ដោយ ម៉ៅ សុធានី
2019-07-29
RFA

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំ ប្រមាណ ១៤០នាក់ តំណាងឲ្យពលរដ្ឋជិត ៧រយគ្រួសារ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ប្រមូលគ្នារកអន្តរាគមន៍នៅមុខក្រសួងដែនដី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុកសហគមន៍
![]()
អ្នកត្បូងឃ្មុំ ប្រមាណ ១៤០នាក់ តំណាងឲ្យពលរដ្ឋជិត ៧រយគ្រួសារ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ប្រមូលគ្នានៅមុខក្រសួងដែនដី នៅថ្ងៃទី២៩ កក្កដា ស្នើសុំកិច្ចអន្តរាគមន៍ជាថ្មី ក្រោយពីក្រសួងច្រានចោលសំណើពួកគាត់ កាលពីសប្ដាហ៍មុន រឿងទាមទារដីព្រៃសហគមន៍ពីក្រុមហ៊ុនចិន មកវិញ។
តំណាងពលរដ្ឋ លោក សែម ចំណាន ស្នើដល់ក្រសួងដែនដីនិងក្រសួងកសិកម្ម បង្កើតគណៈកម្មការមួយដោយឯករាជ ដើម្បីចុះស៊ើបអង្កេតស្វែងរកឲ្យឃើញការពិត ថាតើជនណា ឬក្រុមណា ដែលឃុបឃិតគ្នាលក់ដីព្រៃសហគមន៍ទៅឲ្យក្រុមហ៊ុនឯកជន។ លោក សែម ចំណាន ក៏ស្នើដល់អាជ្ញាធរបញ្ឈប់ការតាមដានពួកគាត់ ពីព្រោះគ្មានអ្នកណាញុះញង់ឲ្យពួកគាត់ឲ្យចេញតវ៉ាឡើយ។ តំណាងពលរដ្ឋរូបនេះ យល់ថា បើក្រសួងមានដំណោះស្រាយត្រឹមត្រូវក្នុងរឿងនេះ ការតវ៉ាក៏គ្មានដែរ។
កាលពីថ្ងៃទី២២ កក្កដា ក្រសួងដែនដី សម្រេចមិនទទួលដោះស្រាយបណ្ដឹងពលរដ្ឋ ដែលស្នើសុំទាមទារដីព្រៃសហគមន៍ ទំហំសរុបជិត ៤ពាន់ហិកតារ (៣.៧១៨) យកមកកាន់កាប់វិញ ស្ថិតនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្រសួងអះអាង ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ថា ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមព្រៀងគ្នាលក់ដីឱ្យក្រុមហ៊ុនឈ្មោះ ហាមីនីវីងអ៊ីនវេសមេន ខូអិលធីឌី តាំងពីឆ្នាំ២០១១ មក ហើយក្រុមហ៊ុនក៏បានចុះបញ្ជីរួចរាល់ដែរ។ ក្រសួងដែនដី ក៏ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវរកមេខ្លោង ដែលញុះញង់ឲ្យពលរដ្ឋចេញតវ៉ា។
ពលរដ្ឋបដិសេធការលើកឡើងនេះ។ ពួកគាត់ស្នើឲ្យក្រសួងចុះស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ ដោយមិនគួរផ្អែកតែលើរបាយការណ៍ថ្នាក់ឃុំ ស្រុក និងខេត្តនោះឡើយ។
អ្នកស្រុកតំបែរ សម្រេចវិលត្រឡប់ទៅផ្ទះវិញ ក្រោយពីមន្ត្រីតំណាងក្រសួងដែនដី និងក្រសួងកសិកម្ម ទទួលញត្តិពួកគាត់ ដោយសន្យាថានឹងបញ្ជូនសំណើនោះ ដាក់ជូនរដ្ឋមន្ត្រី ពិនិត្យនិងសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។