មេធាវី​របស់​ពលរដ្ឋ​៥​នាក់​​នៅ​ខេត្តព្រះសីហនុ​​កំពុងប្រមូល​ឯកសារ​និង​ភស្តុតាង​ស្នើ​ឱ្យ​កូន​ក្តី​បាន​នៅ​ក្រៅ​ឃុំ

ដោយ សេក បណ្ឌិត
2019-07-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥ (RFA)
សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥ (RFA)


មេធាវី​ការពារ​ក្ដី​ឱ្យ​ពលរដ្ឋ​ប្រាំ​នាក់​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កំពុង​ប្រមូល​ឯកសារ និង​ភស្តុតាង​ដើម្បី​ដាក់​ស្នើ​ទៅ​តុលាការ​ឱ្យ​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

មន្ត្រី​សង្គម​ស៊ីវិល​យល់ថា តុលាការ​គួរ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​បាន​នៅ​ក្រៅ​ឃុំ និង​លើកលែង​ការ​ចោទប្រកាន់​លើ​ពួកគេ ព្រោះ​ពលរដ្ឋ​ទាំង​ប្រាំ​រូប​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​នោះ​ទេ។មេធាវី​ការពារ​ក្ដី​ឱ្យ​ពលរដ្ឋ​ទាំង​ប្រាំ​រូប លោក ស៊ិន វន្នី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ពេលនេះ​លោក​កំពុង​ប្រមូល​ភស្តុតាង​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​បាន​តវ៉ា​ការពារ​ដីធ្លី​ពួកគេ​ដោយ​សន្តិវិធី និង​ឯកសារ​បញ្ជាក់​ថា ពួកគេ​មាន​ទីលំនៅ​ពិតប្រាកដ​នៅ​ទីនោះ ដើម្បី​ដាក់បញ្ចូល​ក្នុង​សំណុំរឿង​ឱ្យ​តុលាការ​ពិនិត្យ ។ លោក​ឱ្យ​ដឹង​ទៀត​ថា កូន​ក្តី​របស់​លោក​បាន​អះអាង​ថា ពួកគេ​មិនបាន​បង្ក​ហិង្សា​ដូច​ការចោទប្រកាន់​របស់​កងរាជអាវុធហត្ថ និង​ព្រះរាជអាជ្ញា​នោះ​ទេ៖ «ប្រមូល​ភស្តុតាង​ហ្នឹង​ដើម្បី​សុំ​បញ្ចូល​ក្នុង​សំណុំរឿង​ហ្នឹង ហើយ​យើង​បញ្ចូល​ហើយ​គឺ​យើង​ធ្វើ​នីតិវិធី​មួយទៀត​សុំ​ឱ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ ព្រោះ​អី​គាត់​មាន​ទីតាំង​មាន​ផ្ទះ​គាត់​អត់​រត់​ទៅ​ណា​ទេ ពេល​តុលាការ​កោះហៅ​ពួកគាត់​មក​ជួប​តុលាការ»

កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​ពលរដ្ឋ ៥នាក់ ក្នុង​នោះ​ស្ត្រី​មាន​បួន​នាក់ និង​អ្នក​កាសែត​២ នាក់​ទៀត កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ក្នុង​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ឈ្មួញ​ដីធ្លី​ជា​ឧកញ៉ា​ឈ្មោះ ខូវ សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅ​ក្នុង​សង្កាត់​លេខ​៣ ខេត្ត​ព្រះសីហនុ ។

មក​ទល់​ពេលនេះ អ្នកកាសែត​ទាំងពីរ​រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ តុលាការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ នៅឡើយ​តែ​ពលរដ្ឋ​ទេ​ដែល​បន្ត​ជាប់ឃុំ ។ តុលាការ​បាន​ចោទ​ពលរដ្ឋ​ទាំង​ប្រាំ​នាក់​ពី​បទ “​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​តាមដាន​ដំណើររឿង​ឱ្យ​ដឹង​ថា ជម្លោះ​ដីធ្លី​នេះ​កើតឡើង​តាំងពី​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ ហើយក៏ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ខេត្ត​ព្រះសីហនុ​ដែរ​ ។ ទាក់ទង​ការ​តវ៉ា​របស់​ពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឱ្យ​ដឹង​ថា ក្រុម​ពលរដ្ឋ​មិនបាន​ប្រព្រឹត្តិ​អំពើ​ហិង្សា​ដូច​ការ ចោទ​ប្រកាន់​នោះ​ទេ ដូច្នេះ អ្នកស្រី​យល់ថា តុលាការ​គួរ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ព្រោះ​ពួកគេ​មានមុខ​របរ និង​ទីលំនៅ​ពិតប្រាកដ​៖ «ចង់​ឱ្យ​មានការ​ជជែក​គ្នា​នៅ​ក្រៅ​ឃុំ​រវាង​ពលរដ្ឋ នឹង​ម្ចាស់​ដី​អត់​ចង់​ឱ្យ​មានការ​ឃុំខ្លួន​ព្រោះ​រឿង​ទំនាស់​ដីធ្លី​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ទៀត​ថា សព្វថ្ងៃ​នេះ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ឈ្មួញ​មាន​អំណាច តុលាការ​តែង​ចោទប្រកាន់​ពលរដ្ឋ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ ។ អ្នកស្រី​យល់ថា ការ​ចោទប្រកាន់​ហាក់បីដូចជា​ផ្ដល់​ឱកាស​ដល់​ភាគី​ជម្លោះ​ម្ខាង​ទៀត​ជា​ឈ្មួញ អាច​ធ្វើ​សកម្មភាព​លើ​ដី​មាន​ទំនាស់​នោះ​បាន​ដោយ​ស្រួល គ្មាន​អ្នក​រំខាន ក្នុង​ពេល​គេ​មិនទាន់​ដឹង​ថា អ្នកណា​ជា​ម្ចាស់​ពិតប្រាកដ​លើ​ដី​មាន​ជម្លោះ​នោះ​ផង ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles