ដោយ វ៉ែន សុមេធ
2019-10-31
RFA

អ្នកនាង អេមេលៀ ប៊ែមប៊្រិជ (Amelia Bambridge) ជនជាតិអង់គ្លេស ដែលបាត់ខ្លួនពីកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ សមត្ថកិច្ចបានរកឃើញសាកសព នៅសមុទ្ទខេត្តកោះកុង នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

រូប៖ Instagram របស់អ្នកនាង Amelia Bambridge
អាជ្ញាធរខេត្តព្រះសីហនុ រកឃើញសពភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស AMELIA
អាជ្ញាធរខេត្តព្រះសីហនុឱ្យដឹងថា សមត្ថកិច្ចបានរកឃើញសាកសពស្ដ្រីជនជាតិអង់គ្លេសម្នាក់ នៅរសៀលថ្ងៃទី៣១ ខែតុលា ខណៈដែលស្ដ្រីបរទេសម្នាក់នោះបានបាត់ខ្លួននៅកោះរ៉ុង កាលពីសប្តាហ៍មុន។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣១ ខែតុលាថា សមត្ថកិច្ចរកឃើញសាកសពស្ដ្រីជនជាតិអង់គ្លេសម្នាក់ ស្ដ្រីជនជាតិអង់គ្លេស ដែលបាត់ខ្លួននោះឈ្មោះ អេមេលៀ បាមប៊្រិជ Amelia Bambridge វ័យ ២១ឆ្នាំ រស់នៅក្រុងWorthing ប្រទេសអង់គ្លេស។ នាងបានបាត់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ក្រោយពីនាងទៅកម្សាន្ត នៅតំបន់កោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង អស់រយៈពេល ៣ថ្ងៃ។
លោកឃាង ភារម្យ បដិសេធមិនអធិប្បាយលម្អិត ពីមូលហេតុនៃការស្លាប់នេះ ដោយសារមន្ត្រីជំនាញកំពុងធ្វើកោសល្យវិច័យ និងស៊ើបអង្កេតបន្ថែម៖ «រកឃើញហើយ គេហៅកោះឆ្លាមខេត្តកោះកុង ជាប់ព្រំដែនសមុទ្រថៃ។ ឥឡូវគេកំពុងធ្វើកោសល្យវិច័យអត់ទាន់ឆ្លើយបានទេ។ ដឹកមកលើគោក ដើម្បីឱ្យប៉ូលិសធ្វើកោសល្យវិច័យ»។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅរសៀលថ្ងៃទី៣១ តុលា បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជាក់ស្ដែងរុករកស្ដ្រីបរទេស នៅតំបន់កោះរ៉ុងទាំងមូល និងបែងចែកកម្លាំងសមត្ថកិច្ចស្វែងរកគ្រប់ច្រកល្ហក់ តាមយន្តហោះ តាមបន្ទប់ផ្ទះសំណាក់ និងមុជទឹកក្រោមបាតសមុទ្រជាដើម។
មន្ត្រីនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា បារម្ភថា ករណីនេះ នឹងបង្កប៉ះពាល់ដល់សុវត្ថិភាព និងអារម្មណ៍ភ្ញៀវទេសចរ ជាពិសេសនឹងធ្វើឱ្យវិស័យទេសចរធ្លាក់ចុះមួយកម្រិតទៀត។ លោកជំរុញឱ្យអាជ្ញាធរ ត្រូវបង្ហាញមូលហេតុរឿងនេះឱ្យច្បាស់លាស់ និងត្រូវស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ៖ «នៅរយៈកាលចុងក្រោយនេះ មានព័ត៌មានធ្វើឱ្យប៉ះពាល់វិស័យទេសចរហ្នឹង ដូចជាស្ត្រីបរទេសម្នាក់ នៅខេត្តកំពត រងរំលោភផ្លូវភេទមកលើគាត់។ បន្ទាប់មកមានព័ត៌មាននេះ ថែមទៀតធ្វើឱ្យព្រួយបារម្ភសុវត្ថិភាព អ្នកទេសចរហ្នឹងហើយ។ ដរាបណាសមត្ថកិច្ចនៅតែមិនទាន់បង្ហាញពីមូលហេតុនេះហ្នឹងជាសាធារណៈ ដល់អ្នកតាមដានព័ត៌មានហ្នឹងទេ ចៀសមិនផុតទេប៉ះពាល់វិស័យទេសចរ»។
មន្ត្រីសង្គមស៊ីវិលរូបនេះផ្តល់ទស្សនថា ជនជាតិចិនជាមុខសញ្ញាបង្ក បង្កអសន្តិសុខសង្គមច្រើនជាងគេនៅខេត្តព្រះសីហនុ ហេតុនេះសមត្ថកិច្ចត្រូវពង្រឹងប្រព័ន្ធសុវត្ថិភាព និងអនុវត្តគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាពឱ្យមានសិទ្ធភាពយូរអង្វែង។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ មានស្ដ្រីជនជាតិបារាំងម្នាក់ត្រូវបានជនសង្ស័យ ៣នាក់ ព្រូតគ្នាចាប់រុញនាង ចូលក្នុងរថយន្តនៅពេលយប់រំលងអាធ្រាត្រយកទៅរំលោភបូកបានសម្រេច នៅម្ដុំឆ្នេរមាត់ព្រែកកំពត ក្នុងខេត្តកំពត។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ករណីទាំងនេះ ឆ្លុះបញ្ចាំង ពីការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព របស់អាជ្ញាធរខ្វះចន្លោះច្រើន មិនផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងពលរដ្ឋឱ្យបានពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តរង់ចាំក្រុមហ៊ុនសាងសង់អាគារថ្មីរួច ទើបរុះរើសំណង់កាស៊ីណូជីនទីង
- សមត្ថកិច្ចខេត្តសៀមរាបចាប់បានគ្រឿងញៀនជិត ៣០គីឡូក្រាមពីស្ត្រីជនជាតិថៃ ២នាក់
- នគរបាលរកឃើញគ្រឿងញៀន ១០០គីឡូក្រាមពីជនសង្ស័យ ៤នាក់ នាំចូលពីប្រទេសថៃទៅខេត្តកំពង់ធំ
- កម្មកររោងចក្រ ហ៊ឹង ជីង ព្រមទទួលយកសំណងពីថៅកែ ដើម្បីបញ្ចប់វិវាទការងារ
- សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ជនជាតិចិនពីរនាក់ពីបទបង្ខាំងមនុស្សខុសច្បាប់
- ចំនួននិស្សិតខ្មែរទៅរៀននៅសហរដ្ឋអាមេរិក កើនឡើងជិត ២៩% ក្នុងឆ្នាំ២០១៨
- មតិពលរដ្ឋ ព្រះសង្ឃ និងអ្នកនយោបាយ ក្នុងខួប ៧ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ
- បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ជួបគ្នារៀបចំផែនការតវ៉ាសុំឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ចូលធ្វើការវិញ
- ព្រះសង្ឃថា អាជ្ញាធរខេត្តកំពត ហាមមិនឲ្យបន្តកសាងវត្តមួយ នៅក្នុងជ្រលងភ្នំដំរី ដើម្បីយកទីតាំងវាយថ្មភ្នំ ធ្វើស៊ីម៉ងត៍
- សង្គមស៊ីវិល និងពលរដ្ឋហួសចិត្តដែលក្រសួងថា ផ្លូវខូចបណ្ដាលមកពីបញ្ហាអាកាសធាតុ