ដោយ អេង គីមហុង
13/08/2019
RFI

ទិដ្ឋភាពនៅក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ
@FB
អ្នកជំនាញផ្នែកអចលទ្រព្យនៅថ្ងៃទី១៣សីហាបានធ្វើការវាយតម្លៃជំហ៊ានបឋមថា វិស័យដីធ្លីនៅក្នុងខេត្តព្រះសីហនុ អាចមានការប្រែប្រួលនៅចំពោះមុខនិងអនាគត។ បើតាមអ្នកជំនាញការប្រែប្រួលនេះ បណ្ដាលមកពីការប្រឈមមួយចំនួន កំពុងតែកើតមានក្នុងខេត្តមួយនេះ។ តែអ្នកនាំពាក្យសាលាខេត្តគូសបញ្ជាក់ថា បញ្ហាទាំងនោះមិនបានជះឥទ្ធិពលដល់វិស័យដីធ្លី និងការវិនិយោគនៅក្នុងខេត្តឡើយ។
ករណីរលំអគារកម្ពស់៧ជាន់ ការប្រេះស្រាំអគារ ដែលបានកើតឡើងជាបន្តបន្ទាប់ បូករួមនឹងជំនន់ទឹកភ្លៀង ហើយបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធខេត្តជាដើម សុទ្ធសឹងជាបញ្ហា ដែលកំពុងលងបន្លាចក្រុងព្រះសីហនុ ដែលអ្នកតាមដានសង្គមមើលឃើញថា ខេត្តព្រះសីហនុពេលនេះ មានកេរ្តិ៍ឈ្មោះមិនល្អ។
មួយផ្នែកនៃបញ្ហាទាំងនេះ អ្នកជំនាញផ្នែកអចលនទ្រព្យ បារម្ភខ្លាចប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោគ ទាំងចំពោះមុខ និងអនាគត។ ត្រង់ចំណុចនេះ លោក ស៊ន ស៊ាប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate អះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ជាធម្មតាវត្តមានអ្នកវិយោគនេះហើយ ដែលធ្វើឲ្យតម្លៃដីក្នុងក្រុងព្រះសីហនុមានការប្រែប្រួលមិនធ្លាប់មាន។ ដូច្នេះប្រសិនបើគ្រប់យ៉ាងបន្តអូសបន្លាយ អ្នកវិនិយោគអាចប្ដូរទីតាំងទៅខេត្តផ្សេងដោយសារតែការខាតបង់ដោយប្រការណាមួយ នោះតម្លៃដីក្នុងខេត្តនឹងស្រកចុះ។
ចំណែក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានយល់ឃើញផ្ទុយពីនេះថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុចំពោះមុខ និងអនាគតមិនមានអ្វីប្រែប្រួលឡើយ។ មិនប្រែប្រួលព្រោះថា រដ្ឋាភិបាល និងអាជ្ញាធរកំពុងស្ដារមុខមាត់ខេត្តឡើងវិញ តាមរយៈវិធានការផ្នែកច្បាប់ចំពោះសំណង់អគារដែលគ្មានគុណភាពនិងច្បាប់អនុញ្ញាត។
ជាមួយគ្នានេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឲ្យដឹងថា ទោះស្ថិតនៅក្នុងស្ថានភាពបែបណា ក៏មិនអាចធ្វើឲ្យវិស័យអចលនទ្រព្យក្នុងខេត្តជាពិសេសតម្លៃដីប្រែប្រួលឡើយ។ ចំពោះមុខតម្លៃដីមិនត្រឹមតែមិនប្រែប្រួល អនាគត តម្លៃដីក្នុងខេត្តអាចមាននិន្នការកើនឡើងខ្ពស់ទៀតផង។
ជាក់ស្ដែង បច្ចុប្បន្នតម្លៃក្នុងក្រុងព្រះសីហនុនៅតំបន់ខ្លះមានតម្លៃ១ម៉ែត្រការ៉េ៥ពាន់ដុល្លារ។ គួររំឭកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញឲ្យមានក្រុមហ៊ុនចិនជាង ១០០ មកវិនិយោគដោយបង្កើតការងារផ្ទាល់ និងប្រយោលជាង ២ម៉ឺនកន្លែងគិតក្នុងឆ្នាំ២០១៩។ និយាយដោយឡែក ក្រៅពីខេត្តព្រះសីហនុ ខេត្តមួយចំនួនដូចជាតំបន់សេដ្ឋកិច្ចពិសេសបាវិត ប៉ោយប៉ែត ភ្នំពេញជាដើម តម្លៃអចលនទ្រព្យក៏មានសន្ទុះកើនឡើងដែរ៕