អង្គការ​សង្គម​ស៊ី​វិល​ចង់​ឃើញ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​ការ​បង្រ្កាប​អំ​ពើ​ជួញ​ដូរ​មនុស្ស​ទៅ​ចិន

ដោយ អូន ភាព
2019-11-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ី​វិល​ចង់​ឃើញ​រដ្ឋាភិបាល​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​ឲ្យ​បាន​សកម្ម ជា​ពិសេស ជួយ​ស្រ្តី​ខ្មែរ​ដែល​កំពុង​រង​គ្រោះ​នៅ​ប្រទេស​ចិន។ ការ​លើក​ឡើង​កង្វល់​របស់​សង្គម​ស៊ីវិល​នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ អគ្គ​ព្រះរាជ​អាជ្ញា អាស៊ាន-ចិន​លើក​ទី១២។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​សន្និសីទ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​នេះ​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ដោះ​ស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​សកល​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា ប្រទេស​សមាជិក​អាស៊ាន-ចិន ត្រូវ​មាន​គោល​ការណ៍​រួម​មួយ ឯកភាព​គ្នា សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព។

លោក ហ៊ុន សែន ​បញ្ជាក់​ថា ប្រទេស​សមាជិក​អាស៊ាន កំពុង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ដែល​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ប្រកប​ដោយ​គ្រោះថ្នាក់ ហើយ​កំពុង​រីក​រាល​ដាល​នៅ​ក្នុង​តំបន់។

ទោះ​បី​ជា​យ៉ាង​ណា ​ អនុ​ប្រធាន​ផ្នែក​ស្រី្ត​ និង​កុមារ​ នៃ​សមាគម អាដហុក អ្នក​ស្រី មាស សាអ៊ីម បាន​ប្រាប់​អា​ស៊ី​សេរី​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​ការ​​​នេះ​តែ​​នៅ​ក្នុង​ប្រ​ទេស​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​សកម្ម​ក្នុង​ការ​សង្គ្រោះ​ស្រ្តី​ខ្មែរ​ដែល​កំ​ពុង​រង​គ្រោះ​​នៅ​ប្រទេស​ចិនឡើយ​។

អ្នក​ស្រី​ថា​ស្រ្តី​​ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាន​បាត់​បង់ពត៌​មាន​ក្នុង​​ការ​ទាក់​ទងនៅ​ក្នុង​ប្រ​ទេស​ចិន បើ​ទោះ​បី​ដឹង​ទី​តាំង​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ​ក៍​ដោយ​ គឺ​មិន​អាច​សង្រ្គោះ​បាន​ទាន់​ពេល​នៅ​ឡើយ។

អ្នក​ស្រី​បញ្ជាក់ថា ​មេខ្យល់​បាន​ប្រើ​ល្បិច​កល់​ច្រើន​នៅ​ក្នុង​ការ​នាំ​ស្រ្តី​ខ្មែរ​ទៅ​ប្រទេស​ចិន ដូច​ជា​​តាមផ្លូវ​គោកជា​ដើមហើយ​​ច្រក​របៀងមួយ​ចំនួន​​ក៍​មាន​អំ​ពើ​ពុក​រលួយ​កើត​ឡើង​ផង​ដែរ​ ទើប​ធ្វើ​ឲ្យ​មេ​ខ្យល់​អាច​នាំ​ស្រ្តី​ខ្មែរ​ទៅ​ប្រទេស​ចិន​បាន៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​មិន​មែន​មិន​ដឹង​ទេ​លោក​ដឹង ​ប៉ុន្តែ​បញ្ហា​ត្រង់​ថា​ច្បាប់​នៅ​ស្រុក​ចិន​ និង​ច្បាប់​នៅ​ស្រុក​ខ្មែរ ការ​បក​ស្រាយ​របស់​គាត់​ផ្សេង​គ្នា ហើយ​យន្តការ​ពិត​ប្រា​កដ​នៅ​ក្នុង​ការ​ការ​ពារ​ស្រ្តី​រង​គ្រោះ​ខ្មែរ​ដែល​ត្រូវបាន​​គេ​ជួញ​ដូរពិត​ប្រា​កដ​នៅ​ស្រុក​ចិន​នោះ​គឺ​អត់​ត្រូវ​បាន​មាន​ដំណោះ​ស្រាយ​ពេញ​លេញ​នៅ​ឡើយ​ទេ»

ថ្មី​ៗ​នេះ​ស្ថាន​កុង​ស៊ុល​ចិន​បាន​រឹត​បន្តឹង​ក្នុង​ការ​ចេញទិដ្ឋាការ​​​ ប្រភេទ ​ទេស​ចរណ៍​ ហើយ​បាន​តម្រូវ​ឲ្យ​មាន​ប្រាក់​តម្កល់​ និង​មាន​លិខិត​បញ្ជាក់​អាពាហ៍​ពិពាហ៍​ច្បាស់​លាស់  ​ប៉ុន្តែ​មេ​ខ្យល់​ឥឡូវ​បាន​នាំ​ស្រ្តី​ខ្មែរ​ទៅ​ប្រទេស​ចិន​តាម​ច្រក​ប្រទេស​វៀត​ណាម​ ឬ​ប្រទេស​ភូមា​ ដែល​ធ្វើ​ឲ្យ​ស្រ្តី​ខ្មែរ​ងាយ​រង​គ្រោះ​កាន់​តែ​ខ្លាំង​។

អ្នក​ស្រី​បន្តថា​យន្ត​ការ​របស់​កម្ពុជា​នៅ​មាន​កម្រឹត​ក្រោម​ប្រទេស​ផ្សេងៗ​ក្នុង​តំ​បន់​អាស៊ាន ​ហើយ​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​ងាយ​រង​គ្រោះ​មាន​កម្ពុជា​ ឡាវ ​និង​ភូមា​ ​គឺ​ជា​ប្រ​ទេស​ដែល​ងាយ​រង​គ្រោះ​ជាង​គេ​ ​នៅ​ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​ខាង​ក្រៅ​ប្រទេស៖ «រូប​ភាព​ពី​ខ្មែរ​ទៅ​គឺ​ឆ​បោកនិង​ជួញ​ដូរ​ ប៉ុន្តែ​ច្បាប់​ចិន​គិត​ថា​ជា​ការ​រៀប​អា​ពាហ៍​ពិពាហ៍​ នៅ​មាន​ស្រ្តី​ច្រើន​ដែល​កំពុង​រង​គ្រោះ​ហើយ​កំពុង​បាត់​ដំណឹង​ ទាក់​ទង​អត់​បាន​ព្រោះ​យើង​អត់​ដឹង​ច្បាស់ ហើយ​ជន​រង​គ្រោះ​មួយ​ភាគ​តូច​ដែល​យើង​នៅ​ទាក់​ទង​បាន​នោះ​ក៍​មិន​ទាន់​បាន​សង្គ្រោះ​ទាន់​ពេល​នៅ​ឡើយ​ដែរ»

របាយការណ៍ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល ៦ខែ​ដើម​ឆ្នាំ​នេះ​ប៉ូលិស​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ២៦៣នាក់​ពី​ការ​រំលោភ​ផ្លូវ​ភេទ ដែល​មាន​ការ​កើន​ឡើង​ជិត ១៥០ភាគ​រយ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ករណី​ទាំង​នោះ​មាន​កុមារ​ចំនួន ៧០ នាក់ ដែល​មាន​អាយុ​ក្រោម ១៥ឆ្នាំ​មាន​ជន​រង​គ្រោះ​ចំនួន ៣១នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ១៨ឆ្នាំ។

អាស៊ី​សេរី​ព្យា​យាម​សុំ​ការ​បំ​ភ្លឺ​ពី​​លោកស្រី​ ​ជូ ប៊ុន​អេង ​អនុ​ប្រធាន​គណ:កម្មការ​ជាតិ​ ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ នៃ​ក្រសួង​មហាផ្ទៃ​នៅថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ មិន​មាន​អ្នក​ទទួល។​

អ្នក​ស្រី មាស សាអ៊ីម បន្ថែម​ទៀត​ថា សព្វថ្ងៃ​​មាន​ស្រ្តី​ខ្មែរ​ប្រ​មាណ ១០នាក់​ ជា​ជន​រងគ្រោះ​នៃ​ការ ជួញ​ដូរ​មនុស្ស ដែល​កំពុង​ជាប់​ផុង​នៅ​ប្រទស​ចិន​មិន​ទាន់​មាន​ការ​ជួយ​សង្គ្រោះ​បាន​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles