ដោយ អ៊ឹង ប៊ុនថន
28/06/2019
RFI

លោក យន្ត មីន
@FB
ការរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានដំឡើងឋានន្តរស័ក្តដល់ផ្កាយ៤ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ជាការដំឡើងតួនាទីក្រោយពីលោក យន្ត មីន សុំចុះចេញពីអភិបាលខេត្តព្រះសីហនុ ដោយសារតែមានកំហុសឆ្គងក្នុងការគ្រប់គ្រង ធ្វើឲ្យមានករណីបាក់រលំអគារសំណង់ក្រុមហ៊ុនចិន សម្លាប់កម្មករខ្មែរចំនួន២៨នាក់ និងរបួស២៦នាក់។
ការដំឡើងតួនាទី លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ នៅពេលនេះ មិនមែនជារឿងចំឡែកឡើយនៅកម្ពុជា។ មន្រ្តីគណបក្សប្រជាជនកម្ពុជាភាគច្រើន ត្រូវគេសង្កេតឃើញថា ទទួលបានការដំឡើងតួនាទីធំជាងមុន បន្ទាប់ពីពួកគេត្រូវបានផ្លាស់ចេញ ដោយសារការរិះគន់របស់មហាជនឬមានកំហុសឆ្គងក្នុងការគ្រប់គ្រង។
ជាក់ស្តែងកាលពីមួយឆ្នាំមុន លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ដែលរងការរិះគន់ពីមហាជនចំពោះការមិនអភិវឌ្ឍផ្លូវក្នុងខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ ក៏ត្រូវបានដំឡើងទៅជានាយឧត្តមសេនីយ៍ផ្កាយ៤ និងរដ្ឋលេខាធិការក្រសួងការពារជាតិផងដែរ។
សូមបញ្ជាក់ថា លោក យន្ត មីន និង លោក ឃឹម ប៊ុនសុង គឺសុទ្ធសឹងជាអតីតមេទ័ពក្នុងក្របខណ្ឌក្រសួងការពារកាលពីដើមឡើយ។ ចំណែក លោក ញឹម វណ្ណដា ដែលត្រូវបានប្រមុខរដ្ឋាភិបាលដកចេញពីតួនាទីជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយសារតែមិនទទួលខុសត្រូវលើការងារ និងការភូតភរមេដឹកនាំនោះ ភ្លាមៗក៏ត្រូវបានផ្តល់តួនាទីថ្មីជាទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្រ្តី។
ការដកភ្លាម រួចដំឡើងឋានៈភ្លែតនេះ បានធ្វើឲ្យក្រុមអ្នកប្រើហ្វេសប៊ុកនាំគ្នារិះគន់ដោយមិនបង្អង់យូរឡើយ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរសារនៅលើហ្វេសប៊ុក ដោយចោទជាសំណួរថា តើវាត្រឹមត្រូវដែរឬទេ ចំពោះការតែងតាំងទេសរដ្ឋមន្ត្រីមួយរូបដែលនាយករដ្ឋមន្ត្រី ដកហូតពីមុខតំណែងនិងប្រកាសថា “ខ្វះការទទួលខុសត្រូវ និងភូតភរ“ឱ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋាន:ស្មើទេសរដ្ឋមន្ត្រីនោះ? បើតាមលោក បណ្ឌិត ឡៅ ម៉ុងហៃ ទង្វើនេះ បានធ្វើឲ្យខូចឈ្មោះរាជរដ្ឋាភិបាល ខូចឈ្មោះនាយករដ្ឋមន្ត្រី។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងធ្វើឲ្យគេលែងគោរព គេលែងទុកចិត្ត ហើយគេលែងស្ដាប់។ នេះបើតាមការយល់ឃើញរបស់លោក បណ្ឌិត ឡៅ ម៉ុងហៃ។
ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានការពារដល់មន្រ្តីបក្សដែលត្រូវបានដកចេញ ហើយដំឡើងឋានៈ និងតួនាទីឡើងវិញនោះថា ការកសាងធនធានមនុស្ស ជាការងារដែលត្រូវការពេលវេលា មិនមែនធ្វើមួយថ្ងៃពីរថ្ងៃបានទេ។ លោកបន្តទៀតថា បើគ្រាន់តែមានឧបទ្ទវហេតុអ្វីមួយ ហើយទាមទារឲ្យលាឈប់ពីតំណែង នោះរដ្ឋាភិបាលរកមន្ត្រីមកធ្វើការមិនបានទេ៕