បណ្តាញសារព័ត៌មានរុស្ស៊ី Russia Today (RT) បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសអ្នកបកប្រែជនជាតិខ្មែរឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងការផលិតភាពយន្តឯកសារមួយ។
កាលពីរសៀលថ្ងៃពុធ លោក រ៉ាត់ រត្នមុនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញរកឃើញថា មានពិរុទ្ធភាពពីបទ «ញុះញង់ឲ្យមានការរើសអើង» ដោយសារលោកបានបំពេញការងារជាមួយបណ្តាញសារព័ត៌មាន RT អំឡុងពេលផលិតភាពយន្តឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ»ដែលនិយាយអំពីរឿងរ៉ាវរបស់ក្មេងស្រីកម្ពុជា ដែលតាមការអះអាងថា បានលក់ខ្លួន ដើម្បីជួយសម្រាលភាពក្រីក្រក្នុងគ្រួសាររបស់ពួកគេ។
លោក រត្នមុនី និងបណ្តាញសារព័ត៌មាន RT បាននិយាយថា លោកមានតួនាទីត្រឹមជាអ្នកបកប្រែប៉ុណ្ណោះ ប៉ុន្តែតុលាការបានអះអាងថា លោកបានផ្តល់ប្រាក់ដល់គ្រួសារទាំងនោះ ដើម្បីផ្តល់សក្ខីកម្មក្លែងក្លាយ។
មន្ត្រីរដ្ឋាភិលបាល បានច្រានចោលព័ត៌មាន ដែលបានលើកឡើងក្នុងភាពយន្តឯកសារ ដែលមានរយៈពេល២៧នាទីនេះ បន្ទាប់ពីភាពយន្តនេះ ត្រូវបានចាក់បញ្ចាំងកាលពីខែតុលាឆ្នាំមុន។ លោក ឆាយ គឹមឃឿន ជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានអះអាងថា “ភាពយន្តឯកសារនេះ គឺជារឿងប្រឌិត ដែលធ្វើឲ្យខូចវប្បធម៌និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា”។
កាលពីខែធ្នូ ពោលគឺ តែប៉ុន្មានខែមុនពេលតុលាការបើកសវនាការលើសំណុំរឿងរបស់លោក រត្នមុនី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភក្រ
បានថ្កោលទោសរួចទៅហើយថា លោក រត្នមុនី បាន «ប្រព្រឹត្តបទល្មើស» និងបានប្រកាសថា លោក រត្នមុនី នឹងមិនរួចខ្លួនទេ។
ក្នុងសេចក្តីថ្លែងការណ៍មួយតាមអ៊ីមែលកាលពីថ្ងៃពុធ បណ្តាញសារព័ត៌មាន RT បានជំទាស់ទៅនឹងការលើកឡើងរបស់រដ្ឋាភិបាលដែលថា ភាពយន្តឯកសារនេះជា «ព័ត៌មានមិនពិត»ដោយអះអាងថា RT
«តែងតែប្រកាន់ខ្ជាប់នូវស្តង់ដាខ្ពស់បំផុតក្នុងការផលិតភាពយន្តឯកសាររបស់ខ្លួន»។
សេចក្តីថ្លែងការណ៍ដដែលនេះសរសេរថា៖ «RT មានការខកចិត្តខ្លាំងបំផុតចំពោះសាលក្រមរបស់តុលាការកម្ពុជា ដែលផ្តន្ទាទោសអ្នកសម្របសម្រួលនិងជាអ្នកបកប្រែរបស់យើង លោក មុនី ឲ្យជាប់ពន្ធនាគារ។ យើងប្រកាន់យកទាំងស្រុងនូវសេចក្តីរាយការណ៍ក្នុងភាពយន្តឯកសារនេះ។ យើងបានធ្វើការទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធនឹងការផលិតភាពយន្តរបស់យើងនៅក្នុងប្រទេសកម្ពុជានិងជុំវិញប្រធានបទនេះ»។
ការអះអាងរបស់បណ្តាញសារព័ត៌មាន RT ដែលថា ខ្លួនបាន ទាក់ទងជាប្រចាំជាមួយអាជ្ញាធរកម្ពុជានោះ ហាក់ផ្ទុយនឹងការលើកឡើង អំឡុងសវនាការលើកទី១កាលពីខែឧសភា ដែលពេលនោះលោកចៅក្រម កូយ សៅ បានអះ អាងថា ក្រសួងព័ត៌មានរំពឹងថា ភាពយន្តឯកសារនេះនឹងនិយាយអំពីជោគជ័យរបស់កម្ពុជា ក្រោយរបបខ្មែរក្រហម។
បណ្តាញសារព័ត៌មាន RT បានបន្ថែមថា ខ្លួនបានឧបត្ថម្ភដល់គ្រួសារលោក រត្នមុនី និងកំពុងព្យាយាមធ្វើការងារ ដើម្បីបញ្ចប់ការឃុំខ្លួនរបស់លោក។
បណ្តាញសារព័ត៌មាន RT បានឲ្យដឹងថា៖ «យើងបាននិងកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយដោះស្រាយស្ថានភាពជុំវិញការចាប់ខ្លួនលោក មុនី រួមទាំងតាមមធ្យោបាយកាទូតផងដែរ។ យើងនឹងបន្តទាក់ទងជាប្រចាំជាមួយគ្រួសាររបស់លោក មុនី ហើយនឹងបន្តគាំទ្រពួកគេតាមគ្រប់មធ្យោបាយ»។
កាលពីថ្ងៃពុធ ចៅក្រមជំនុំជម្រះ កូយ សៅ បានមានប្រសាសន៍ថា លោកបានពិចារណាយ៉ាងល្អិតល្អន់លើចម្លើយរបស់សាក្ស៊ី សេចក្តីសន្និដ្ឋានរបស់តំណាងអយ្យការ សេចក្តីសន្និដ្ឋានរបស់មេធាវីការពារក្តីជនជាប់ចោទនិងបានស្តាប់ចម្លើយរបស់ជនជាប់ចោទ មុនធ្វើសេចក្តីសម្រេចនេះ។ លោក ក៏បានបង្គាប់ឲ្យលោក រត្នមុនី បង់សំណងជំងឺចិត្តដល់ដើមបណ្តឹងឈ្មោះ ទេព សាលីន និង កែវ ម៉ាឡៃ ក្នុងម្នាក់ៗ ៣៥ លានរៀល។
ខណៈពេលលោកត្រូវបានអនុរក្សពន្ធនាគារនាំខ្លួនចេញពីបន្ទប់សវនាការ លោក រត្នមុនី បានបញ្ជាក់ជាថ្មីថា លោកមិនបានធ្វើអ្វីខុសនោះទេ។
លោក រត្នមុនី បាននិយាយថា៖ «វាមិនយុត្តិធម៌ទេ សម្រាប់ខ្ញុំ ពីព្រោះខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ខ្ញុំនឹងពិចារណាប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចនេះ»។
លោក រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីខែធ្នូ ហើយត្រូវបានធ្វើបត្យាប័ណ្ណបញ្ជូនមកប្រទេសកម្ពុជាវិញ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាសាកសួរក្រុមគ្រួសារដែលបានបង្ហាញមុខក្នុងភាពយន្តឯកសារនេះ។
សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនេះបានរងការរិះគន់ភ្លាមៗពីអង្គការអន្តរជាតិ រួមទាំងអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលបានចាត់ទុកសាលក្រមនេះថា ជា សេចក្តីសម្រេចដ៏គួរឲ្យតក់ស្លុតដែលកើតចេញពី សវនាការក្លែងក្លាយ មួយ។
លោក ដានីញែល បាស្តាដ (Daniel Bastard) ជាប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអ្នកកាសែតគ្មានព្រំដែនបានមានប្រសាសន៍ថា៖ “«សេចក្តីសម្រេច ដែលធ្វើឡើងដោយលោកចៅក្រម កូយ សៅ ជាចៅក្រមជំនុំជម្រះលើសំណុំរបស់លោក រ៉ាត់ រត្នមុនី នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះជំនឿលើប្រព័ន្ធយុត្តិធម៌កម្ពុជា»។
ចំណែកលោក ហ្វីល រ៉ូបឺតសិន (Phil Robertson) ជានាយករងប្រចាំតំបន់អាស៊ីនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយថា សំណុំរឿងដែលចោទប្រកាន់មកលើលោក រត្នមុនី គឺជាការព្យាយាម ដើម្បី បិទបាំង ការពិត ដែលត្រូវបានលាតត្រដាងបង្ហាញក្នុងភាពយន្តឯកសារនេះ។
លោកមានប្រសាសន៍ថា៖« ការជំរុញឲ្យមានការឃុំខ្លួនលោក មុនី គឺជាឧទាហរណ៍មួយនៅក្នុងប្រទេសកម្ពុជា ដែលដាក់ទោសអ្នកដែលបានប្រាប់សហគមន៍អន្តរជាតិអំពីការពិត ដែលរដ្ឋាភិបាលចង់លក់បាំងហើយថា ឧស្សាហកម្មផ្លូវភេទក្នុងប្រទេសកម្ពុជាមានពាក់ព័ន្ធនឹងក្មេងស្រីក្រោមអាយុ១៨ឆ្នាំ ហើយមន្ត្រីរដ្ឋាភិបាលខកខានមិនបានចាត់វិធានការសមស្រប ដើម្បីដោះស្រាយបញ្ហានេះទេ»។
លោក រ៉ូបឺតសិន បានបន្ថែមថា ការចោទប្រកាន់លើលោក រត្នមុនី គឺជាការប្រមាថចំពោះសេរីភាពសារព័ត៌មាន។
លោក រ៉ូបឺតសិន បានមានប្រសាសន៍ថា៖ «លោក រ៉ាត់ រត្នមុនី មិនគួរត្រូវបានចាប់ខ្លួន ហើយរឹតតែមិនទំនងទៅទៀតដែលត្រូវបានជម្រះក្តីនិងផ្តន្ទាទោសដោយសារតែការបំពេញការងារក្នុងឋានៈជាអ្នកសម្របសម្រួលនិងជាអ្នកបកប្រែសម្រាប់ភាពយន្តឯកសាររបស់បណ្តាញព័ត៌មាន Russia Today ។ ការផ្តន្ទាទោសលោក មុនី គួរត្រូវបានទម្លាក់ចោល ហើយលោកគួរត្រូវបានដោះលែង ដើម្បីជួបជុំប្រពន្ធនិងកូនប្រុសរបស់គាត់វិញ»។
លោក ឡោ ជុនធី ជាមេធាវីរបស់លោក រត្នមុនី គ្មានវត្តមាននៅតុលាការទេ កាលពីថ្ងៃពុធ ហើយលោកមិនទាន់ដឹងពីហេតុផលអ្វីខ្លះនៅក្នុងសេចក្តីសម្រេចរបស់លោកចៅក្រមនៅឡើយទេ។ ទោះបីជាយ៉ាងណា លោកមានការខកចិត្តចំពោះសាលក្រមនិងការផ្តន្ទាទោសនេះ។
លោក ឡោ ជុនធី បានមានប្រសាសន៍បន្ថែមថា លោកនឹងជួបកូនក្តីរបស់លោកនៅសប្តាហ៍ក្រោយ ដើម្បីសម្រេចថា តើត្រូវប្តឹងឧទ្ធរណ៍ឬយ៉ាងណា។
លោកមានប្រសាសន៍ថា៖ «គ្មានអង្គហេតុណាមួយដែលអាចទាញទៅជាបទល្មើសនោះទេ»៕ (រាយការណ៍បន្ថែមដោយលោក Michael Dickison)