ដោយ អាស៊ីសេរី
2019-03-12

លោក គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្ត Rock (Screenshot)
សមត្ថកិច្ចឃាត់ខ្លួនលោក គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ក់មកសួរនាំបញ្ហាគ្រឿងញៀន
គេហទំព័រអគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា លោក គិត ធាង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមន្ទីរឃុំឃាំង ប៉េហ៊្សី (PJ) នៅរាជធានីភ្នំពេញ ដើម្បីរង់ចាំការជំនុំជម្រះរឿងក្ដីរបស់លោក។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមីនា បានបញ្ជូនលោក គិត ធាង ទៅតុលាការ ដើម្បីសាកសួរអំពីករណីសមត្ថកិច្ចរកឃើញគ្រឿងញៀនម្រមាណ ៥០គីឡូក្រាម ក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ កាលពីក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបមួយ នៅវេលាទៀបភ្លឺថ្ងៃទី២៣ ខែកុម្ភៈ។ នគរបាលជាតិចាប់ខ្លួនលោក គិត ធាង តាមដីការបស់តុលាការ កាលពីព្រលប់ថ្ងៃទី១១ ខែមីនា គឺបន្ទាប់ពីមានប្រតិកម្មខ្លាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ប្រាប់អាស៊ីសេរី នៅព្រលប់ថ្ងៃទី១១ មីនាថា សមត្ថកិច្ចនាំខ្លួន លោក គិត ធាង ដែលស្ថិតនៅខណ្ឌទួលគោក នៅម៉ោងប្រមាណ ៦ល្ងាច ដើម្បីមកសួរនាំនៅស្នងការនគរបាលជាតិ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក។
លោក គិត ធាង ជាបងប្រុសបង្កើតរបស់លោក ឧកញ៉ា គិត ម៉េង ដែលជាឈ្មួញរកស៊ីច្រើនវិស័យ ដោយមានការជួយជ្រោមជ្រែងពីលោក ហ៊ុន សែន។ លោក គិត ធាង ជាម្ចាស់អាជីវកម្មក្លឹបកម្សាន្ត រ៉ក់។ តែយ៉ាងហោចណាស់ លោកធ្លាប់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរចំនួន ៣ដងរួចមកហើយ ដើម្បីឈប់ផ្ដល់ទីតាំងក្លឹបកម្សាន្តនេះ សម្រាប់ប្រមូលផ្ដុំសេពគ្រឿងញៀន និងជួញដូរគ្រឿងញៀន។ នេះមិនទាន់រាប់បញ្ចូលករណីបាញ់បោះច្រើនលើកច្រើនសា និងករណីបែកធ្លាយវីដេអូ អាសអាភាសជាច្រើនឃ្លីប ចេញពីក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ កន្លងមកនោះទេ។ វីដេអូខ្លះ មានឃើញយុវជនស្លៀកសំលៀកបំពាក់សិស្សសាលាទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។