អាមេរិក​ទាមទារ​ភស្តុតាង​បន្ថែម​ពី​របប​ភ្នំពេញ​ពាក់ព័ន្ធ​ការ​នាំ​កាកសំណល់​សំរាម​មក​កម្ពុជា

ដោយ ហេង រស្មី
2019-07-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៦ កក្កដា ២០១៩។ រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៦ កក្កដា ២០១៩។ រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន


ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ កក្កដា នេះ​ថា សហរដ្ឋ​អាមេរិក​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ផ្ដល់​ព័តមាន​បន្ថែម​ទៀត ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា កាកសំណល់​ចំនួន​៨៣ កុងតឺន័រ​បាន​នាំចូល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា។

អ្នកស្រី អេមីលី ហ្សឺប៊ើក (Emily Zeeberg) អ្នកនាំពាក្យ​ស្ថានទូត​ប្រាប់​ថា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ កំពុង​តាមដាន​ព័ត៌មាន​ទាក់ទង​នឹង​រឿង​សំរាម​ប្លាស្ទិក​នៅ​ក្នុង​កំពង់ផែ​ស្វយ័ត​នៃ​ក្រុង​ព្រះសីហនុ។

អ្នកស្រី​បញ្ជាក់​ថា សហរដ្ឋអាមេរិក ស្នើសុំ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​រឿង​នេះ ហើយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏បាន​ស្នើសុំ​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកំណត់​ប្រភព​ដើម​នៃ​ប្រទេស​ដែល​បាន​នាំចូល​សំរាម​ប្លាស្ទិក​នេះ ក៏ដូចជា​ស្ថាប័ន ឬ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​នាំចូល​សំរាម​នេះ​ផង​ដែរ។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា កន្លង​ទៅ​នេះ​បាន​រក​ឃើញ​កាកសំណល់​សំរាម​ប្លាស្ទិក​ដែល​បាន​វេច​ខ្ចប់​យ៉ាង​មាន​របៀបរៀបរយ​ដាក់​នៅ​ក្នុង​កុងតឺន័រ​ចំនួន​៨៣ បាន​ដឹក​មកកាន់​កំពង់ផែ​ក្រុងព្រះសីហនុ តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៨​មក​ម្ល៉េះ។

អគ្គនាយក​គយ​នឹង​រដ្ឋាករ លោក គុណ ញឹម ប្រាប់​អាស៊ីសេរី​ថា កាក​សំណង់​ទាំង​៨៣​កុងតឺន័រ​នេះ​បាន​ចូល​មក​ជាច្រើន​លើក​ពី​ប្រទេស អាមេរិក និង ពី​ប្រទេស​កាណាដា ហើយ​អាជ្ញាធរ​ត្រូវការ​ពេល​១០​ថ្ងៃ​ទៀត ដើម្បី​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​ទៀត ពី​ភាគី​ពាក់ព័ន្ធ​មុននឹង​សម្រេច​បញ្ជូន​ចេញ​ពី​កម្ពុជា។

លោក​បញ្ជាក់​ថា កម្ពុជា​នឹង​បញ្ជូន​កាកសំណល់​នេះ​ទៅកាន់​ប្រទេស​ដើម​វិញ​ដោយសារតែ​កម្ពុជា​បាន​ចុះហត្ថលេខា​ក្នុងចំណោម​ប្រទេស​ចំនួន​១៨០ លើ​អនុសញ្ញា​បាសែល ស្ដីពី​ការគ្រប់គ្រង​កាកសំណល់​មាន​គ្រោះថ្នាក់។ លោក​បញ្ជាក់​ថា យោង​អនុសញ្ញា​នេះ​កម្ពុជា​មាន​សិទ្ធិ​នាំចេញ​កាកសំណល់​ប្លាស្ទិក​នេះ​ទៅកាន់​ប្រទេស​សាមី​ដែល​បាន​នាំចូល​កាកសំណល់​មក​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles