ដោយ អាស៊ីសេរី
2019-06-26
RFA

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្រោយបិទបញ្ចប់កិច្ចប្រជុំស្ដីពីស្ថានភាពពន្ធនាគារ នាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ មករា ឆ្នាំ២០១៦។ Photo: RFA
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា គណៈកម្មការពិសេសរកឃើញ សំណង់ឥតច្បាប់ ៥ទីតាំងផ្សេងគ្នានៅខេត្តព្រះសីហនុ ហើយលោកបានបញ្ជាឱ្យពិនិត្យឡើងវិញពីភាពមិនប្រក្រតី រាល់ឯកសារពាក់ព័ន្ធទាំងអស់ ក្នុងដែនរដ្ឋបាលខេត្តនេះ ទាក់ទិនវិស័យសំណង់។ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរបង្ហាញតម្លាភាព ពីដំណើរការស៊ើបអង្កេតករណីនេះ និងត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។
លោក ស ខេង ប្រាប់ក្រុមអ្នកកាសែត នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ មិថុនាថា សំណង់ឥតច្បាប់ដែលបានរកឃើញទាំងនេះ គឺជាហានិភ័យធំមួយ ដែលត្រូវពិនិត្យឡើងវិញ រាល់ឯកសារមិនប្រក្រីទាំងអស់ ឋិតក្នុងដែនសមត្ថកិច្ចខេត្តព្រះសីហនុ។ លើសពីនេះ ប្រសិនបើរកឃើញថា មានមន្ត្រីជំនាញណាពាក់ព័ន្ធ នឹងចាត់វិធានការជាក់ស្ដែងដែរ។ «»
ការស៊ើបអង្កេតគុណភាពអគារនេះ ដោយសារតែការបាក់អគាររបស់ក្រុមហ៊ុនចិនមួយកន្លែងនៅខេត្តព្រះសីហនុបណ្ដាលឱ្យមនុស្សស្លាប់ ២៨នាក់ និងរបួស ២៦នាក់។
មន្ត្រីសង្គមស៊ីវិល ស្នើឱ្យគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បង្ហាញពីតម្លាភាពដល់សាធារណជន ហើយប្រសិនបើរកឃើញថា មានសំណង់ឥតច្បាប់ គ្មានគុណភាព ខ្វះស្តង់ដារ សាងសង់រំលោភផ្លូវសាធារណៈ និងប៉ះពាល់ឆ្នេរសមុទ្រត្រូវតែបិទការសាងសង់ និងត្រូវមានវិធានការច្បាប់ជាបន្ទាន់។
អនុប្រធានបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី កំពុងរង់ចាំអ៊ុតមើលថា ប្រសិនបើអាជ្ញាធរមិនប្រើកណ្តាប់ដៃដែក ទប់ស្កាត់សំណង់ខុសច្បាប់នៅខេត្តព្រះសីហនុទេ លោកគ្មានសង្ឃឹមថា ការបង្កើតគណៈកម្មការពិសេសនេះនឹងមានប្រសិទ្ធភាពនោះទេ។ លោកថា គណៈកម្មការស៊ើបអង្កេតករណីនេះ ត្រូវតែចៀសឱ្យផុតពីការឃុបឃិតគ្នា និងប្រព្រឹត្តអំពើពុករលួយ នៅគ្រាដែលកំពុងបំពេញបេសកកម្មនេះ។ «»
លោក ស ម៉ូរី បន្ថែមថា រាល់សំណង់ទាំងអស់ត្រូវតែធ្វើការវាយតម្លៃហេតុផល ប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានត្រឹមត្រូវ មិនត្រឹមតែគិតពីបញ្ហាបច្ចេកទេស គុណភាព និងស្តង់ដារទេ។ លោកសង្កេតឃើញថា នៅគ្រាដែលកំណើតអគារកើនឡើងច្រើននៅក្រុងព្រះសីហនុ អាជ្ញាធរមិនបានស្ថាបនា ប្រព័ន្ធលូបង្ហូរទឹក និងប្រតិកម្មទឹកឱ្យបានត្រឹមត្រូវទេ បង្កឱ្យអគារសំណង់ខ្លះ បង្ហូរទឹកស្ទុយចូលសមុទ្រ។ «»
អាស៊ីសេរីបានទាក់ទង អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីសុំការបំភ្លឺពីដំណើរការស៊ើបអង្កេតរបស់គណៈកម្មការជំនាញ ក៏ប៉ុន្តែទូរស័ព្ទហៅចូល គ្មានទទួល នៅថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ មិថុនា។
ទាក់ទិនករណីនេះដែរ អង្គការចលនាមាតាធម្មជាតិ បានរកឃើញសំណង់ ៥ទីតាំង ឋិតនៅឆ្នេរឯករាជ្យ បានសាងសង់រំលោភឆ្នេរសមុទ្រផ្ទុយពីច្បាប់ធម្មនុញ្ញ និងច្បាប់ភូមិបាល។ ក្រុមយុវជនចលនាមាតាធម្មជាតិ លោក លី ចន្ទ្រតារ៉ាវុធ ថ្លែងក្នុងវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា គ្រាន់តែឆ្នេរឯករាជតែមួយប៉ុណ្ណោះ មានអគារសំណង់ចំនួន ៥ទីតាំង សាងសង់ខុសច្បាប់។ «»
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់ថា សំណង់អគារទាំងឡាយណា ដែលសាងសង់អត់ច្បាប់ និងមានភាពមិនប្រក្រតី មិនត្រឹមតែក្រុមហ៊ុនចិន និងក្រុមអ្នកម៉ៅការត្រូវទទួលខុសត្រូវទេ មន្ត្រីជំនាញពាក់ព័ន្ធក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។ លោកស្រីថា បើគណៈកម្មការនេះ មិនហ៊ានចាត់វិធានការមន្ត្រីខិលខូចទេ លោកស្រីពុំមានជំនឿថា ដំណោះស្រាយបញ្ហានេះនឹងទទួលបានជោគជ័យទេ។ «»
ច្បាប់ភូមិបាលចែងថា ជនណាធ្វើឱ្យប៉ះពាល់ទ្រព្យសាធារណៈ នឹងត្រូវផ្ដន្ទាទោសវិន័យជាប្រាក់ ៥លានរៀល ដល់ ៥០លានរៀល និងត្រូវជាប់ពន្ធគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា មានសំណង់អគារ ផ្ទះ សណ្ឋាគារ និងកាស៊ីណូមួយចំនួន បានសាងសង់រំលោភផ្លូវសាធារណៈ ទន្លេ និងឆ្នេរសមុទ្រស្ទើរតែគ្រប់ខេត្ត ក្រុង ក៏ប៉ុន្តែពួកគេមិនឃើញ អាជ្ញាធរចាត់វិធានការច្បាប់នៅឡើយទេ៕