បញ្ហាវិវាទដីធ្លី
|
https://www.vodhotnews.com
អ្នកភូមិនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ បានបង្ហាញក្ដីបារម្ភពីការបាត់បង់ដីធ្លី ខណៈអាជ្ញាធរយកគ្រឿងចក្រឈូសឆាយផ្លូវប៉ះពាល់លើដីស្រែ និងផលដំណាំរបស់ពួកគេ។
តំណាងពលរដ្ឋ លោក ឡយ លីហួរ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា មន្ត្រីបរិស្ថានខេត្តព្រះវិហារ បានដាក់គ្រឿងចក្រឈូសឆាយដីធ្វើផ្លូវដោយប៉ះពាល់ដី និងដំណាំពលរដ្ឋជាបណ្តើរៗប្រមាណ ៣០គ្រួសារហើយមកដល់ពេលនេះ។
លោកបន្តថា អាជ្ញាធរពុំបានជូនដំណឹងដល់អ្នកភូមិឲ្យបានដឹងជាមុនឡើយហើយថា ពលរដ្ឋបារម្ភខ្លាចការឈូសឆាយរបស់អាជ្ញាធរនោះ មានគោលបំណង់មិនល្អធ្វើឲ្យពួកគេបាត់បង់ដីកាន់តែច្រើន។
លោកបន្ថែមថា៖ «គេបានឈូសប៉ះពាល់ទៅដំណាំចេក ស្វាយ អំពៅ ដំបូង ឈូសប៉ះរបស់ពលរដ្ឋ ហើយអត់មានអាជ្ញាធរណាបានជូនដំណឹងមកដល់ពលរដ្ឋផង ស្រាប់តែឃើញគ្រឿងចក្រគេមកឈូសតែម្តង។ បើសិនជាគាត់ឈូសតាមគម្រោងដែលគាត់ប្រាប់ប្រជាពលរដ្ឋមែន អញ្ចឹង វាប៉ះហើយពលរដ្ឋជាង ៣០០គ្រួសារហ្នឹង គឺប៉ះទាំងអស់ហើយ។ នេះគាត់ទើបនឹងឈូសចូលមកហ្នឹង បានប៉ះប្រហែល ៣០ ទៅ ៤០គ្រួសារហើយ។ តាមខ្ញុំគិត ការឈូសនេះ គឺធ្វើដើម្បីយកដីប្រជាជនមិនមែនធ្វើដើម្បីការពារដែនជំរកសត្វអីទេ»។
ពលរដ្ឋម្នាក់អ្នកស្រី ភូ ភឹមម៉ៅ ឲ្យដឹងថា ករណីមន្រ្តីបរិស្ថានគ្រឿងឈូសឆាយដីធ្វើផ្លូវនេះ កើតឡើងបន្ទាប់ពីអ្នកភូមិប្រមាណ ៣០០គ្រួសារផ្ទុះជម្លោះជាមួយក្រុមហ៊ុនមេត្រីភាពជុំវិញវិវាទដីធ្លីនៅតំបន់នោះកាលពីឆ្នាំ២០១៨ ហើយថា ករណីមន្រ្តីបរិស្ថាន ឈូសឆាយប៉ះពាល់ដីធ្លីពលរដ្ឋ គឺអ្នកភូមិជូនដំណឹងទៅអាជ្ញាធរស្រុកជួយដោះស្រាយដែរ ប៉ុន្តែ ពុំមានកិច្ចអន្តរាគមន៍ណាមួយឡើយ។
ស្រ្តីរូបនេះបន្តថា ការចាប់ផ្តើមឈូសឆាយដំបូង គឺក្រុមទាហាននៅកងពលតូចលេខ ៦ ដែលការពារដីឲ្យក្រុមហ៊ុនចុះមកឈូសឆាយផ្ទាល់ ប៉ុន្តែ ក្រោយមកប្តូរឲ្យមន្រ្តីបរិស្ថានខេត្តព្រះវិហារជាអ្នកឈូសឆាយវិញ។
អ្នកស្រីបន្ថែមថា៖ «ម្នាក់មានដីតែ ១ហិកតា ២ហិកតាប៉ុណ្ណឹងៗ ឥលូវមកឈូសឆាយយកដីពលរដ្ឋអស់អញ្ចឹង ហើយសុទ្ធតែដំណាំ អញ្ចឹង! ឥលូវឲ្យពលរដ្ឋគិចម៉េច។ ឥលូវយកបរិស្ថានមកឈរជើងម្តង ទាហានគេដកចេញ ឥលូវគេយកពួកបរិស្ថានមកម្តង។ ឥលូវពួកយើងជិតឡើងទៅតវ៉ាទៀតហើយ សុំដាក់ញត្តិឲ្យជួយដោះស្រាយរឿងអ្នកជាប់ឃុំ និងដោះស្រាយដីធ្លីបញ្ចប់»។
អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង ប្រាប់ វីអូឌី ថា លោកមិនទទួលបានព័ត៌មាននេះទេ ប៉ុន្តែ លោកថានឹងឲ្យមន្រ្តីចុះពិនិត្យមើលករណីនេះ។
លោកបន្ថែមថា៖ «ពួកគាត់ជូនដំណឹងពេលណា? រហូតមកដល់ម៉ោងនេះ អត់ទាន់ទទួលបានបណ្តឹង ឬទូរសព្ទពីពលរដ្ឋណាថាមានបញ្ហាអីណាទេ? អត់មានទេបង?»។
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ក្អន ក្អោត មានប្រសាសន៍ថា ពិតជាមានការឈូសឆាយធ្វើផ្លូវមែន ប៉ុន្តែ លោកថា មិនបានប៉ះពាល់ដី ឬផលដំណាំពលរដ្ឋណាម្នាក់ឡើយ។ លោកបញ្ជាក់ថា ការឈូសឆាយនោះ គឺដើម្បីធ្វើផ្លូវចុះល្បាតដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «អត់មានប៉ះពាល់ដំណាំប្រជាពលរដ្ឋទេ ពួកខ្ញុំគ្រាន់តែឈួសឆាយធ្វើដើម្បីពួកខ្ញុំងាយស្រួលចុះល្បាតជុំវិញជំរក សត្វព្រៃមានតែប៉ុណ្ណោះទេ។ រឿងមានពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ពួកខ្ញុំអត់មានជាប់ពាក់ព័ន្ធទេ»។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ករណីខាងបរិស្ថានធ្វើផ្លូវដើម្បីចុះល្បាតវាជារឿងមួយ ប៉ុន្តែ ប្រសិនបើការឈួសឆាយនោះធ្វើឲ្យប៉ះពាល់ដីធ្លីពលរដ្ឋ ត្រូវតែមានការដោះស្រាយសំណងឲ្យបានត្រឹមត្រូវជូនពួកគេផងដែរ។
លោកបន្ថែមថា៖ «ជាគោលការណ៍ទូរទៅ មិនថាផ្លូវហ្នឹងខាងក្រុមហ៊ុនធ្វើ ឬខាងបរិស្ថានធ្វើទេ នៅពេលដែលធ្វើផ្លូវប៉ះពាល់ដំណាំ ពលរដ្ឋយើងត្រូវតែគិតគូរជូនគាត់ទី១។ ទី២ បើយើងអាចជៀសបាន យើងត្រូវតែជៀសទៅ ពីព្រោះផ្លូវ បើតាមខ្ញុំមើលវាកោង ក្ងិកក្ងក់ មិនបានត្រង់ទេ អញ្ចឹង យើងអាចធ្វើឲ្យត្រង់ ឬជៀសបាន បើតាមខ្ញុំ តាមរូបភាពដែលក្រុមគ្រួសារអ្នកប៉ះពាល់ផ្ញើមកឲ្យមើល»។
កាលពីឆ្នាំ២០១៨ អ្នកភូមិជាង៣០០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ក្នុងទំហំដីជាង៨៥០០ហិកតា។ ក្រោយកើតជម្លោះនោះអ្នកភូមិ១៤ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ក្រោមការចោទថាបានប្រព្រឹត្តបទល្មើសបរិស្ថាន ខណៈពលរដ្ឋម្នាក់កំពុងបាត់ខ្លួន បន្ទាប់ពីក្រុមទាហានយាមការពារដីក្រុមហ៊ុនចាប់ខ្លួន៕