ដោយ យន់ សាមៀន
2019-07-21
RFA

ទិដ្ឋភាពដំណាំស្រូវរបស់កសិករនៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជួបគ្រោះរាំងស្ងួតខ្វះទឹកស្រោចស្រព។ រូបថត កាលពីថ្ងៃទី២០ កក្កដា ២០១៩។ photo provided
កសិករនៅខេត្តជាប់ខេត្តបាត់ដំបង ដែលកំពុងមានវិបត្តិទឹក និងខូចដំណាំនោះ ក៏កំពុងបារម្ភនឹងដំណាំស្រូវរបស់ពួកគេដែរ។ ប្រជាកសិកររាប់ពាន់ហិកតារនៅខេត្តបន្ទាយមានជ័យ ដើមស្រូវឡើងក្រហមក្រៀមស្វិតរកងាប់បណ្ដើរៗ ដោយសារគ្រោះរាំងស្ងួតជាច្រើនខែ និងគ្មានទឹកស្រោចស្រព។កសិករទាំងនោះកំពុងព្រួយបារម្ភខ្លាចស្រូវរបស់ពួកគាត់ខូចអស់មិនបានប្រមូលផល ហើយខាតបង់ដើមទុនធ្វើឱ្យមិនមានប្រាក់សងធនាគារដែលបានខ្ចីធ្វើដើមដាំដុះកាលពីដើមរដូវ។
ប្រជាកសិករខេត្តបន្ទាយមានជ័យលើកឡើងថា ដំណាំស្រូវរបស់ពួកគាត់ប្រឈមការខូចខាតយ៉ាងយូរ ២សប្ដាហ៍ទៀត ប្រសិនបើនៅតែគ្មានភ្លៀងធ្លាក់ធំ និងគ្មានទឹកស្រោចស្រពដូចសព្វថ្ងៃ។
កសិករម្នាក់រស់នៅភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ លោក យិន លាងសេង ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ កក្កដា ថា ដំណាំរបស់លោកចំនួន ២ហិកតារកន្លះ បានដាំដុះប្រមាណ២ខែមកហើយ តែមិនសង្ឃឹមបានប្រមូលផលនោះទេ។ លោកបន្ថែមថា សព្វថ្ងៃដើមស្រូវឡើងក្រហមក្រៀមស្វិតរងងាប់បណ្ដើរហើយ ព្រោះចាប់ពីដាំដុះមកមិនមានភ្លៀងធ្លាក់ជោកជាំម្ដងណាទេ។ «»
កសិកររូបនេះបន្តទៀតថា អ្នកភូមិនៅតំបន់ពួកគាត់សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីជីវភាពរស់នៅប្រចាំថ្ងៃនៅពេលខាងមុខ ព្រោះរស់នៅអាស្រ័យលើរបរធ្វើស្រែរកប្រាក់ចំណូលដោះស្រាយជីវភាព ប៉ុន្តែដំណាំស្រូវឆ្នាំនេះជួបគ្រោះរាំងស្ងួតខូចអស់ ហើយគ្មានប្រាក់សងធនាគារនោះទេ។
កសិករម្នាក់ទៀតរស់នៅ ស្រុកមង្គលបូរី លោក ទូត រតនា មានប្រសាសន៍ថា ដំណាំស្រូវរបស់កសិករស្រុករបស់លោក ដែលប្រឈមការខូចខាត មានដូចជាក្នុងឃុំគយម៉ែង ស្រះរាំង តាឡំ គោកបល្ល័ង្ក និងឃុំសំបួរ ដែលមានផ្ទៃដីរាប់ពាន់ហិកតារ កំពុងខ្វះទឹកស្រោចស្រព។ លោកបន្តថា ស្រូវខ្លះចាប់ផ្ដើមធ្វើខ្លួនចេញផ្លែ និងខ្លះទៀតគ្រប់អាយុចេញផ្លែហើយ ក៏ជួបគ្រោះរាំងស្ងួតចេញផ្លែមិនរួច។ «»
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណសេដ្ឋ ប្រាប់អាស៊ីសេរីថា ដំណាំស្រូវរបស់កសិករទាំងនោះមិនអាចជួយសង្គ្រោះពួកគាត់បានទេ ដោយសារជាតំបន់គ្មានប្រភពទឹក ធ្វើឱ្យពិបាករកទឹកបូមបញ្ចូលស្រែបាន។ ប៉ុន្តែលោកអះអាងថា ស្រូវភាគច្រើនទាន់ខូចខាតនៅឡើយទេ ប្រសិនបើមានភ្លៀងធ្លាក់ប្រមាណ ១សប្ដាហ៍ខាងមុខ ហើយស្រូវនឹងលូតលាស់ល្អឡើងវិញ ហើយអាចប្រមូលផលបានជាធម្មតា។ «»
លោកបន្តថានៅថ្ងៃសៅរ៍ទីថ្ងៃ២០ ខែកក្កដា មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានដាក់ម៉ាស៊ីនជាច្រើនគ្រឿងបូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ២៣៥ហិកតារ ដែលដើមស្រូវក្រហមស្វិតនៅឃុំព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ លោកឱ្យដឹងទៀតថា ដំណាំស្រូវដែលប្រឈមការខូចខាតដោយសារគ្មានទឹកស្រោចស្រពនៅខេត្តបន្ទាយមានជ័យ មានប្រហែល៤ពាន់ហិកតារ(៤.០០០) ប្រសិនបើគ្មានភ្លៀងធ្លាក់ប្រមាណ២សប្ដាហ៍ខាងមុខ។ ប៉ុន្តែប្រជាកសិករលើកឡើងថា ដំណាំស្រូវខ្វះទឹកស្រោចស្រពនៅក្នុងខេត្តមួយនេះ មានដល់ទៅរាប់ម៉ឺនហិកតារឯណោះ ជាពិសេសនៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ដោយសារស្រូវកាន់តែចាស់ដើមគ្មានទឹកស្រោចស្រព។ កសិករនិងអ្នកនេសាទនៅខេត្ត បាត់ដំបងក៏កំពុងរងគ្រោះដោយសារតែ គ្រោះរាំងស្ងួត ដែលបានបំផ្លាញដំណាំស្រូវ និង បណ្ដាលឱ្យរីងទឹកដៃបឹងទន្លេសាបដែរ។ ដាំណាំរាប់ពាន់ហិកតារនៅខេត្ត បាត់ដំបង នឹងខូចខាតទាំងស្រុង ប្រសិនបើរដ្ឋាភិបាលមិនជួយដោះស្រាយ និងចំណែកពលករអ្នកនេសាទក៏កំពុងខ្វះខាតថវិកាទិញអង្ករច្រកឆ្នាំងដែរ៕