ដោយ ហេង រស្មី
2019-03-10
RFA

នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) លោកមេធាវី សុក សំអឿន (ឆ្វេង) និងមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤។ Photo: RFA
អ្នកការពារសិទ្ធិមនុស្សអះអាងថា ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនៅទូទាំងប្រទេស មិនទាន់មានភាពធូរស្រាលនៅឡើយទេ បើទោះបីជារបបក្រុងភ្នំពេញដាក់ចេញនូវយន្តការជាបន្តបន្ទាប់ក្តី។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ឱ្យដឹងថា បញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះ មិនអាចដោះស្រាយបានភ្លាមៗនោះទេ ព្រោះរឿងនេះមានជាប់ពាក់ព័ន្ធច្រើនទៅនឹងផ្លូវច្បាប់។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា យន្តការទាំងឡាយដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនោះ នៅមិនទាន់ឆ្លើយតបនឹងបញ្ហានេះនៅឡើយ។ លោកបន្តថា សំណុំរឿងរបស់អ្នកជាប់ឃុំទាំងអស់ ស្ថិតក្នុងដៃតុលាការ ដូច្នេះមានតែការពន្លឿននីតិវិធីតុលាការទេ ទើបអាចដោះស្រាយបញ្ហានេះបាន៖ «ទាំងបញ្ហាចង្អៀតណែន ទាំងបញ្ហាស្ត្រីដែលជាប់ឃុំហ្នឹង គឺដំណោះស្រាយតែមួយ ដើម្បីពន្លឿនឱ្យបានបញ្ហាហ្នឹង ទាល់តែពន្លឿននីតិវិធីនៅតាមតុលាការនីមួយៗឱ្យបានលឿន»។
របបក្រុងភ្នំពេញបានបង្កើតក្រុមការងារពិសេសមួយ ដែលមានសមាសភាពពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏បានប្រកាសបង្កើតក្រុមមេធាវីផ្ទាល់ខ្លួនដើម្បីជួយដល់ស្ត្រីក្រីក្រក្នុងការតតាំងក្តីនៅតុលាការផងដែរ។ លើសពីនេះ លោកបានបញ្ជាឱ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ពិនិត្យមើលលទ្ធភាពលើកលែងទោសឱ្យស្ត្រីជាប់ឃុំ ដោយមិនចាំបាច់ដល់ឱកាសសម្រាលទោសផ្លូវការក្នុងពិធីបុណ្យជាតិនោះឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា រដ្ឋាភិបាលកំពុងអនុវត្តយន្តការដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារនេះជាបណ្ដើរៗហើយ។ ក៏ប៉ុន្តែ លោកថា យន្តការទាំងឡាយដែលត្រូវបានដាក់ចេញ មិនអាចដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះបានភ្លាមៗឡើយ ព្រោះរឿងនេះពាក់ព័ន្ធទៅនឹងផ្លូវច្បាប់។ លោកបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើនោះ គឺជំរុញឱ្យតុលាការគ្រប់រាជធានី-ខេត្ត ពន្លឿននីតិវិធីលើសំណុំរឿងក្តីទាំងឡាយរបស់ជនជាប់ឃុំ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ជាក់អំពីតួលេខនៃសំណុំរឿងដែលត្រូវបានពន្លឿននោះនៅឡើយទេ៖ «កន្លងមកសំណុំរឿងខ្លះ គឺត្រូវបានជំរុញពីមួយដំណាក់ទៅមួយដំណាក់ទៀត សំណុំរឿងខ្លះមានសវនាការសម្រេចដល់អង្គសេចក្ដី និងចេញដល់សាលក្រមស្ថាពរ អាហ្នឹងហើយដែលបើកលទ្ធភាពទៅថ្ងៃមុខសម្រាប់ការផ្ដល់នូវឱកាសលើកលែងទោស ឬបន្ធូរបន្ថយទោស»។
ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ បានចោទជាបញ្ហាកាន់តែខ្លាំង ចាប់ពីឆ្នាំ២០១៧ មក បន្ទាប់ពីរបបក្រុងភ្នំពេញបានអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់។ ចំនួនអ្នកជាប់ឃុំដោយសារបទល្មើសគ្រឿងញៀនបានកើនឡើងយ៉ាងគំហុក បូករួមទាំងភាពយឺតយ៉ាវនៃការអនុវត្តនីតិវិធីលើរឿងក្តីនីមួយៗផង ធ្វើឱ្យស្ថានភាពចង្អៀតណែនកាន់តែមានសភាពធ្ងន់ធ្ងរ ប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំ។
អ្នកការពារសិទ្ធិមនុស្សលោក អំ សំអាត ថ្លែងថា ដើម្បីជួយដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះបានខ្លះ តុលាការគួរតែអនុញ្ញាតឱ្យជនជាប់ចោទស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នចំពោះករណីមិនចាំបាច់មួយចំនួន។ លោកបន្ថែមថា តុលាការក៏មិនគួរលើកហេតុផលរឿងផ្លាស់ប្ដូរមន្ត្រីរបស់ខ្លួនថា ជាហេតុនាំឱ្យមានភាពយឺតយ៉ាវក្នុងការអនុវត្តនីតិវិធីលើសំណុំរឿងក្តីនេះដែរ៖ «យើងកុំយកលេសថា បញ្ហានៃការផ្លាស់ប្ដូរចៅក្រម ឬព្រះរាជអាជ្ញាអីហ្នឹង វាធ្វើឱ្យការផ្លាស់ប្ដូរសំណុំរឿងអាចមានការយឺតយ៉ាវ។ នេះគឺយើងអត់អាចនិយាយអ៊ីចឹងបានទេ ព្រោះតុលាការនីមួយៗសុទ្ធតែមានប្រព័ន្ធទិន្នន័យហើយ អ៊ីចឹងចៅក្រមដែលផ្លាស់ប្ដូរមកបន្តកាន់រឿងហ្នឹង គឺគាត់ត្រូវតែពន្លឿននីតិវិធីទាំងអស់នោះ»។
កម្ពុជាមានពន្ធនាគារសរុបចំនួន ២៨កន្លែង ដែលសព្វថ្ងៃមានអ្នកជាប់ឃុំចំនួនជាង ៣ ម៉ឺននាក់ ក្នុងនោះទណ្ឌិតមានប្រមាណ ៩ ពាន់នាក់ ហើយក្រៅពីនេះសុទ្ធសឹងជាអ្នកជាប់ឃុំដែលកំពុងរង់ចាំនីតិវិធីតុលាការ៕