ស៊ុយអែត​​ផ្ដល់​​ជំនួយ​​ជិត​​២​លាន​ដុល្លារ​​ជួយ​​ដល់​​ការ​​រៀប​ចំ​​បរិស្ថាន​​កម្ពុជា​


|
https://www.vodhotnews.com

ប្រទេស​ស៊ុយអែត​បាន​ផ្តល់​ជំនួយ​ជិត ​២លានដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ ដើម្បី​អនុវត្ត​គម្រោង​រៀប​ចំ​បរិស្ថាន​ក្នុង​ខេត្ត​ចំនួន​ ៣។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

ប្រទេស​ស៊ុយអែត​បាន​ផ្តល់​ជំនួយ​ជិត ​២លានដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ ដើម្បី​អនុវត្ត​គម្រោង​រៀប​ចំ​បរិស្ថាន​ក្នុង​ខេត្ត​ចំនួន​ ៣​។

ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សហការ​លើ​គម្រោង​នេះ​ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ​លោក​ស្រី Maria Sargren មាន​ប្រសាសន៍​ថា​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នឹង​មិន​អាច​ជៀស​បាន​នោះ​ទេ​ពី​ការ​បំផ្លាញ​បរិស្ថាន​ដែល​ត្រូវ​មាន​ការ​គិត​ទុក​ជា​មុន​ដើម្បី​កាត់បន្ថយនិង​ជៀស​ពី​បញ្ហា​នេះ​ ហើយ​​កម្ពុជា​ប្រាកដ​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ឲ្យ​អាច​​បោះ​ជំហាន​​ទៅ​រក​ការ​សម្រេច​បាន​និរន្តរភាព​បរិស្ថាន​នេះ។​​

លោក​ស្រី Maria៖ «កំណើនសេដ្ឋកិច្ច គឺមានសារៈសំខាន់ តែគុណភាពនៃកំណើននោះ គឺវារឹតតែមានសារៈសំខាន់ទៅទៀត​សម្រាប់រយៈមធ្យម និងសម្រាប់រយៈពេលយូរអង្វែង»

អគ្គ​លេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រកប​ដោយ​ចិរភាព ​លោក ទិន ពន្លក មាន​ប្រសាសន៍​ថា ​គម្រោង​នេះ​នឹង​ត្រូវ​ចូលរួម​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដោយ​មាន​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ជា​អ្នក​សម្របសម្រួល ​ហើយ​គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​គំនិត​ថ្មី​ដើម្បី​ការ​ពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន កាត់​បន្ថយ​សំណល់ និង​ផ្ដល់​ថាមពល​ស្អាត​ដែល​មាន​តម្លៃ​សមរម្យ​ដល់​ពល​រដ្ឋ ។

លោក​ថា៖ «អញ្ចឹងការអនុវត្តន៍គម្រោងនេះត្រូវរៀបចំយ៉ាងមិចឲ្យប្រាកដនិយមការផ្លាស់ប្តូវព័ត៌មាន ប្រហែលជាយើងនឹងមិនពង្រាយធនធានរបស់យើងឲ្យស្ដើងពេកយើងជ្រើសយកតំបន់តែមួយចំនួនទេដើម្បីអភិវឌ្ឍន៍ឲ្យបានជោគជ័យ ហើយចុងបំផុតនោះគឺការផ្តល់ជាអនុសាសន៍ដើម្បីរៀបចំគោលនយោបាយក៏ដូចជាពង្រីកការអនុវត្តនោះទៅកន្លែងផ្សេងទៀត»

បើតាម​លោក
ទិន ពន្លក គម្រោង​នេះ​នឹង​ចាប់​អនុវត្តន៍​រហូត​ដល់​ឆ្នាំ​២០២០ ដែល​អនុវត្តន៍​នៅ​ភ្នំ​គូលែន ក្នុង​ខេត្ត​សៀមរាប តំបន់​ក្បាល​ឆាយ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប។

អ្នក​តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ លោក Nick Bereford មាន​ប្រសាសន៍​ថា​ ខណៈ​ដែល​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​ថ្ងៃ​អនាគត​នោះ​ការ​គិត​គូរ​ពី​បញ្ហា​បរិស្ថាន​គឺ​មាន​សារៈសំខាន់ណាស់​។

លោក​ថា៖ «ថ្មីៗនេះប្រទេសដែលទើបក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ជាច្រើនកំពុងជួបប្រទះនឹងបញ្ហាចំណាយ និងវិបត្តិសង្គមធ្ងន់ធ្ងរខណៈដែលបណ្ដាប្រទេសទាំងនោះព្យាយាមដោះស្រាយផលប៉ះពាល់បរិស្ថានដែលបណ្ដាលមកពីកំណើនសេដ្ឋកិច្ចល្បើនលឿន ទោះជាយ៉ាងណាបញ្ហានេះអាចជៀសវាងបានប្រសិនគេអនុវត្តនសកម្មភាពកែតម្រូវនាពេលបច្ចុប្បន្ននេះ»

គម្រោង​រៀប​ចំ​អភិវឌ្ឍន៍​បរិស្ថាន​កម្ពុជា​នេះ​ នឹង​ចង​បណ្ដាញ​សហគមន៍​បរិស្ថាន​ដើម្បី​គ្រប់គ្រង​តំបន់​ការពារផ្ដល់​ថវិការ​សម្រាប់​ការ​ការពារ​តំបន់​ឧទ្យានជាតិជួយ​កែ​លំអ​ និង​គ្រប់​គ្រង​សំរាម​ដែល​អាច​កែច្នៃ​ឡើង​វិញ និង​ការ​បង្កើត​ឲ្យ​មាន​ប្រភព​ថាមពល​ដែល​ប្រើប្រាស់​ពន្លឺ​ព្រះ​អាទិត្យ​ទៅ​ដល់​ទី​ជនបទ​ដាច់​ស្រយាល​នៃ​កម្ពុជា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles