លុបកាលពីពេលកន្លងទៅ។ រូបថតដោយកញ្ញា ផេង ស្រីស កាលពីខែមករា ឆ្នាំ២០១៩។ រូបថតដោយកញ្ញា ផេង ស្រីស កាលពីខែមករា ឆ្នាំ២០១៩។
សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល អះអាងថា ការចាក់ដីលុបឆ្នេរ កើតមានជាច្រើនកន្លែង នៅក្នុងខេត្តព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រដទៃទៀត ដូច្នេះការមិនអើពើចំពោះករណីឆ្នេរព្រែកត្រែង នឹងក្លាយជាគំរូអាក្រក់សម្រាប់ក្រុមហ៊ុនដទៃទៀត ឱ្យប្រព្រឹត្តទង្វើល្មើសច្បាប់ចាក់ដីលុបឆ្នេរសមុទ្របន្តទៅទៀត។ ពួកគេស្នើឱ្យមេដឹកនាំរបបក្រុងភ្នំពេញ ពិនិត្យមើលការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោម ទាក់ទងនឹងបទបញ្ជារបស់លោកដែលតម្រូវឱ្យមានការកាយដីឆ្នេរព្រែកត្រែងឱ្យបានស្អាតដូចដើមវិញ។
អ្នកការពារបរិស្ថាន និងអង្គការសង្គមស៊ីវិល អះអាងថា ករណីឆ្នេរព្រែកត្រែង សបញ្ជាក់ឱ្យឃើញថា ម្ចាស់ក្រុមហ៊ុនមានឥទ្ធិពលខ្លាំង រហូតដល់ថ្នាក់អាជ្ញាធរពាក់ព័ន្ធនៃរបបក្រុងភ្នំពេញខ្លាច មិនហ៊ានចាត់ការតាមផ្លូវច្បាប់ចំពោះការបំផ្លិចបំផ្លាញបរិស្ថាន និងរំលោភយកដីឆ្នេរ។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបន្តភាពស្ងប់ស្ងាត់ចំពោះដីដែលត្រូវបានក្រុមហ៊ុនចាក់លុប និងគ្មានចំណាត់ការលើភាគីក្រុមហ៊ុន។
សកម្មជនបរិស្ថាន កញ្ញា ផេង ស្រីស យល់ឃើញថា អាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីជំនាញថ្នាក់ជាតិ គ្មានឆន្ទៈដោះស្រាយរឿងឆ្នេរព្រែកត្រែងនេះឡើយ។ កញ្ញាបន្តថា បើក្រុមមន្ត្រីចង់ដោះស្រាយ រឿងនេះមិនពិបាកនោះឡើយ ដោយសារសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ គឺជាអំពើល្មើសច្បាប់ ហើយករណីនេះថែមទាំងមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង៖ «ប្រសិនបើក្រុមហ៊ុនមិនមានឥទ្ធិពលខ្លាំងជាងអាជ្ញាធរ ឬក៏ខ្លាំងជាងបទបញ្ជារបស់សម្ដេចតេជោទេ រឿងហ្នឹងបានដោះស្រាយរួចមកហើយ អត់ត្រូវអូសបន្លាយពេល៦–៧ ខែហើយ នៅតែមិនទាន់មានដំណោះស្រាយនោះទេ។ អ៊ីចឹងគឺច្បាស់ណាស់ថា ក្រុមហ៊ុនយាយភូ ឬក៏អ្នកមានអំណាចក្នុងក្រុមហ៊ុនហ្នឹង គឺពិតជាមានឥទ្ធិពលខ្លាំង»។
ក្រុមហ៊ុនដែលចាក់ដីលុបឆ្នេរព្រែកត្រែងនោះ ត្រូវបានគេដឹងថា ជារបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់លោកឧកញ៉ា ឡាវ ម៉េងឃីន ម្ចាស់ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែលបានចាក់ដីលុប បឹងកក់កណ្ដាលក្រុងភ្នំពេញដ៏ចម្រូងចម្រាស់ កាលពីប៉ុន្មានឆ្នាំមុននេះ។
អាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន និងអ្នកស្រី ជឹង សុភាព ហៅយាយភូ ដើម្បីសុំការឆ្លើយបំភ្លឺជុំវិញរឿងចាក់ដីលុបឆ្នេរព្រែកត្រែងបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ករណីចាក់ដីលុបឆ្នេរព្រែកត្រែងនេះ ត្រូវបានរដ្ឋមន្ត្រីទេសចរណ៍នៃរបបក្រុងភ្នំពេញ លោក ថោង ខុន អះអាងថា គឺជាសកម្មភាពល្មើសច្បាប់។ ចំណែកសាធារណជនវិញ ក៏បានបញ្ចេញប្រតិកម្មខ្លាំងៗចំពោះរឿងនេះដែរ រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ចុះទៅកាយដីដែលក្រុមហ៊ុនបានចាក់លុបនោះចេញវិញ ដើម្បីរក្សាឆ្នេរធម្មជាតិឱ្យបានដូចដើម។
ទោះជាយ៉ាងណា បទបញ្ជានេះហាក់មានប្រសិទ្ធភាពតែមួយចម្អិនកំពឹសប៉ុណ្ណោះ ពោលគឺមានប្រសិទ្ធភាពនៅពេលដែលលោក ជា សុផារ៉ា ចុះទៅពិនិត្យដោយផ្ទាល់ជាមួយក្រុមមន្ត្រីជំនាញ និងឱ្យក្រុមហ៊ុនផ្អាកការចាក់លុប។ ក៏ប៉ុន្តែដីដែលក្រុមហ៊ុនបានចាក់លុបរួចនោះ គឺនៅដដែល ហើយភាគីក្រុមហ៊ុនក៏រួចខ្លួនពីការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ។ ជាច្រើនខែមកនេះ ករណីនេះហាក់បានស្ងប់ស្ងាត់ដែលធ្វើឱ្យសកម្មជនបរិស្ថានបារម្ភថា អាជ្ញាធរកំពុងធ្វើឱ្យដីនោះ ក្លាយជាដីស្របច្បាប់របស់ក្រុមហ៊ុនវិញ។
កញ្ញា ផេង ស្រីស ថ្លែងទៀតថា ក្រុមមន្ត្រីកំពុងផ្គើន និងមិនឱ្យតម្លៃដល់បទបញ្ជារបស់នាយករដ្ឋមន្ត្រីឡើយ ទាក់ទងនឹងករណីឆ្នេរព្រែកត្រែងនេះ។ កញ្ញាស្នើឱ្យលោក ហ៊ុន សែន ពិនិត្យមើលករណីនេះឡើងវិញ និងជាពិសេសពិនិត្យមើលការបំពេញមុខងាររបស់មន្ត្រីថ្នាក់ក្រោម៖ «ប្រសិនបើមិនឱ្យតម្លៃ ឬក៏មិនបានគោរពនូវបទបញ្ជារបស់សម្ដេច សម្ដេចគួរតែពិចារណាឡើងវិញដែរចំពោះមន្ត្រីថ្នាក់ក្រោមបង្គាប់របស់គាត់ ព្រោះរឿងនេះមិនមែនជារឿងដែលមិនអាចដោះស្រាយបានទេ។ ខ្ញុំបញ្ជាក់ឡើងវិញថា ជារឿងដែលអាចដោះស្រាយបាន ហើយក៏វាអត់ត្រូវការចំណាយពេលរហូតដល់៦–៧ ខែ ដើម្បីដោះស្រាយរឿងតូចតាចប៉ុណ្ណឹងដែរ»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត ធ្លាប់បានបញ្ជាក់ប្រាប់អាស៊ីសេរីថា ករណីឆ្នេរព្រែកត្រែងនេះ លោក ជា សុផារ៉ា បានប្រគល់ឱ្យអាជ្ញាធរខេត្តព្រះសីហនុជាអ្នកដោះស្រាយហើយ។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន បានទេនៅថ្ងៃទី១០ មីនា ក៏ប៉ុន្តែលោកធ្លាប់បានអះអាងប្រាប់អាស៊ីសេរីថា អាជ្ញាធរប្រកាន់ជំហរឱ្យក្រុមហ៊ុនកាយដីដែលបានចាក់លុបនោះចេញវិញ ក៏ប៉ុន្តែត្រូវរង់ចាំការសម្រេចពីថ្នាក់លើជាមុនសិន។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ កត់សម្គាល់ថា ករណីចាក់ដីលុបសមុទ្រ និងរំលោភយកដីឆ្នេរបែបនេះ កើតមានជាច្រើនកន្លែងនៅក្នុងខេត្តព្រះសីហនុ។ លោកបន្តថា មន្ត្រីជំនាញច្រើនតែព្រងើយកន្តើយ ឬពេលខ្លះថែមទាំងជួយសម្របសម្រួលឱ្យមានការប្រព្រឹត្តអំពើល្មើសច្បាប់បែបនេះទៀតផង ដោយសារពួកគេទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកយល់ថា ករណីឆ្នេរព្រែកត្រែងនេះមិនអាចដោះស្រាយបាន ដោយសារតែម្ចាស់ក្រុមហ៊ុនជាមនុស្សមានឥទ្ធិពល និងមានទំនាក់ទំនងស្និទ្ធនឹងប្រមុខរដ្ឋាភិបាល។
លោកបន្ថែមថា មន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងស្ថាប័នអយ្យការផង ត្រូវតែមានចំណែកទទួលខុសត្រូវរឿងនេះ ព្រោះពួកគេបានបណ្ដែតបណ្ដោយឱ្យមានបទល្មើសចាក់ដីលុបឆ្នេរកើតឡើង ហើយមិនចាត់ការលើបទល្មើសនោះ៖ «ស្ថាប័នតុលាការ គឺអយ្យការជាអ្នកទទួលខុសត្រូវធំបំផុត ព្រោះអយ្យការ ឬព្រះរាជអាជ្ញា ជាអ្នកតំណាងឱ្យផលប្រយោជន៍ជាតិ អ៊ីចឹងការចាក់ដីហ្នឹងត្រូវតែចោទប្រកាន់អ្នកប្រព្រឹត្តល្មើស ដើម្បីនាំខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់។ ទន្ទឹមនឹងនេះស្ថាប័នពីរក៏ត្រូវទទួលខុសត្រូវក្នុងការពង្រឹងនីតិវិធីច្បាប់ដែរ គឺក្រសួង(រៀបចំដែនដី)នគរូបនីយកម្ម និងក្រសួងបរិស្ថាន»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះអះអាងថា លោកកំពុងរៀបចំបណ្ដឹងបរិហារផ្លូវការមួយចំនួនទាក់ទងនឹងបទល្មើសបំផ្លិចបំផ្លាញបរិស្ថានតំបន់ឆ្នេរក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ហើយក្នុងនោះក៏រួមមានទាំងករណីឆ្នេរព្រែកត្រែងនេះផងដែរ។ លោកបន្ថែមថា បន្ទាប់ពីរៀបចំរួចរាល់ លោកនឹងយកបណ្ដឹងបរិហារទាំងនោះទៅដាក់នៅតុលាការខេត្តព្រះសីហនុ ដើម្បីប្ដឹងពីការបណ្ដែតបណ្ដោយឱ្យមានបទល្មើសកើតឡើង ហើយគ្មានចំណាត់ការពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរជំនាញ។
ចំណែកក្រុមយុវជនដែលស្រឡាញ់បរិស្ថានវិញ អះអាងថា ក្នុងរវាងប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ពួកគេនឹងនាំគ្នាយកឧបករណ៍ទៅកាយដីឆ្នេរព្រែកត្រែងនោះចេញដោយខ្លួនឯង ក្នុងករណីដែលអាជ្ញាធរនៅតែព្រងើយកន្តើយចំពោះរឿងនេះតទៅទៀត។ ពួកគេបន្ថែមថា នេះជារឿងគួរឱ្យអាម៉ាស់បំផុតសម្រាប់អាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ ដែលមិនបានបំពេញមុខងាររបស់ខ្លួន ហើយទុកឱ្យពួកគេជាយុវជនមកពីរាជធានីភ្នំពេញជាអ្នកធ្វើកិច្ចការនេះជំនួសអាជ្ញាធរទៅវិញ។
ការចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹកដោយគ្មានការអនុញ្ញាត ត្រូវបានកំណត់ក្នុងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិថា ជាបទល្មើសឧក្រិដ្ឋ ដែលជនល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥ លានរៀល ទៅ ១៥០លានរៀល៕