សង្គម
|
https://www.vodhotnews.com
គណៈប្រតិភូសហភាពអឺរ៉ុបគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានាសប្ដាហ៍ក្រោយនេះដើម្បីពិភាក្សាអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធជាមួយកម្ពុជា។
ឯកអគ្គរដ្ឋសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក George Edgar ប្រាប់ VOD នៅថ្ងៃនេះថា មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកការងារការទូតនិងនយោបាយការបរទេស និងមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកការងារពាណិជ្ជកម្ម នឹងមកកម្ពុជានៅសប្ដាហ៍ក្រោយនេះ។
យ៉ាងណាក៏ដោយ លោក George Edgar សុំមិនបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទ និងថាតើ បញ្ហាណាខ្លះ នឹងត្រូវលើកយកទៅពិភាក្សានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កេត សោផាន់ ឲ្យ VOD ដឹងដែរថា រដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរទិវា «ASEM DAY» ពីថ្ងៃម្សិលមិញ ក៏ថ្លែងថាលោកនឹងជួបពិភាក្សាជាមួយមន្ដ្រីគណៈកម្មាការអឺរ៉ុប ដែលគ្រោងមកកម្ពុជានាថ្ងៃទី២១ មីនាខាងមុខនេះពាក់ព័ន្ធកាតព្វកិច្ចរបស់កម្ពុជា ក្នុងការបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប។
ដំណើរទស្សនកិច្ចរបស់ប្រតិភូសហភាពអឺរ៉ុបនេះគឺធ្វើឡើងបន្ទាប់សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងមក បានប្រកាសអំពីការចាប់ផ្ដើមនីតិវិធីដែលឈានទៅព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា បន្ទាប់ពីមើលឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនិតិរដ្ឋនៅក្នុងរយៈពេល ១៨ខែចុងក្រោយមកនេះ៕