លោក ទីន ហ្សាការីយ៉ា
2019-06-27
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងតាមវីដេអូនៅលើហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of Kem Sokha’s Facebook Page
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញសារដ៏កម្រមួយនាឱកាសពិធីខួបកំណើតរបស់លោកគម្រប់៦៧ឆ្នាំ នេះថា ដ៏រាបណាព្រះអាទិត្យនៅតែរះ លោកនៅតែមានក្ដីសង្ឃឹម វិលទៅជួបជុំអ្នកគាំទ្ររបស់លោក និង បម្រើជាតិមាតុភូមិវិញ។
លោក កឹម សុខា សរសេរ ក្នុងទំព័រ (Facebook) លោកថា វាគ្មានទេពាក្យថា “ ស្ដាយក្រោយសម្រាប់ កឹម សុខា ដែលបានបូជាជូនជាតិ ប្រជាពលរដ្ឋ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និងការផ្សះផ្សាជាតិ” ។
លោក កឹម សុខា បានប្ដេជ្ញាចិត្តថា ទោះបីជាលោក ស្ថិតនៅទីឃុំឃាំងក្នុងផ្ទះ គឺលោកជាប់ឃុំតែរូបកាយ បាត់បង់សេរីភាពក៏ពិតមែន ប៉ុន្តែស្មារតីស្នេហាជាតិរបស់លោកមិនជាប់ឃុំឃាំងឡើយ។
លោក កឹម សុខា បាន សរសេរបន្តទៀតថា “ ទឹកចិត្ត និង សេចក្ដីនឹករលឹករបស់ជនរួមជាតិ បានផ្តល់ដល់រូបខ្ញុំ នូវកម្លាំងចិត្តដែលជាថាមពល ជំរុញឱ្យរូបខ្ញុំបន្តនូវស្មារតីស្នេហាជាតិ បើទោះជារូបកាយខ្ញុំត្រូវបានបាត់បង់សេរីភាព អស់ជិត២ឆ្នាំមកហើយក្ដី។ មិនមានអ្វីឡើយដែលអាចរារាំងមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះប្រជាជាតិមួយនេះ” ។
លោក កឹម សុខា បន្តថា “ ទោះបីខ្ញុំមិនអាចជួបជុំប្រជាពលរដ្ឋដូចកាលពីមុន ទោះបីខ្ញុំមិនអាចស្តាប់ឮដោយផ្ទាល់នូវទុក្ខកង្វល់របស់បងប្អូន ទោះបីមានឧបសគ្គយ៉ាងណា បើដរាបណាព្រះអាទិត្យនៅតែរះ សូមប្រជាជាតិខ្មែរជឿចុះថា ខ្ញុំ កឹម សុខា នៅតែភ្ញាក់ឡើងទន្ទឹងរង់ចាំថ្ងៃដែលបានជួបជុំនិងបម្រើជាតិខ្មែរតទៅទៀត។ នៅចុងបញ្ចប់នៃសារលោក កឹម សុខា បញ្ជាក់ជាថ្មីថា “សេចក្ដីប្រាថ្នាសម្រាប់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឱកាសថ្ងៃខួបកំណើតនេះគឺសេចក្ដីសុខ សន្តិភាព សិទ្ធិសេរីភាព វឌ្ឍនភាព និងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ” ៕