ដោយ វ៉ា សំណព្វ
25/09/2019
RFI

លោក សម រង្ស៊ី
@RFI
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បាននឹងកំពុងប្រើប្រាស់យុទ្ធសាស្ត្រម្តងក្តៅម្តងត្រជាក់ ដើម្បីឲ្យមានការចរចានយោបាយមួយ ខណៈមាតុភូមិនិវត្តន៍របស់លោក កាន់តែខិតជិតចូលមកដល់។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចបានអះអាងថា នឹងមិនមានការចរចាណាមួយនោះឡើយ ហើយថា រដ្ឋាភិបាលកម្ពុជា នឹងមិនភ័យខ្លាចចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី នេះដែរ។
ជាថ្មីម្តងទៀត លោក សម រង្ស៊ី ដែលហៅខ្លួនឯងថា ជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីអំពាវនាវមួយ កាលពីថ្ងៃទី ២៤ កញ្ញា ដោយអំពាវនាវឲ្យកងទ័ពចេញមកការពារនិងគាំទ្រប្រជាពលរដ្ឋខ្មែរ ជាអ្វីដែលលោក សម រង្ស៊ី បានអះអាងថា ពួកគេនឹងក្រោកឈរជាធ្លុងមួយ ដើម្បីបណ្តេញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច។ ប៉ុន្តែ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សកាន់អំណាចរបស់លោក នឹងមិនភ័យខ្លាចចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី នេះឡើយ។
អ្វីជាការកត់សំគាល់ ការអំពាវនាវរបស់អតីតមេបក្សប្រឆាំងរូបនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោកបានសរសេរលិខិតមួយផ្ញើទៅកាន់លោក Coly Seck ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយចង់ប្រែក្លាយថ្ងៃវិលត្រលប់របស់លោកនៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខ ទៅជាឱកាសមួយសម្រាប់កិច្ចសន្ទនា និងការផ្សះផ្សារជាតិទៅវិញ។ ដោយចង់ឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ធានាលើបញ្ហានេះ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតនោះថា ចំពោះខាងគណបក្សសង្គ្រោះជាតិ នៅតែប្តេជ្ញាចិត្តធ្វើជាដៃគូស្ថាបនា និងគោរពទាំងស្រុងទៅតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេស ដើម្បីធ្វើការងារលើការបង្កើតស្មារតីនៃកិច្ចសន្ទនា និងការផ្សះផ្សា និងស្មារតីនៃវប្បធម៌នយោបាយថ្មី ដោយផ្តោតទៅលើបញ្ហាបើកចំហចំពោះមតិយោបល់ផ្សេងៗ និងចំពោះការបញ្ចេញមតិដោយសេរីដោយធានានូវអនាគតរួមមួយ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
ប៉ុន្តែ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងមិនបើកការចរចាជាមួយលោក សម រង្ស៊ី នោះទេ។ បើតាមអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ រដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ចំពោះលោក សម រង្ស៊ី ប្រសិនបើអតីតប្រធានគណបក្សប្រឆាំងវ័យ៧០ប្លាយឆ្នាំរូបនេះ ដាក់ជើងជាន់ដីកម្ពុជា នៅថ្ងៃទី ០៩ ខែវិច្ឆិកា ខាងមុខនេះ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី នេះថា គ្រាន់តែជាយុទ្ធសាស្ត្រ ឬតាក់តិច របស់លោក សម រង្ស៊ី ដើម្បីឲ្យមានការចរចាតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយដែលបញ្ចប់ការសិក្សាមកពីប្រទេសរុស្ស៊ីរូបនេះបានចាត់ទុកថា ការអំពាវនាវរបស់លោក សម រង្ស៊ី នឹងមិនទទួលបានផលនោះទេ៕