ដោយ សុ ជីវី
2019-06-28
RFA

កម្មការិនីសំណង់ ដែលត្រូវបានក្រុមអ្នកសង្គ្រោះយកចេញពីគំនរបែកបាក់នៃអគាររលំ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
![]()
បងប្រុសរបស់យុវតីវ័យ១៦ឆ្នាំ កញ្ញា ឈុំ អ៊ុនណេង ដែលរបួសពេលជាប់ក្រោមគំនរបាក់បែកប្រមាណ ២០ម៉ោងពេលអគារកម្ពស់ ៧ជាន់បាក់រលំនោះ រំពឹងថាប្អូនស្រី និងមានអនាគតថ្មីល្អជាងនេះ តាមរយៈការសិក្សាមុខជំនាញណាមួយ ដែលនាងស្រឡាញ់។ ចំពោះ ឈុំ អ៊ុន ណេង ដែលមានរបួសក្បាលថានាងកំពុងវិលវល់ មិនទាន់រសាយចិត្តពីភាពភ័យខ្លាច តក់ស្លុត និងបាត់បង់ទាំងឪពុក ទាំងម្ដាយព្រមគ្នាក្នុងពេលតែមួយនៅពេលបាក់អគារនោះនៅឡើយទេ។
កញ្ញា ឈុំ អ៊ុនណេង មានរបួសត្រង់ក្បាល ដោយបំណែកអគារបាក់សង្កត់លើក្បាលរបស់នាងនោះកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ក្រោយពេលដែលនាងត្រូវក្រុមអ្នកជួយសង្រ្គោះរកនាងឃើញនៅក្នុងគំនរបាក់បែកនៃអគារបាក់រំលំ។
អ៊ុនណេង អាចនិយាយបានតិចៗ ដោយនាងនៅឈឺក្បាល មិនទាន់បាត់នោះថា នាងនៅមិនទាន់អាចរម្ងាប់ភាពភ័យតក់ស្លុត និងទុក្ខសោកក្នុងចិត្តនាងបាននៅឡើយទេ។ នាងថែមទាំងមិនអាចគិតឃើញថាអនាគតរបស់នាងទៅជាយ៉ាងណាទេ ហើយរូបភាពឪពុកម្ដាយរបស់នាងគឺស្រស់ៗនឹងភ្នែករបស់នាងនៅឡើយ៖ «តើមានការសោកស្ដាយឪពុកម្ដាយយ៉ាងម៉េចខ្លះក្នុងចិត្តនៅពេលហ្នឹង? រឿងហ្នឹង គឺនិយាយលែងចេញហ្មងបង»។
អ៊ុនណេង បានរួចជីវិតមែនពិតតែម្ដាយ និងឪពុករបស់នាងបានស្លាប់ក្នុងគ្រោះថ្នាក់នោះ បន្សល់ទុកនាង និងបងៗ ២នាក់ទៀត ឱ្យនៅកំព្រាក្នុងមួយប៉ប្រិចភ្នែក។ នាងរៀបរាប់ថានៅយប់មុនពេលកើតហេតុនោះនាង និងឪពុកម្ដាយបានសម្រាកក្បែរៗ គ្នាក្នុងអគារ ដែលកំពុងសាងសង់នោះ។ នាងមិនបានដឹង ឬឮសំឡេងអ្វីទាំងអស់ គឺនាង និងឪពុកម្ដាយកំពុងលង់លក់ នៅពេលដែលអគារបាក់កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែ មិថុនា៖ «និយាយទៅពេលអគារបាក់មកហ្នឹងគឺសង្កត់ចំក្បាល ខ្ញុំអត់ដឹងផង អត់ឮអីផង»។
នាងបានប្រឹងតស៊ូក្នុងក្រោមគំនរបាក់បែកនោះប្រមាណ ២០ម៉ោង ដោយបានទឹកក្រូចមួយដបផឹកបន្តកម្លាំង។
ឈុំ អ៊ុនណេង ទើបតែតាមម្ដាយ និងឪពុករបស់នាងទៅធ្វើកម្មករសំណង់ក្នុងខេត្តព្រះសីហនុមិនបានប៉ុន្មានខែទេ ក៏ជួបគ្រោះថ្នាក់បែបនេះ។ អ៊ុនណេង មានបងប្រុសម្នាក់ ដែលជាកម្មករសំណង់ក្នុងខេត្តព្រះសីហនុដែរ តែធ្វើការឱ្យក្រុមហ៊ុនមួយផ្សេងទៀត។
ឈុំ ចិនឡាំង ជាបងប្រុសរបស់ អ៊ុនណេង ឱ្យដឹងថា ពេលនេះលោកនឹងសាច់ញាតិកំពុងធ្វើបុណ្យសពឱ្យឪពុកម្ដាយនៅស្រុកកំណើតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ចិនឡាំង ថា បីនាក់បងប្អូនរបស់គាត់មិនអាចជុំគ្នាធ្វើបុណ្យអោយម្ដាយឪពុកបានទេ គឺមានតែលោកម្នាក់ឯងនៅកន្លែងបុណ្យសព ដ្បិតប្អូនស្រីពៅកំពុងនៅមន្ទីរពេទ្យព្យាបាលរបួស ចំណែកប្អូនស្រីទី២ ក៏កំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យដែរ៖ «វេទនាណាស់ គ្រាន់តែដឹកសព (ឪពុកម្ដាយ) ដល់ទឹកដីក្រចេះភ្លាម ប្អូនខ្ញុំឈឺពោះឆ្លងទន្លេទៀត វាចៃដន្យដល់កពេកហើយ។ ប្អូនខ្ញុំឈឺពោះឆ្លងទន្លេក៏ទៅស្រុកសំបូរទៅ ខ្ញុំក៏នាំសពគាត់មកម្នាក់ឯងគឺម្នាក់ឯងរហូតតែបានអ៊ីបាន អុំៗ ខ្ញុំអីនៅហ្នឹង»។
នៅពេលចោទសួរថា ហេតុអ្វីទើបត្រូវទៅធ្វើការសំណង់ទាំងគ្រួសារ ទាំងវ័យក្មេង ជាវ័យកំពុងត្រូវការការសិក្សា ចិនឡាំង ឆ្លើយថា គ្រួសារក្រីក្រពេកជំពាក់បំណុលច្រើនពេក គ្មានលទ្ធភាពអោយកូនបានរៀនសូត្រតទៅទៀតទេ៖ «ដោយសារតែលុយហ្នឹង បានឈប់រៀន ដោយសារតែភ្លើងឆេះផ្ទះហ្នឹង បានខ្ញុំអត់បានរៀន ពីមុនខ្ញុំតាំងចិត្តថា រៀនឱ្យបានធ្វើការងារខាងអង្គការ ខាងអី ដោយសារតែភ្លើងឆេះផ្ទះខ្ញុំអត់បានរៀនសូត្រអីដល់ឥឡូវ»។
ចិនឡាំង រំលឹកថា ១០ឆ្នាំមុនគ្រួសារលោកមានដីធ្វើចម្ការ ធ្វើស្រែដូចអ្នកភូមិផ្សេងទៀតដែរ ប៉ុន្តែត្រូវក្រុមហ៊ុនរំលោភយក ធ្វើឱ្យឪពុក និងម្ដាយលោកគ្មានមុខរបរ ទើបសម្រេចប្រកបរបរនេសាទត្រី និងដឹកត្រីលក់។ តែអកុសលគ្រួសារលោកជួបគ្រោះថ្នាក់ភ្លើងឆេះផ្ទះបាត់បង់ទ្រព្យសម្បត្តិទាំងស្រុង ដែលជាដើមហេតុធ្វើអោយគ្រួសារលោកត្រូវខ្ចីបុលប្រាក់ពីធនាគារ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងពីអ្នកចងការប្រាក់ក្នុងភូមិ ដើម្បីសង់ផ្ទះរស់នៅ។ លោកបន្តថា ចាប់ពីពេលនោះហើយដែលលោកនឹងប្អូនស្រីទាំង២សម្រេចឈប់រៀន ដើម្បីជួយរកចំណូលចិញ្ចឹមគ្រួសារ៖ «គេយកដីស្រែ ដីអីទៅ គេហាមឃាត់ក៏មិនបានធ្វើស្រែមករហូតទាល់តែឥឡូវហ្នឹង។ រកត្រីហ្នឹងធ្វើប្រហុកផង ផ្អកផងម៉ាក់ខ្ញុំ យកទៅដូរស្រូវដូរអីគេ ឱ្យបានស្រូវហូប។ រកត្រីបង់អង្គការផង យកលុយគេឯកជនផង លុយរកត្រីហ្នឹងបង់គេរំលោះគេប្រចាំថ្ងៃ ២ម៉ឺន ទៅ ៣ម៉ឺនទៅក្នុងរយៈពេល ១ ទៅ ២ខែក៏រួចដាច់គេទៅ ហើយរកទៀតទៅ»។
នៅដើមឆ្នាំ២០១៩ នេះ ឪពុករបស់លោកមានបញ្ហាក្ដីក្ដាំនៅតុលាការ ដោយសារតែទៅស៊ីឈ្នួលកាប់ព្រៃឱ្យគេ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទរំលោភរានដីព្រៃដោយខុសច្បាប់។ បន្ទាប់ពីដោះស្រាយរឿងក្ដីនោះរួចគ្រួសាររបស់លោកលែងមានដើមទុនឱ្យម្ដាយដឹកត្រីលក់តទៅទៀតបាន ទើបសម្រេចនាំគ្នាទៅធ្វើការជាកម្មករសំណង់នៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់។
ស្ថានភាពរបស់គ្រួសារ ចិនឡាំង ហាក់មិនខុសគ្នាពីកម្មករសំណង់ផ្សេងៗទៀតទេ ពួកគេភាគច្រើនបង្ខំចិត្តចេញពីស្រុកកំណើត បែកពីក្រុមគ្រួសារ ដោយសារតែជំពាក់បំណុល។ លើសពីនេះពួកគេបាត់បង់មុខរបរ ដែលធ្លាប់ធ្វើស្រែធ្វើចម្ការ ឬរកប្រាក់ចំណូលដោយពឹងអាស្រ័យលើការទាញយកធនធានពីធម្មជាតិនោះ ដោយសារតែបាត់ដី ជម្លោះដីធ្លី ធនធានធម្មជាតិកាន់តែខ្សត់ កត្តាគ្រោះធម្មជាតិ កសិផលលក់បានថោក និងបញ្ហាសុខភាពគ្រួសារជាដើម។
អង្គការអន្តរជាតិមួយចំនួនបានព្យាករថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រសិនបើកម្ពុជាមានបញ្ហាសេដ្ឋកិច្ចតែបន្តិចបន្តួចនោះនឹងធ្វើអោយពលរដ្ឋជាងពាក់កណ្ដាលប្រទេសនឹងធ្លាក់ខ្លួនក្រភ្លាម។ បើតាមទិន្នន័យរបស់អង្គការ GIZ បើបញ្ហាកើតឡើង ពលរដ្ឋខ្មែរធ្លាក់ខ្លួនក្រវិញ នឹងកើនជិតពាក់កណ្ដាល ឬ ៨លាននាក់ ពោលគឺពីរនាក់ មានម្នាក់ក្រ។ បើតាមទិន្នន័យរបស់អង្គការ អង្គការកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) វិញ អ្នកក្រអាចនឹងកើនឡើងដល់ជាងពាក់កណ្ដាល (៥៥%) ឬ ជិត ៩លាននាក់ឯណោះ បើជួបបញ្ហាសេដ្ឋកិច្ចតែបន្តិចបន្តួច។ អង្គការ UNDP និង គម្រោងផ្ដួចផ្ដើមអភិវឌ្ឍន៍ធនធានមនុស្ស និងភាពក្រីក្ររបស់ Oxfordពលរដ្ឋកម្ពុជាចំនួនរហូតដល់ ៣៥% គឺជាពលរដ្ឋក្រីក្រ ដែលរកប្រាក់ចំណូលបានក្រោម ១,៩០ដុល្លារក្នុងមួយថ្ងៃ។
ប្ដីប្រពន្ធដែលជាឪពុកម្ដាយរបស់អ្នកទាំង២ គឺប្ដីឈ្មោះ ទេព នៃ អាយុ ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ព្រហ្ម ដែន អាយុ ៤៥ឆ្នាំ។
អ៊ុនណេង រំលឹកពីឪពុកនឹងម្ដាយរបស់នាងថា ពេលបាក់អគារនោះ នាងបានឮសំឡេងអ្នកទាំង២ តែមួយវ៉ាសចុងក្រោយហើយបាត់ក៏រហូត ទោះបីនាងប្រឹងស្រែកហៅយ៉ាងណាក្ដីក៏មិនឆ្លើយតប៖ «និយាយទៅអត់ឮអីពីគាត់ទៀតផង គឺពេលអគាររលំមកហ្នឹង ឮគាត់តែមួយអ៊ឹះ ហើយក៏បាត់មាត់ពួកគាត់រហូត»។
ករណីបាក់រលំអគារ ៧ជាន់ក្នុងខេត្តព្រះសីហនុនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់ចំនួន ៧ម៉ឺនដុល្លារសម្រាប់អ្នកស្លាប់ម្នាក់ និងចំនួន ១ម៉ឺនសម្រាប់អ្នករបួស។ បើតាម ចិនឡៃ ពេលនេះ លោកបានទទួលប្រាក់ជំនួយនោះមួយចំនួនហើយ។ លោកសង្ឃឹមថាជីវភាពគ្រួសារនឹងបានធូរស្រាលជាងមុននៅពេលបានទទួលជំនួយទាំងនេះ។
ចិនឡាំង រៀបរាប់ថា លោកចង់បំពេញបំណងឪពុកម្ដាយលោកដែលចង់មានផ្ទះសម្បែង និងកូនៗមានមុខរបបត្រឹមត្រូវចិញ្ចឹមជីវិត។ ចំពោះរូបលោកគឺចង់ឱ្យប្អូនស្រីមានជំនាញច្បាស់លាស់ណាមួយអាចប្រកបរបបចិញ្ចឹមជីវិតត្រឹមត្រូវនឹងគេ៖ «ខ្ញុំបង្កើតមុខរបរខ្លួនឯងរកត្រី ចិញ្ចឹមត្រី ចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ហើយខ្ញុំចង់ធ្វើចម្ការអីតិចតួច ដាំស្វាយចន្ទីអីចឹង ហើយមើលប្អូនខ្ញុំមីពៅហ្នឹង ព្រោះមីទី២ គេមានប្ដីហើយ។ ប្អូនខ្ញុំហ្នឹង វាអត់ចេះអីទេ ខ្ញុំចង់ឱ្យវាចាប់ជំនាញអីមួយ បើវាអត់មានអ៊ីចឹង យើងក៏អត់មានលទ្ធភាពអ៊ីចឹង»។
ចំពោះ អ៊ុន ណេង វិញ នាងឆ្លើយយ៉ាងខ្លីថា នាងមិនទាន់ជ្រះស្រឡះក្នុងចិត្ត រឹតតែមិនអាចនិយាយបានថានាងចង់មានជំនាញអ្វី ដើម្បីចិញ្ចឹមជីវិតដែរ៖ «ឥឡូវអត់ទាន់ដឹងផង ខ្ញុំចង់ទៅផ្ទះសិន»។
ករណីបាក់រលំអគារនៅខេត្តព្រះសីហនុ បានសម្លាប់កម្មករចំនួន ២៨នាក់ និងរបួសចំនួន ២៦នាក់របួស។ ករណីនេះសមត្ថកិច្ចរកឃើញថាអគារកម្ពស់៧ជាន់ នោះសាងសង់ដោយក្រុមហ៊ុនចិន ដោយពុំមានច្បាប់អនុញ្ញាត។
ទិន្នន័យពីអង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO វិញប៉ាន់ប្រមាណថា ក្នុងវិស័យសំណង់មានកម្មករកំពុងធ្វើការងារប្រមាណ ២សែននាក់(២០០.០០០) ជាអ្នកគ្មានជំនាញ ពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ និងពុំបានការពារដោយច្បាប់សហជីព។ អង្គការដដែលនេះរកឃើញទៀតថាក្នុងឆ្នាំ២០១៨មានគ្រោះថ្នាក់ការងារក្នុងវិស័យនេះជាង ២ម៉ឺន ៥ពាន់ករណី (២៥.២០៦) បណ្ដាលឱ្យមានអ្នកស្លាប់ ២០០នាក់ និងជាង ២ពាន់អ្នករបួស (២.៧១១)។ ILO បារម្ភពីគ្រោះថ្នាក់ក្នុងវិស័យនេះថា អាចធ្វើអោយប៉ះពាល់ដល់កម្មករសំណង់ជាច្រើនម៉ឺននាក់ផ្សេងទៀត ដែលបញ្ហានេះត្រូវអាជ្ញាធរពាក់ព័ន្ធដោះស្រាយ និងចាត់វិធានការការពារសុវត្ថិភាពសម្រាប់ពួកគេបន្ទាន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ធានាឱ្យបានថា គ្មានគ្រោះថ្នាក់នៅកន្លែងការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។