សន្ដិសុខ
|
https://www.vodhotnews.com
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានឲ្យដឹងថា លោកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសាកសួរពាក់ព័ន្ធនឹងគ្រឿងញៀនប្រហែល ៥០គីឡូក្រាម ដែលរឹបអូសបាននៅអំឡុងពេលប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្តរ៉ក់កាលពីខែមុន។
អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់វីអូឌីកាលពីល្ងាចថ្ងៃចន្ទថាម្ចាស់ក្លឹបកម្សាន្តរ៉ក់ លោក គិត ធាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមដីកាតុលាការហើយកំពុងស្ថិតក្រោមការសាកសួរនៅឡើយ។
លោក គិត ធាង ដែលជាបងប្រុសលោក គិត ម៉េង ប្រធានសម្ព័ន្ធក្រុមហ៊ុន Royal Group ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យស្វែងរកចាប់ខ្លួនមេខ្លោងស្ថិតនៅពីក្រោយនៃគ្រឿងញៀនដែលត្រូវបានរឹបអូសបាននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់កាលពីខែកុម្ភៈកន្លងមកនេះ។
ទោះជាយ៉ាងណា នគរបាលរាជធានីភ្នំពេញ អះអាងថាក្រៅពីមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយនេះ សមត្ថកិច្ចរាជធានីភ្នំពេញក៏បានបានរកឃើញក្លឹបកម្សាន្ត និងបារបារាំងជិត ១៣០០កន្លែងផ្សេងទៀតមានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ ហើយក្លឹបកម្សាន្តជាង១ពាន់កន្លែង បានត្រឹមតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់និងចែកចាយគ្រឿងញៀនប៉ុណ្ណោះ៕