សកម្មជនមាតាធម្មជាតិ ដាក់ញ្ញត្តិទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចកាស៊ីណូចិនមួយនៅកោះរ៉ុងសន្លឹម


https://vodhotnews.com

ក្រុមយុវជនចលនាមាតាធម្មជាតិឈរកាន់ដៃគ្នានៅពីមុខសំណង់មជ្ឈមណ្ឌលកម្សាន្ត ធីន ទីង នៅកោះរ៉ុងសន្លឹម ថ្ងៃទី២២ កញ្ញា ២០១៩ ជាមួយការកាន់បាដា 10m បញ្ជាក់ប្រាប់ទីតាំងសំណង់ឋិតនៅចម្ងាយ១០ម៉ែត្រពីសមុទ្រ (រូបភាពផ្តល់ដោយៈ លោក ហ៊ុន វណ្ណៈ)

ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន១៤ រូបកាលពីម្សិលមិញ​​ បានប្រមូលផ្តុំគ្នានៅមុខអាគារសាលាខេត្ត ដាក់ញ្ញត្តិទៅកាន់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ទាមទារឱ្យអាជ្ញាធរចុះរុះរើអាគារកាស៊ីណូចិនខុសច្បាប់នៅកោះរ៉ុង​សន្លឹម ឈ្មោះ ជីន ទីង ដើម្បីជៀស វាងការទុក​ជាគម្រូអាក្រក់ដល់ម្ចាស់សំណង់ដទៃ។

កាលពីខែឧសភា អាជ្ញាធរខេត្តព្រះសីហនុ រួមទាំងក្រុមការងារចម្រុះមានទាំងព្រះរាជអាជ្ញាផង បានចុះទៅបិទកាស៊ីណូនេះ ក្រោយរកឃើញថាសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត រំលោភលើដីឆ្នេរ បើកឱ្យលេងល្បែងដោយសំអាងលើច្បាប់ហួសសុពលភាព និងបង្ហូរទឹកកខ្វក់ចូលសមុទ្រ ជាដើម។

សកម្មជនចលនាមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ លើកឡើងថា ការដាក់ញ្ញត្តិនេះ គឺដើម្បីជំរុញការអនុវត្តវិធានការផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាពជៀសវាងការបន្តសាងសង់សំណង់ខុសច្បាប់ និងប្រើប្រាស់សំណង់ទាំងនោះឡើងវិញពីជនអ្នកមានអំណាច។

លោក ហ៊ុន វណ្ណៈ ប្រាប់ វីអូឌី ថា៖«សំខាន់មួយទៀតគឺយើងចង់ឱ្យមានគេហៅថានិតិរដ្ឋពិតប្រាកដ។ មានន័យថាមានច្បាប់ ច្បាប់គឺច្បាប់។ ច្បាប់ត្រូវតែអនុវត្ត មិនមែនប្រកាន់តែលើចំពោះក្រុមណាទេ។ ជាក់ស្តែងយើងឃើញអ្នកម្ចាស់កាស៊ីណូហ្នឹង​​ ជនជាតិចិនក៏ដោយ ឬក៏ម្ចាស់ដើមជនជាតិខ្មែរក៏ដោយសុទ្ធតែអ្នកមានអំណាច។ បាទហើយយើងអត់ទាន់ឃើញចំណាត់ការពិតប្រាកដ។ ចឹងយើងចង់ឱ្យមានចាប់ផ្តើមអនុវត្តច្បាប់ទៅ។ ផ្តល់គំរូដែលគេហៅថាផ្តល់គំរូឱ្យករណីផ្សេងៗទៀត កុំឱ្យមានការបំផ្លាញ មានការល្មើសច្បាប់ចឹងទៀត»។        

បើតាមការអះអាងពី លោក ហ៊ុន វណ្ណៈ អាគារកាស៊ីណូ ធីន ទីង ត្រូវបានម្ចាស់ជាជនជាតិខ្មែរដែលលោកពុំអាចស្វែងរកអត្តសញ្ញាណបាននៅឡើយ ជួលទៅឱ្យឈ្មោះ Zhou Jianhua ជាជនជាតិចិន និងជាប្រធានក្រុមហ៊ុន 168Jingding International Entertainment Co., Ltd.។

លោក វណ្ណៈ បន្ថែមថា អាជ្ញាធរបានយកញ្ញត្តិរបស់លោកទៅពិនិត្យ និងសន្យាឆ្លើយតបតាមក្រោយនៅថ្ងៃរសៀលម៉ោង២ ថ្ងៃដដែលហើយ។ សកម្មជនបរិស្ថានរូបនេះ លើកទៀតថា កន្លងមកលោកបានរកឃើញសំណង់ខុសច្បាប់៥ទៀត សង់រំលោ​ភ​​បរិវេណដីឆ្នេរឯករាជ្យ ដោយថែមទាំងមានផលិតជាវីដេអូភស្តុតាងទៀតផង។

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ត ព្រះសីហនុ លោក ឃាង ភារម្យ បដិ​សេធមិនបំភ្លឺចំពោះការលើកឡើងរបស់ក្រុមយុវជន និង​ជំ​រុញឱ្យពួកគេស្វែងរកភស្តុតាងឱ្យបានច្បាស់លាស់ ដាក់មកសាលាខេត្ត។  លោក ថាកន្លងមក​ខាងអាជ្ញាធរបានសហការជាមួយក្រសួងដែនដី ចុះត្រួតពិនិត្យ និងចាត់វិធានការលើសំណង់ដែលខុសច្បាប់ និងខុសបទដ្ឋានបច្ចេកទេសទូទាំងខេត្តរួចហើយ។

លោក ឃាង ភារម្យ មានប្រសាសន៍ថា៖ «កន្លងមកក្រុមការងារក្រសួងដែនដីមាន២៣ក្រុមកំពុងតែ និងបានធ្វើការងារទាំងអស់ទូទាំងខេត្តហើយ […] ចឹងយើងមិនចាំបាច់បកស្រាយទៅថយក្រោយទេ។ ប៉ុន្តែ បើសកម្មជនមាតាធម្មជាតិលោករកឃើញ​ពី​បញ្ហាអស់ហ្នឹង លោកអាចដាក់មកបន្ថែមមក ជាមួយហ្នឹងញ្ញត្តិដែលលោកថាទាមទារហ្នឹង។ លោកអាចដាក់បន្ថែម ហើយរកភស្តុតាងឱ្យច្បាស់លាស់ដើម្បីលោកដាក់មក រដ្ឋបាលខេត្តទទួលស្វាគមន៍គាំទ្រការចូលរួម»។  

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគមអាដហុក ប្រចាំខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី ឱ្យដឹងថា មួយរយៈចុងក្រោយនេះ លោកស្រីសង្កេតឃើញថា ខាងអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ មមាញឹកខ្លាំងក្នុងការជួបប្រជុំ ចាត់វិធានការដោះស្រាយទៅលើសំណង់ខុសច្បាប់នានាក្នុងក្រុងព្រះសីហនុ ប៉ុន្តែលោកស្រីមិនទាន់ឃើញលទ្ធផលគួរឱ្យកត់សម្គាល់នៅឡើយទេ។

លោកស្រី ជៀប សុធារី មានប្រសាសន៍ថា៖ «ពេលខ្លះយើងឃើញតែជារបាយការណ៍ ឃើញតែជាការប្រជុំសម្រេច ប៉ុន្តែអាការអនុវត្តហ្នឹងវាអត់ទាន់ឃើញថាធ្វើអីមួយដែលឱ្យបានសម្រេច។ ដូចខ្ញុំបានជម្រាបជូនចឹងថា សំណង់១៤កន្លែងដែលត្រូវរុះរើហ្នឹង យើងមិនដឹងថាបានរុះរើសម្រេចបានជោគជ័យហើយឬនៅទេ […] ប្រសិនបើជាពួកគាត់បានរុះរើហើយ ប្រហែលជាពួកគាត់ដាក់ជាលទ្ធផលការងារ ពីលទ្ធ​ផលនៃការអនុវត្តផែនការក្នុងការចេញបញ្ជាឱ្យរុះរើហ្នឹង មុខជាគាត់ដាក់ឱ្យសាធារណ ឬប្រជាពលរដ្ឋបានដឹង»។  

លោកស្រី សុធារី បន្ថែមថា លោកស្រីទទួលស្គាល់ថា ការចាត់វិធានការលើសំណង់ខុសច្បាប់ និងខុសបច្ចេកទេសធំៗ មានការលំបាក តែយ៉ាងណាខាងអាជ្ញាធរក៏គួរតែអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងដើម្បីធានានូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋរស់នៅក្បែរសំណង់ទាំងនោះ។

គិតត្រឹម​ថ្ងៃទី០២ខែកញ្ញា​ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានរកឃើញសំណង់ចំនួន១៥ទីតាំងមិនមានគុណភាពដែលអាចបង្ករ​ហានិភ័យដល់អ្នករស់នៅខាងក្នុងនិង ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅជុំវិញនោះ។ អាជ្ញាធរខេត្តព្រះសីហនុ បាន​បញ្ជាឱ្យម្ចាស់ទីតាំងទាំង១៥ រុះរើចេញជាបន្ទាន់ដោយខ្លួនឯងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles