ដោយ មួង ណារ៉េត
2019-03-12
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់បទសម្ភាសន៍នាទីស្នាក់ការកណ្ដាលគណបក្សក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA
អ្នកច្បាប់ជាតិ និងអន្តរជាតិ យល់ឃើញដូចគ្នាថា ការឃុំខ្លួនប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា លើសរយៈពេល ១៨ខែ ដោយគ្មានការជំនុំជម្រះក្ដី គឺរំលោភទាំងច្បាប់ និងសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
តើការឃុំខ្លួនលោក កឹម សុខា លើស ១៨ខែ ប៉ះពាល់អ្វីខ្លះទាំងសិទ្ធិ និងច្បាប់?
តាមគោលការណ៍ច្បាប់ការឃុំខ្លួនបណ្ដោះអាសន្នមុនសវនាការលើអង្គសេចក្ដីក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ គឺមិនអាចលើសពីរយៈពេល ១៨ខែបានឡើយ។ ក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាមាត្រា ២០៨ ចែងថា ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦ខែ និងអាចសម្រេចពន្យារការឃុំខ្លួនបណ្ដោះអាសន្ននេះបានតែពីរដងប៉ុណ្ណោះ ពោលគឺ មិនត្រូវលើសពី ១៨ខែនោះឡើយ។
គិតត្រឹមថ្ងៃទី៣ ខែមីនា កន្លងទៅនេះ លោក កឹម សុខា ស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ១៨ខែ ដោយរាប់ពីពេលដែលសមត្ថកិច្ចក្រោមការបញ្ជារបស់លោក ហ៊ុន សែន ចាប់ខ្លួនលោកទាំងកម្រោល និងកណ្ដាលយប់ ពីក្នុងគេហដ្ឋានកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
ដំបូងសមត្ថកិច្ចបានបានបញ្ជូនខ្លួនលោក កឹម សុខាទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ចម្ងាយជិត ២០០គីឡូម៉ែត្រ (174km) ពីក្រុងភ្នំពេញ។ មួយឆ្នាំក្រោយមកដោយសារសម្ពាធពីអន្តរជាតិលោក ហ៊ុន សែន ប្ដូររូបភាពនៃការឃុំខ្លួននេះ ដោយបានបង្គាប់ឱ្យផ្ទេរលោក កឹម សុខា មកឃុំខ្លួនបន្តនៅក្នុងផ្ទះនៅឯទីក្រុងភ្នំពេញជំនួសវិញ។ សមត្ថកិច្ចបញ្ជូនខ្លួនលោក កឹម សុខា មកឃុំក្នុងផ្ទះកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
សមត្ថកិច្ចបានវាស់ដីឱ្យលោក កឹម សុខា ដើរ ដោយមិនឱ្យលោកចេញទៅណាក្រៅពីរង្វង់ប៉ុន្មានម៉ែត្រនៅជុំវិញផ្ទះលោកនោះឡើយ។ មិនតែប៉ុណ្ណោះ លោករងការរឹតត្បិតសិទ្ធិសេរីភាពសព្វបែបយ៉ាង ដូចគ្នាទៅនឹងស្ថានភាពឃុំខ្លួនកាលនៅពន្ធនាគារត្រពាំងផ្លុងដែរ ដោយលោកមិនអាចប្រាស្រ័យទាក់ទងអ្នកណាក្រៅតែពីក្រុមមេធាវី និងសមាជិកក្រុមគ្រួសារលោកតែប៉ុណ្ណោះ។
អនុប្រធានគណបក្សប្រជាជនកម្ពុជានិង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បញ្ជាក់អំពីនីតិវិធីដែលផ្ទេរការឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងមកឃុំក្នុងផ្ទះជំនួសវិញនេះថាជាការចាំបាច់៖ «ឥឡូវនេះយើងមកទុកនៅនឹងផ្ទះឃុំខ្លួននៅក្នុងដែនដីណាមួយជាកំណត់។ សម្រាប់ កឹម សុខា នេះ យើងត្រូវតែដំណើរការតាមនីតិវិធីតុលាការឱ្យចប់»។
លោក ស ខេង បានអួតអាងថា លោកជាអ្នកបញ្ជាឱ្យដឹកជញ្ជូនលោក កឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុងទាំងយប់ និងខិតខំកែច្នៃឱ្យការឃុំខ្លួននៅផ្ទះស្របតាមច្បាប់៖ «ច្បាប់យើងអត់មានច្បាប់អាដែងនែច្បាប់ព្រហ្មទណ្ឌហ្នឹងណាអត់អនុញ្ញាតឱ្យឃុំខ្លួននៅផ្ទះទេអត់មានទេ។ អ៊ីចឹងធ្វើម៉េចឥលូវចន្លោះដែរ អ្នកសរសេរច្បាប់ព្រហ្មទណ្ឌហ្នឹង អត់មានច្បាប់ឃុំខ្លួននៅផ្ទះដល់អ៊ីចឹងរកវិធី។ ខ្ញុំថា ឥឡូវព្រាងឱ្យហើយទៅឱ្យ ផាន យកទៅ ប៉ាវ ហមផាន ព្រាងឱ្យហើយ កាន់ពីហ្នឹងទៅទៅដល់ចរចាជាមួយ កឹម សុខា ខ្លួនឯង ព្រោះ ផាន ហ្នឹងទៅយកមក។ ជជែកគ្នាម៉ោង ៣ ប៉ុន្តែថាធ្វើម៉េចម៉ោង ៥ភ្លឺយ៉ាងយូរ ត្រូវយកមនុស្សហ្នឹងមកឱ្យដល់ភ្នំពេញប្រកបដោយសុវត្ថិភាព ហើយទម្រាំជជែកគ្នា ហើយម៉ោង ៦ហើយ បានចែកផ្លូវគ្នាធ្វើការ»។
ចំណែកឯប្រធានគណបក្ស ប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រីនៃរបបឯកបក្សលោក ហ៊ុន សែន បញ្ជាក់បន្ថែមអំពីចំណាត់ការបន្តឃុំខ្លួនលោក កឹម សុខា ដោយគ្រាន់តែផ្លាស់ពីពន្ធនាគារនេះដែរដោយលោកអះអាងថា ខ្លាចលោក កឹម សុខា ស្លាប់ក្នុងគុក៖ «គេគ្រាន់តែយកមកដាក់ក្នុងដែនដីមួយអត់ទាន់រួចទោសទាំងអស់! គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ! ដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ!»។
តាមក្រមនីតិវិធីព្រហ្មទណ្ឌដដែលនៅមុនផុតរយៈពេលឃុំខ្លួនបណ្ដោះអាសន្នដែលច្បាប់អនុញ្ញាតបានត្រឹមតែ ១៨ខែនោះ ចៅក្រមស៊ើបសួរត្រូវតែចេញដីកាដំណោះស្រាយមួយដោយត្រូវលើកលែងការចោទប្រកាន់លើជនត្រូវចោទ ឬបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។ ការបន្តឃុំខ្លួនជនត្រូវចោទក្នុងករណីគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះបែបនេះ គឺរំលោភទាំងសិទ្ធិរបស់ជនត្រូវចោទ និងបំពានទាំងច្បាប់ជាតិ និងអន្តរជាតិ។
សិទ្ធិរបស់ពលរដ្ឋខ្មែរគ្រប់រូប ត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៣៨ ដែលចែងថា ច្បាប់ការពារជីវិតកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ការឃុំខ្លួនជនណាម្នាក់នឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
ការបន្តឃុំខ្លួនលោក កឹម សុខា ហួសកាលកំណត់នេះអាជ្ញាធរកម្ពុជា រំលោភសិទ្ធិមនុស្សដូចដែលមានចែងក្នុងច្បាប់អន្តរជាតិដែរ ព្រោះមាត្រា៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស។
មាត្រា៩(១) នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចែងថា ជនគ្រប់រូបមានសិទ្ធិទទួលបានសេរីភាព និងរួចផុតពីការចាប់ ឬឃុំខ្លួនតាមតែអំពើចិត្ត។
ការបន្តឃុំខ្លួនលោក កឹម សុខា យូររហូតដល់ហួសនីតិវិធីទៅទៀតដោយគ្មានការជំនុំជម្រះបែបនេះគឺរំលោភបំពានច្បាប់អន្តរជាតិមួយករណីទៀតត្រង់មាត្រា៩(៣) នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលចែងថា ជនគ្រប់រូប មានសិទ្ធិទទួលបានការជំនុំជម្រះក្ដីក្នុងរយៈពេលសមស្របមួយ ឬបើមិនដូច្នេះទេត្រូវដោះលែងជននោះឱ្យមានសេរីភាពវិញភ្លាម។
ទោះជាយ៉ាងនេះក្តី មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌នៃរបបលោក ហ៊ុន សែន អះអាងថា លោក កឹម សុខាមិនស្ថិតក្រោមការឃុំខ្លួនជាបណ្ដោះអាសន្នទៀតទេ។ លោក គឹម សន្តិភាពថ្លែងប្រាប់ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ថា សព្វថ្ងៃនេះលោក កឹម សុខា កំពុងស្ថិតនៅក្រៅឃុំគ្រាន់តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោកអះអាងថា លោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន តាំងពីថ្ងៃដែលគេបញ្ចេញលោកពីពន្ធនាគារត្រពាំងផ្លុងនោះមកម្ល៉េះ។ លោក គឹម សន្តិភាព បន្តថា សព្វថ្ងៃនេះលោក កឹម សុខា មានសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរចេញពីគេហដ្ឋានរបស់លោកបាន ប៉ុន្តែធ្វើដំណើរបានតែក្នុងរង្វង់ព្រំប្រទល់កំណត់របស់ចៅក្រមស៊ើបសួរតែប៉ុណ្ណោះ។ ត្រង់ថា លោក កឹម សុខា ចេញ ឬមិនចេញពីគេហដ្ឋានរបស់លោក គឺជាសិទ្ធិរបស់លោក។
ការបកស្រាយបែបនេះត្រូវបានទាំងអ្នកច្បាប់ជាតិនិង អន្តរជាតិមិនយល់ស្របនោះទេ។មេធាវីនៃការិយាល័យច្បាប់ អមរិន្ទ្រ លោក សុក សំអឿន ថាស្ថានភាពគ្មានសេរីភាពបែបនេះ គឺលោក កឹម សុខា បន្តស្ថិតនៅក្រោមការឃុំខ្លួនដដែល៖ «បើកាលណាយើងបិទសិទ្ធិសេរីភាពមិនឱ្យគេដើរហើរអាហ្នឹង គឺជាការឃុំខ្លួនហើយ។ យើងអត់បានទៅណាផងហ្នឹង! បើសិនត្រឹមតែស្រុកខ្មែរមិនឱ្យចេញទៅក្រៅ អាហ្នឹងអូខេ ខ្ញុំទទួលស្គាល់ថា អាហ្នឹងជាការនៅក្រៅឃុំមែន។ ប៉ុន្តែបើវាស់ដីឱ្យដែរបែបនេះ គឺមិនមែនជាការនៅក្រៅឃុំទេ គឺជាការឃុំខ្លួនដូចគ្នា»។
លោក សុក សំអឿន ចាត់ទុកការបន្តឃុំខ្លួនលោក កឹម សុខា លើសពី ១៨ខែនេះថា ជាការខុសច្បាប់។
ចំណែកឯមន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអន្តរជាតិឯណោះ គ្មានមន្ទិលអ្វីដែលថា លោក កឹម សុខា កំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្ននោះទេ។ នាយកប្រតិបត្តិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលោក ប្រ៊ែដ អាដាម (BradAdams) ថា គេមិនគួរឆ្ងល់រឿងនេះទេ៖ «គ្មានរឿងអ្វីដែលត្រូវឆ្ងល់ថា តើលោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ឬអត់នោះទេ! លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ១០០%។មិនថាគាត់ជាប់ឃុំនៅប៉ុស្តិ៍ប៉ូលិសនៅពន្ធនាគារ ឬ នៅក្នុងផ្ទះនោះទេ គឺនោះគេហៅថាជាប់ឃុំហើយ! លោក កឹម សុខា មិនអាចដើរទៅណាបាន។ គាត់មិនអាចទាក់ទងអ្នកផងទាំងពួងបាន។កុំថាឡើយធ្វើដំណើរទៅក្រៅប្រទេស សូម្បីតែក្នុងប្រទេសក៏គាត់ដើរមិនបានផង! ប៉ុណ្ណឹងហើយនៅមើលមិនឃើញថា គាត់កំពុងជាប់ឃុំទៀត។ សូមចាំថា ស្រុកខ្មែរគ្មានច្បាប់ដាក់ឃុំក្នុងផ្ទះទេ។ ដូច្នេះរឿងឃុំគាត់ក្នុងផ្ទះនេះ គឺជាការរំលោភច្បាប់មួយបន្ថែមទៀត»។
ក្រុមការងារស្ដីពីការឃុំខ្លួនតាមតែអំពើចិត្តនៃអង្គការសហប្រជាជាតិ (WGAD) បានសម្រេចកាលពីខែឧសភា ឆ្នាំ២០១៨ ថា ការចាប់ខ្លួនលោក កឹម សុខា តាំងតែពីដំបូងមកម្ល៉េះ គឺធ្វើឡើងតាមតែអំពើចិត្តនិង ទាមទារឱ្យរបបលោក ហ៊ុនសែន ដោះលែងលោកជាបន្ទាន់។ មិនតែប៉ុណ្ណោះរបបនេះ ត្រូវតែទូទាត់សំណងខូចខាតដល់លោក កឹម សុខា ដែលជាព្យសនកម្មកើតចេញពីអំពើនៃចំណាត់ការតាមតែអំពើចិត្តបែបនេះ។ ស្ថាប័នអង្គការសហប្រជាជាតិដដែលនេះទាមទារឱ្យចាត់វិធានការទៅលើអ្នកទាំងឡាយណា ដែលប្រព្រឹត្តនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។