ដោយ អៀង សុខម៉ិញ
07/11/2019
RFI

RFI Paris Live (RFI)
គម្រោងមាតុភូមិនិវត្តិន៍របស់លោក សម រង្ស៊ី មិនរំលងភ្នែកអ្នកសារព័ត៌មានអន្តរជាតិទេ។ តាំងពីថ្ងៃប៉ុន្មានមកនេះ សារព័ត៌មានបរទេស បារាំង អង់គ្លេស អាមេរិក ថៃ … បាននាំគ្នាចុះផ្សាយនិងបង្ហាញទស្សនៈ ជុំវិញគម្រោងវិលចូលកម្ពុជារបស់លោក សម រង្ស៊ី។ តើកាសែតបរទេស ចាប់អារម្មណ៍អំពីដំណើរវិលត្រលប់របស់លោក សម រង្ស៊ី យ៉ាងណា ?
បណ្តាញឃោសនាព័ត៌មាន វិទ្យុទូរទស្សន៍បារាំងខ្លះ បានទាក់ទងយកសំឡេង និងជួបសម្ភាសន៍លោកសមរង្ស៊ី ជាបន្តបន្ទាប់ នៅមុនពេលលោកចេញដំណើរ និងតាំងពីមុនទទួលដំណឹងថាលោកសមរង្ស៊ីមិនអាចឡើងយន្តហោះ ចាកចេញពីក្រុងប៉ារីសបានម្ល៉េះ។
កាសែត Libération បារាំង ដែលមាននិន្នាការឆ្វេងនិយម បានដាក់ចំណងជើងធំៗនៅទំព័រកាសែតរបស់ខ្លួនថា “កម្ពុជា ៖ ហានិភ័យដ៏ខ្ពស់នៃការវិលត្រលប់របស់មេដឹកនាំប្រឆាំង” ជាមួយនឹងការរំលេចដោយរូបថតលោក សម រង្ស៊ី ថ្លែងនៅចំពោះមុខសភាសហភាពអឺរ៉ុប កាលពីថ្ងៃទី ៤ វិច្ឆិកាផង។ កាសែតលីបេរ៉ាស្យុងនេះ បានរៀបរាប់លម្អិតថា ប្រមុខដឹកនាំ ប្រឆាំង សម រង្ស៊ី ដែលនិរទេសខ្លួនតាំងពីឆ្នាំ២០១៥មក និងជាសហស្ថាបនិកបក្សសង្គ្រោះជាតិ ប្រកាសត្រលប់ចូលស្រុកវិញ ក្រុមកាន់អំណាចប្រមូលកម្លាំងទ័ពដើម្បីចាប់ខ្លួនគាត់។ “
រដ្ឋាភិបាលបានចាប់ឃុំខ្លួនសកម្មជនប្រឆាំងជាច្រើនសិបនាក់រួចហើយ។ នេះជាការពិតជាក់ស្តែង ហើយខ្ញុំក៏អាចនឹងត្រូវគេចាប់ខ្លួន” នេះជាសម្រង់ប្រសាសន៍លោក សម រង្ស៊ី ក្នុងកាសែតលីបេរ៉ាស្យុងដដែល ដោយអះអាងបន្ថែមទៀតថា “លោកមានទម្លាប់រងការគំរាម បាញ់ប្រហារហើយ ! តាំងពីលោកបង្កើតគណបក្ស រយៈពេល២០ឆ្នាំមក មានសកម្មជនលោកប៨០នាក់បានបាត់បង់ជីវិត ហើយលោកក៏វិះតែនឹងស្លាប់ញយដងដែរ”។ “ដល់វេលាដែលត្រូវធ្វើឱ្យមានការប្តូរផ្លាស់ នាំកម្ពុជាឱ្យដើរតាមគន្លងប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ប្រជាពលរដ្ឋត្រូវរួបរួមគ្នាផ្តួលរបបហ៊ុនសែន ទាហានកុំស្តាប់បញ្ជា និងបាញ់លើប្រជាជនស្លូតត្រង់” ! នេះសុទ្ធសឹងជាសម្រង់ពាក្យសំដីរបស់លោក សម រង្ស៊ី ដែលមានចុះផ្សាយនៅក្នុងកាសែត លីបេរ៉ាស្យុង។
សម រង្ស៊ី អំពាវនាវឱ្យមានការងើបប្រឆាំងនឹងរបបផ្តាច់ការ ! ចុះតើលោកហ៊ានទៅទេ ?! នេះជាសំណួររបស់កាសែតឡឺម៉ុង ដោយដាក់ចំណងជើងអត្ថបទរបស់ខ្លួនថា កម្ពុជាកំពុងអ៊ុតស្ថានការណ៍ ! បើតាមកាសែតឯករាជ្យឡឺម៉ុង មិនមែនមានតែពលរដ្ឋទេ សូម្បីតែប្រមុខរដ្ឋាភិបាលផ្ទាល់ ក៏កំពុងអន្ទះសា ចាំថ្ងៃទី៩វិច្ឆិកា។ កាសែតនេះបានចុះផ្សាយទៀតថា បើតាមប្រភពសុំមិនបញ្ចេញឈ្មោះមកពីខាងរដ្ឋាភិបាល អ្នកកាន់អំណាចបានប្រើគ្រប់វិធានការទប់ស្កាត់ការវិលត្រលប់របស់លោក សមរង្ស៊ី និងខ្លាចមានហេតុការណ៍រាលដាលទៅធំ ក្លាយជាបាតុកម្មហិង្សា។ ប៉ុន្តែថ្វីបើនៅក្នុងគណនីហ្វេសប៊ុក លោក សម រង្ស៊ី បានអះអាង ត្រៀមបូជាសេរីភាព និងជីវិតផង ក៏ដោយ ក៏កាសែតឡឺម៉ុង យល់ថាលោក សម រង្ស៊ី ជាមនុស្សប្រយ័ត្នប្រយែង “មិនឱ្យគេចាប់ដោយត្រង់ៗនៅព្រលានយន្តហោះឡើយ”។ សម្រង់សំដីនេះ ជាអ្វីដែលកាសែតឡឺម៉ុងបានទទួលដោយផ្ទាល់ពីលោក សម រង្ស៊ី តាមសារអ៊ីមែលថ្ងៃទី ២២តុលា។
TV5MONDE វិទ្យុបារាំងអន្តរជាតិជាភាសាបារាំង ក៏បានជួបសម្ភាសន៍ និងចេញផ្សាយ អំពីគម្រោងវិលត្រលប់របស់លោក សម រង្ស៊ី ដែរ។ RFI ជាភាសាបារាំងដាក់ចំណងជើងថា “មេដឹកនាំប្រឆាំង សម រង្ស៊ី ចង់ទម្លាយស្ថានភាពនៅកម្ពុជា។ ចំណែក TV5Monde វិញ ដែលបានជួបសម្ភាសន៍ជាមួយ សម រង្ស៊ី ម្សិលមិញ បានចោទជាសំណួរថា តើការវិលត្រលប់របស់លោក សម រង្ស៊ី ជាដំណើរដែលមិនអាចធ្វើទៅកើតឬ ?!
ក្រៅអំពីកាសែតបារាំង នៅមានកាសែតបរទេសផ្សេងទៀត ក៏មានបញ្ចេញទស្សនៈជុំវិញការវិលត្រលប់របស់លោក សម រង្ស៊ី ដែរ។ គ្មានជម្រើស៖ សម រង្ស៊ី ដាច់ខាតត្រលប់ចូលប្រទេស ! នេះជាចំណងជើងរបស់ Aljazeera។ កាសែតអង់គ្លេស The Guardian បានដាក់ចំណងជើងធំៗថា ការបង្ក្រាបនៅកម្ពុជាប្រឆាំងការវិលត្រលប់របស់មេប្រឆាំង ។ ចំណែកកាសែត Bangkok Post បានប្រកាសនៅចំណងជើងអត្ថបទចេញផ្សាយនៅថ្ងៃម្សិលមិញថា ប្រាយុទ្ធ រារាំង សមរង្ស៊ី៕